
លោកស្រីពុង ឈីវហ្គេច ប្រធានអង្គការលីកាដូ បានជួបស្រ្តីជាអ្នកទោស
គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់ នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា NGO-CEDAW ( អ៊ិនជីអូ ស៊ី ដរ ) បានរៀបចំសន្និសីទរយៈពេលមួយថ្ងៃ នៅទីក្រុងភ្នំពេញ នាថ្ងៃទី២៩វិច្ឆិកា។ ជាការជួបជុំ ដែលមានការចូលរួមពីសកម្មជនដីធ្លី និងសកម្មជនអង្គការសង្គមស៊ីវិល ដើម្បីបង្ហាញនូវអនុសាសន៍របស់អង្គការសហប្រជាជាតិ ចំពោះការទប់ស្កាត់អំពើហិង្សា ការរំលោភបំពានផ្លូវភេទ និងការរើសអើងលើស្រី្តភេទ ជាដើម។
សកម្មជនដែលធ្វើការដើម្បីសិទ្ធិរបស់ស្ត្រី ក្នុងប្រទេសកម្ពុជា រួមទាំងស្ត្រីសកម្មជនដីធ្លី ដូចជា អ្នកភូមិបឹងកក់ និងស្ត្រីអ្នកភូមិបុរីកីឡា ជាដើម បានអង្គុយ ជួបជុំគ្នា ដើម្បីពិភាក្សាបញ្ហាសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធក្នុងការតស៊ូមតិ និងដើម្បីពិភាក្សាលើវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដោយរដ្ឋាភិបាលកម្ពុជា និងដោយសង្គមស៊ីវិល។
នោះគឺអនុសាសន៍របស់អង្គការសហប្រជាជាតិ ធ្វើការខាងស្ត្រី ចំនួន ៥២ ចំណុច ដែលបានបញ្ជូនមកកម្ពុជា ក្រោយពីរដ្ឋាភិបាល និងសង្គមស៊ីវិល បានដាក់របាយការណ៍ស្តីពីសិទ្ធិមនុស្ស ពិសេសសិទ្ធិស្ត្រី កាលពីដើមខែតុលាកន្លងមក។
អនុសាសន៍ទាំងនោះ រួមមាន៖ អំពើហិង្សាផ្លូវភេទលើស្ត្រី កង្វះការទទួលបានសេវាថែទាំសុខភាព ចំពោះស្ត្រីក្រីក្រ កម្មករចំណាកស្រុកបម្រើការងារតាមផ្ទះ ស្ត្រីពិការ និងស្ត្រីជរា បញ្ហាស្ត្រីបម្រើការងារ ក្នុងរោងចក្រកាត់ដេរ និងបញ្ហាស្ត្រី ដែលប្រឈមនឹងរងគ្រោះ ដោយការបណ្តេញចេញដោយបង្ខំ។ល។ និង។ល។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ និងជាប្រធានអង្គការ NGO-CEDAW បានលើកឡើងថា ការតស៊ូមតិរបស់សង្គមស៊ីវិល ដើម្បីការពារ និងលើកស្ទួយសិទ្ធិស្ត្រី ត្រូវការកិច្ចសហការពីអាជ្ញាធររដ្ឋាភិបាល។ ក្នុងនោះ យើងក៏ចង់កុំឲ្យមានការរើសអើង លើស្ត្រី បញ្ឈប់អំពើហិង្សាលើស្ត្រី ការរំលោភសេពសន្ថវៈ ការជួញដូរស្ត្រី បញ្ហាសុខភាពរបស់ស្ត្រី ការលើកកម្ពស់អប់រំដល់ស្ត្រី និងបញ្ឈប់ការបណ្តេញ ជាដើម។
បញ្ហារបស់ស្ត្រីក្នុងសង្គមកម្ពុជា ដូចជា អំពើហិង្សា និងការរើសអើង ក៏ត្រូវបានលោកស្រី ពុង ឈីវកេក កត់សម្គាល់ថា នៅមានបញ្ហាធ្ងន់ធ្ងរ។ អំពើហិង្សាលើស្ត្រី ការជួញដូរ និងការរំលោភសេពសន្ថវៈ នៅតែកើតមាន ហើយជនល្មើសមិនត្រូវបានចោទប្រកាន់ ចាប់ខ្លួន មកយកកាត់ទោសទេ។
អំពីអនុសាសន៍កន្លងមក របស់អង្គការសហប្រជាជាតិ លើកិច្ចការលើកកម្ពស់សិទ្ធិស្ត្រី នៅកម្ពុជា ក៏ត្រូវបានលោកស្រី ពុង ឈីវកេក គូសបញ្ជាក់ថា រដ្ឋាភិបាលអនុវត្តបានខ្លះ តែនៅខ្វះច្រើនចំណុច៕
No comments:
Post a Comment
yes