សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 19, 2013

បក្ស​ប្រឆាំង​ប្រកាស​ធ្វើ​បាតុកម្ម២ដង​នៅ​ចុង​ឆ្នាំ

131119_04
សកម្ម​ភាព​លោក សម​ រង្ស៊ី និង លោក កឹម សុខា​ ក្នុង​ហ្វូង​​បាតុករ​​គាំ
ទ្រ​​កន្លង​មក​។ រូប វីរៈ​
មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​រវាង​កម្មករ​រោងចក្រ​កាត់ដេរ​និង​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​បណ្តាល​ឲ្យ​ស្រ្តី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ពីរ​លើក​ទៀត ក្នុង​ខែ ធ្នូ ខាង​មុខ​នេះ ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​ចូល​រួម​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ។
ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​នៅ ភ្នំពេញ និង​ខេត្ត កំពត កាល​ពី​ចុង​សប្តាហ៍​មុន លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ដល់​កម្មករ​និង ប្រជាជន​ឲ្យ​ចូល​រួម​ក្នុង​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដែល​នឹង​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ឆាប់ៗ ខណៈ​ដែល​គណបក្ស​នេះ​កំពុង​រង់ចាំ​កម្មវិធី​ចរចា​ជា​ថ្មី​ជាមួយ​នឹង​គណបក្ស កាន់​អំណាច ប៉ុន្តែ មេ​ដឹក​នាំ​ទាំង​ពីរ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ពិត​ប្រាកដ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​ទេ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​លោក​ស្រី មូរ សុខហួរ អគ្គ​នាយក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
នៅ​ពេល​ទាក់ទង​កាល​ពី​ម្សិលមិញ លោក​ស្រី មូរ សុខហួរ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​មហា​បាតុកម្ម​ពីរ​ដង​នៅ​ថ្ងៃ ទី១០ ខែ ធ្នូ និង​ចុង​ខែ ធ្នូ ម្តង​ទៀត ហើយ​បាតុកម្ម​នៅ​ថ្ងៃ ទី១០ ខែ ធ្នូ នឹង​ធ្វើ​រយៈ​ពេល​មួយ​ថ្ងៃ​នៅ​សួន​សេរីភាព ជិត វត្តភ្នំ ដោយ​គ្មាន​ការ​ដើរ​ដង្ហែ​ក្បួន​ដើម្បី​ទាមទារ​យុតិ្តធម៌​ជូន​អ្នក​បោះឆ្នោត​និង​យុត្តិធម៌​ជូន​ស្រ្តី​ដែល​គេ​បាញ់​សម្លាប់​ដោយ​កង​កម្លាំង​រដ្ឋាភិបាល​ឡើយ។

លោក​ស្រី​បាន​បន្ថែម​ថា មហា​បាតុកម្ម​ទូទាំង​ប្រទេស​រយៈ​ពេល​វែង​នឹង​ធ្វើ​នៅ​ចុង​ខែ ធ្នូ ក្នុង​ករណី​ការ​ចរចា​ដើម្បី​ដោះស្រាយ​ការ​ជាប់​គាំង​ខាង​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បរាជ័យ ហើយ​ថា បាតុកម្ម​នេះ​នឹង​ដើរ​ដង្ហែ​តាម​ផ្លូវ​សាធារណៈ។
ថ្លែង​ទៅ​កាន់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ស្រុក អង្គរជ័យ ខេត្ត កំពត នៅ​ថ្ងៃ​អាទិត្យ លោក សម រង្ស៊ី បាន​បញ្ជាក់​ជំហរ​ជា​ថ្មី​របស់​ខ្លួន​ថា ខ្លួន​មិន​ឯកភាព​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា ដរាប​ណា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​មិន​ទាន់​ដោះស្រាយ​ដើម្បី រក​យុតិ្តធម៌​ជូន​អ្នក​បោះឆ្នោត​ទេ ដោយ​លោក​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ទៀត​ដែល​ធំ​ជាង​មហា​បាតុកម្ម​លើក​មុន។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន ដឹង​ខ្លួន​ថា ខ្លួន​ចាញ់ ដូច្នេះ​បង្ខំ​យើង​ឲ្យ​ទទួល​យក​លទ្ធផល ដែល​គណបក្ស​ប្រជាជន​ឈ្នះ គ្មាន​អ្នក​ណា​យល់​ព្រម​ទេ​។ ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​ប្រមូល​កម្លាំង ជំរុញ​ប្រជាជន​នៅ​ថ្នាក់​មូលដ្ឋាន ដើម្បី​ទាមទារ​អំណាច​មក​វិញ។ ពេល​នេះ ធ្វើ​ធំ​ណាស់ ធ្វើ​ទូទាំង​ប្រទេស។ ត្រៀម​ក្រោក​ឈរ​ឡើង»។
កាល​ពី​ថ្ងៃ ទី១៦ ខែ វិច្ឆិកា លោក សម រង្ស៊ី ដែល​បាន​ចុះ​ទៅ​វត្ត ស្ទឹង​មាន​ជ័យ ដែល​នៅ​ជិត​កន្លែង​មាន​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម រវាង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ SL លោក សម រង្ស៊ី នៅ​ចំពោះ​មុខ​ព្រះសង្ឃ និង​មនុស្ស​រាប់​រយ​នាក់ បាន​ថ្លែង​អំពាវនាវ​ដល់​កម្មករ និង​ប្រជាជន​ឲ្យ​ចូល​រួម​មហា​បាតុកម្ម​ទូទាំង​ប្រទេស ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ស្រប​ទៅ​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន។
លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​ទាំង​អស់​គ្នា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​បាតុកម្ម​មួយ​ទៀត ហើយ​បាតុកម្ម ដែល​យើង​រៀបចំ គឺ​ធំ​ជាង​មុន គឺ​សង្ក្រោះ​ជាតិ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ»។
ប៉ុន្តែ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា មហា​បាតុកម្ម​ដើម្បី​សម្តែង​មតិ​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ ប៉ុន្តែ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ ឬ​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង ទុក​ឲ្យ​តុលាការ​ប្រើ​តួនាទី​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ។
លោក​បាន​បន្ថែម​ថា៖ «ប្រសិន​បើ​បាតុកម្ម​ក្នុង​ទិស​ដៅ​សម្តែង​ឆន្ទៈ​នយោបាយ ឬ​សេរីភាព​បញ្ចេញ​មតិ វា​មិន​ថ្វី​ទេ។ ប៉ុន្តែ ប្រសិន​បើ​បាតុកម្ម​ដើម្បី​កាន់​កាប់​ទ្រព្យ​សាធារណៈនិង​ផ្លូវ គឺ​ខុស​ច្បាប់។ រាជ​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​នោះ​ទេ»។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា គាំទ្រ​បាតុកម្ម​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​រដ្ឋាភិបាល​គួរ​ចូល​រួម​ការពារ​សន្តិសុខ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជួយ​ជំរុញ​ឲ្យ​រក​យុតិ្តធម៌​ជូន​ជន​រងគ្រោះ។
លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្វាគមន៍ [ការ​ទាមទារ​នេះ]។ វា​ជា​សិទិ្ធ​របស់​គាត់​ដែល​មិន​ខុស​ច្បាប់​ទេ។ ក្នុង​តុលាការ​ខ្មែរ គ្មាន​អ្នក​ណា​ម្នាក់​ជឿ​ថា នេះ​ចាំ​បាច់​ដើម្បី​ទាមទារ​ទេ។ ប្រសិន​បើ​គ្មាន​អ្នក​ណា​ម្នាក់​ទាមទារ វា​គ្មាន​អ្វី​ទៀត​ទេ តុលាការ​នឹង​ជិះ​សេះ​លែង​ដៃ»។
ទាក់​ទង​នឹង​ការ​ចរចា លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ ទទួល​បន្ទុក​ចរចា និង​លោក ព្រុំ សុខា រដ្ឋ​លេខាធិការ​ក្រសួង មហាផ្ទៃ ដែល​ជា​ប្រធាន​ក្រុម​ចរចា​បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ។
នៅ​ថ្ងៃ ទី៥ ខែ វិច្ឆិកា គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ចរចា​គ្នា ប៉ុន្តែ​ការ​ចរចា​រវាង​ភាគី​ទាំង​ពីរ​ពុំ​មាន​ភាព​ជឿន​លឿន​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ឱសានវាទ​សម្រាប់​ការ​ចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន ដោយ​ព្រមាន​ថា ខ្លួន​ទុក​ពេល​ចរចា​ជា​ថ្មី​ជាមួយ​នឹង​គណបក្ស​ប្រជាជន រហូត​ដល់​ចុង​ឆ្នាំ​នេះ ប្រសិន​បើ​ការ​ចរចា​នៅ​តែ​មិន​ជោគជ័យ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈប់​វិល​ត្រឡប់​ទៅ​ចរចា​ទៀត​ហើយ៕ 

No comments:

Post a Comment

yes