សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 20, 2013

សាលារាជធានី​ភ្នំពេញអញ្ជើញ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​ប្រជុំ​​នៅ​ព្រឹកថ្ងៃ​ទី​២១​ធ្នូ​​

ថ្នាក់ដឹកនាំគណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​មហាបាតុ​កម្ម​នា​ពេល​កន្លង​មក 
(រូបថត តាំង វីដា)

សាលា​រាជធានី​ភ្នំពេញ អញ្ជើញ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រជុំ​នៅ​ថ្ងៃទី​២១​ខែ​ធ្នូ ស្អែក​​នេះ ជុំវិញ​ការគ្រប់គ្រង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី​របស់​គណ​បក្ស​នេះ ដើម្បី​ពង្រឹង​សន្តិ​សុខ ​សណ្តាប់ធ្នាប់​​សាធារណៈ​។​
​នៅក្នុង​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ផ្ញើជូន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា ការ​រៀប​ចំ​​សំដែង​​មតិ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល ៥​ថ្ងៃ​កន្លងមកនេះ នៅ​មាន​ប្រការ​​មិន​ប្រក្រតី​មួយចំនួន ដែល​ចាំបាច់​ត្រូវ​កែ​លម្អ​បន្ទាន់ ដូច​ជា បញ្ហា​បរិស្ថាន​អនាម័យ​នៅ​ទីលាន​ប្រជាធិបតេយ្យ​និង​សួនច្បារ​សាធារណៈ ការងារ​​សន្តិសុខ​និង​សណ្តាប់ធ្នាប់​ចរាចរណ៍​​តាម​ផ្លូវ ការ​​គ្រប់​គ្រង​កម្លាំង​អ្នកចូលរួម​បាតុកម្ម និង​ការសម្តែង​មតិ​ប្រើ​ពាក្យសម្តី​ប៉ះពាល់​ដល់​សិទ្ធ​បុគ្គល​យ៉ាង​​ធ្ងន់ធ្ងរ ដែល​ជា​ការប្រមាថ​មួយ​ប្រាសចាក​ពី​ព្រំដែន​នៃ​សិទ្ធិ​​​​​បញ្ចេញមតិ​ដែល​មានចែង ​ក្នុង​ច្បាប់​។
​លិខិត​ដដែល បន្ត​ដោយ​អញ្ជើញ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជួប​​ប្រជុំ​ពិភាក្សា​​ជាមួយ​​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៣ វេលា​​ម៉ោង ៩​ព្រឹក នៅ​សាលា​​​​រាជធានី​​ភ្នំពេញ ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ​បាល​រាជធានី​ភ្នំពេញ និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការធានា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្រប​​ទៅតាម​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។

គណបក្សសង្គ្រោះជាតិ បាន​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ រយៈពេល​៥​ថ្ងៃ​មក​ហើយ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ​នេះ ដោយបាន​ដង្ហែ​ក្បួន​ទៅកាន់​តំបន់​នានា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​​ទាម ​ទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ និង​ជំរុញ​ឲ្យ​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ តែ​ទោះ​ជា​យ៉ាង​​ណា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ការ​ទាម​ទារ​នេះ ដោយ​លោក​ថា ​ការបោះឆ្នោត​ឡើង​វិញ ​មិន​​អាច​​ធ្វើ​ទៅ​បាន​​ទេ ព្រោះ​សភា​បច្ចុប្បន្ន​​មិន​ត្រូវបាន​រំលាយ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

No comments:

Post a Comment

yes