សមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង មកពីគណបក្ស សម រង្ស៊ី គ្រោងប្ដឹងមន្ត្រីគណបក្សប្រជាជនកម្ពុជា បីនាក់ ដាក់ទៅតុលាការខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែឧសភា ដោយចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា តាមរយៈការប្រើក្រុមក្មេងស្ទាវចំនួនបីនាក់ទៅវាយស្ត្រីម្នាក់ជាសកម្មជនគណបក្ស សម រង្ស៊ី នៅពេលស្ត្រីរូបនោះ ដើរចែកខិតប័ណ្ណឃោសនារកសំឡេងឆ្នោតនៅក្រុងបាត់ដំបង។
ជនដែលរងការចោទប្រកាន់នេះ មានឈ្មោះ សួន សុខេន ជាចៅសង្កាត់ស្វាយប៉ោ ឈ្មោះ នូ នារី ជាសកម្មជនគណបក្សប្រជាជនកម្ពុជា ឈ្មោះ ធី រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបក្សពួកក្រុមក្មេងស្ទាវបីនាក់ទៀត មិនស្គាល់ឈ្មោះ ដែលជាជនដៃដល់។
លោកស្រី ឃី ម៉េងលីន អាយុ ៣៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង រស់នៅភូមិខ្សាច់ពោយ សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកស្រីថ្លែងថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង ១០ និង ៤៥នាទី មានក្មេងស្ទាវចំនួនបីនាក់ ក្នុងសំលៀកបំពាក់អាវយឺត និងមួក មានស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា បានជិះម៉ូតូតាមឆាបរកបុករូបគាត់ និងបានវ៉ៃ ១ដៃចំដើមទ្រូង និងឆ្អឹងដងកាំបិតខាងស្ដាំ ខណៈដែលគាត់កំពុងដឹកនាំក្បួនសមាជិកគណបក្ស សម រង្ស៊ី ឃោសនានៅចំណុចរ៉ាជង្រុក ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកស្រី ឃី ម៉េងលីន៖ «ខ្ញុំក៏ដួលអុកគូថទៅនឹងដី ខ្ញុំងើបមកវិញ ខ្ញុំយំខ្ញុំដើរចេញមក ខ្ញុំពោលពាក្យ សំដីថា បងអ្ហែងម៉េចបានឲ្យកូនចៅបងអ្ហែងមកធ្វើបាបខ្ញុំអ៊ីចឹង ស្រីដូចគ្នា! គាត់មិនគួរច្រានខ្ញុំអ៊ីចឹងទេ»។
លោកស្រី នូ នារី អតីតចៅសង្កាត់ស្វាយប៉ោយ និងបច្ចុប្បន្នជាបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ៖ «ខ្ញុំអត់មានដឹងទេថ្ងៃហ្នឹង ខ្ញុំដឹងតែខ្ញុំហែក្បួនទៅដល់កន្លែងឈប់ ស្រែកជ័យឃោស ហើយឲ្យកូនក្មេងចែកប័ណ្ណ ហើយព្រឹត្តិការណ៍អីផ្សេងៗខ្ញុំអត់ដឹង។ ខ្ញុំក៏បបួលកូនក្មេងឡើងឡានខ្ញុំហែតទៅទៀត»។
លោក អាល សារៈ ជាបេក្ខជនឈរឈ្មោះលេខរៀងទី៤ របស់គណបក្ស សម រង្ស៊ី នៅសង្កាត់ស្វាយប៉ោ បានបញ្ជាក់ថា ក្រុមក្មេងដែលបានវាយទៅលើសកម្មជនគណបក្ស សម រង្ស៊ី នោះ គឺជាក្រុមអ្នកដង្ហែក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជា ព្រោះនៅពេលកើតហេតុនោះ រូបលោក នៅទីនោះដែរ។
លោក អាល សារៈ៖ «មួយសន្ទុះឃើញ ម៉េងលីន រត់ដេញទៅតាម ជាមួយនឹងឈ្មោះ ប៊ុន ធឿន មិនដឹងយ៉ាងម៉េចស្រាប់តែបកមកប្រាប់ខ្ញុំវិញថា នូ នារី ហ្នឹង បានច្រានគេអុកគូថ…»។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង លោក វន ពន បានថ្លែងថា គណៈកម្មការ រៀបចំការបោះឆ្នោតបានដឹងពីករណីនេះ ហើយខាងគណបក្ស សម រង្ស៊ី ក៏បានលើកបញ្ហានេះនៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ដែរ ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោត ពុំមានតួនាទីក្នុងការដោះស្រាយបញ្ហាទេ ព្រោះជារឿងព្រហ្មទណ្ឌ។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បានថ្លែងថា ករណីនេះជាករណីព្រហ្មទណ្ឌ ចាំបាច់ជនរងគ្រោះត្រូវប្តឹងទៅតុលាការ៖ «ការធ្វើនេះវាមានរចនាសម្ព័ន្ធឲ្យប្រព្រឹត្ត។ ខ្ញុំយល់ឃើញថា វាជារឿងនយោបាយ»។
លោកស្រី ឃី ម៉េងលីន ជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង និងជាសកម្មជនគណបក្ស សម រង្ស៊ី បានបញ្ជាក់ថា លោកស្រីនឹងប្ដឹងសុំឲ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់ ដាក់ទណ្ឌកម្មទៅជនពាក់ព័ន្ធ ជនដៃដល់ និងទាមទារសំណងជំងឺចិត្តជាប្រាក់ចំនួន ៨លានរៀល៕
No comments:
Post a Comment
yes