សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 17, 2013

ស្ត្រី​ខ្មែរ​២នាក់​ត្រូវ​មេ​បន​ល្បែង​នៅ​ថៃ​ចាប់​សម្រាត​វាយ​ធ្វើ​បាប

131217_09a
ស្រី​ខ្មែរ​រងគ្រោះ​ដែល​សាច់​ញាតិ​អះអាង​ថារង​ការ​ធ្វើ​ទារុណកម្ម​
អាដហុក​
ស្រ្តី​ខ្មែរ ២ នាក់​ជា​អ្នក​បម្រើ​ក្នុង​បន​ល្បែង​មួយ នៅ​ទីក្រុង បាងកក ប្រទេស ថៃ ត្រូវ​ថៅកែ​ចាប់​បង្ខាំង​សម្រាត​វាយ​ធ្វើ​បាប​យ៉ាង​ព្រៃផ្សៃ ជិត ២ សប្តាហ៍​ហើយ ព្រោះ​តែ​ត្រូវ​ចោទ​ថា លួច​លុយ​នៅ​ក្នុង​ក្លិប ៧ លាន​បាត​នោះ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ប្តឹង​មក​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត បន្ទាយ​មាន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍​នាំ​នាង​មក​ស្រុក​វិញ​កាល​ពី​ព្រឹក​ថ្ងៃ ម្សិលមិញ។
លោក ឈុំ សុភាព អាយុ ៤៦ ឆ្នាំ ជា​បង​ថ្លៃ​ស្រ្តី​រងគ្រោះ​មាន​លំនៅ​ភូមិ ប្រាសាទ ឃុំ អូរប្រាសាទ ស្រុក មង្គលបុរី ខេត្ត បន្ទាយ​មាន​ជ័យ រៀបរាប់​ថា ប្អូន​ថ្លៃ​ស្រី​គាត់​ឈ្មោះ ផាត់ សុមេសា ហៅ ស្រី ដែន អាយុ ៣២ឆ្នាំ នៅ​ស្រុក​ថៃ ហៅ នីតា ជា​ស្រ្តី​មេម៉ាយ​មាន​លំនៅ​ភូមិ ផាស៊ីស្រា ឃុំ ឫស្សីក្រោក ស្រុក មង្គលបុរី ខេត្ត បន្ទាយ​មាន​ជ័យ ត្រូវ​ម្ចាស់​បន​ល្បែង​នៅ​ទីក្រុង បាងកក ចាប់​សម្រាត​ឃុំ​ខ្លួន ក្នុង​បន្ទប់​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ។
លោក​ប្រាប់​ថា ប្អូន​ថ្លៃ​គាត់​បាត់​ដំណឹង​ជាង​មួយ​សប្តាហ៍​ហើយ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​គាត់​ក៏​បាន​មក​ប្តឹង​នៅ​ស្នាក់ការ​សមាគម អាដហុក នៅ​ខេត្ត បន្ទាយ​មាន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​អំពើ​ទារុណកម្ម​នោះ ព្រោះ​ជន​រងគ្រោះ​ទាំង ២ នាក់ ត្រូវ​ម្ចាស់​បន​ល្បែង​ថៃ ចាប់​បង្ខាំង​សម្រាត​និង​វាយ​ធ្វើ​បាប​សាហាវ​ព្រៃផ្សៃ​ខ្លាំង​ណាស់។

លោក​ប្រាប់​ថា៖ «គេ​សម្រាត​ប្អូន​ស្រី​ខ្ញុំ​ខ្លួន​ទទេ នៅ​សល់​តែ​ខោ​លីអូ​មួយ​ទេ ព្រម​ទាំង​វាយ​ដំ​លើ​រាងកាយ​ផង។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា គេ​ឃុំ​នាង​ដោយ​សារ​គេ​ចោទ​ថា ពួក​នាង​លួច​លុយ​គេ ៧ លាន​បាត​ហើយ​រឿង​រ៉ាវ​យ៉ាង​ណាៗ​នោះ ខ្ញុំ​មិន​បាន​ដឹង​ច្បាស់​ដែរ​ទេ។ ខ្ញុំ​សូម​ឲ្យ អាដហុក និង រដ្ឋាភិបាល​ជួយ​រំដោះ​ប្អូន​ស្រី​ខ្ញុំ​មក​វិ​ញ​ផង»។
លោក ស៊ុម ចន្ទគា មន្រ្តី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បន្ទាយ​មាន​ជ័យ ប្រាប់​ថា ស្រ្តី​រងគ្រោះ​ទាំង ២ នាក់ នៅ​ចំណុច ផារ៉ាមសាម ភូមិ មូរុងរួយ ផ្លូវ ៦៦ ទីក្រុង បាងកក ត្រូវ​គេ​ឃុំ​ខ្លួន​ធ្វើ​ទារុណកម្ម​ហើយ ខាង​សមាគម​កំពុង​តែ​ខ្នះខ្នែង ស្នើ​ទៅ អាដហុក នៅ​ភ្នំពេញ ឲ្យ​ទាក់ទង​ទៅ​ស្ថាន​កុងស៊ុល​ខ្មែរ នៅ​ប្រទេស ថៃ ដែល​ធ្វើ​ការ​នៅ​ខេត្ត​ជិតៗ​កន្លែង​កើត​ហេតុ និង​ទាក់​ទង​ទៅ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង បាងកក ឲ្យ​ជួយ​អន្តរាគមន៍​រំដោះ​ស្រ្តី​រងគ្រោះ​ឲ្យ​បាន​ឆាប់។
តាម​មន្ត្រី អាដហុក រូប​នេះ ស្ត្រី​រងគ្រោះ​ម្នាក់​ទៀត​នៅ​មិន​ទាន់​ដឹង​ពី​អត្ត​សញ្ញាណ​នៅ​ឡើយ។
លោក​ប្រាប់​ថា៖ «ខ្ញុំ​ឃើញ​រូបភាព​ស្រ្តី​រងគ្រោះ​ទាំង ២នាក់ ត្រូវ គេ​វាយ​ហើម​មុខ​ហើម​មាត់ ត្រូវ​គេ​សម្រាត​ខ្លួន​ទទេ​នៅ​សល់​តែ​លីអូ ខ្ញុំ​អាណិត​ខ្លោច​ចិត្ត។ ពួក​គាត់​ក៏​ជា​មនុស្ស​ដែរ ពួក​គាត់​មិន​ត្រូវ​គេ​ធ្វើ​បាប​បែប​នេះ​ទេ ទោះ​ជា​មាន​កំហុស​ប៉ុនណា​ក៏​ត្រូវ​ធ្វើ ទៅ​តាម​ច្បាប់​ដែរ។ ខ្ញុំ​គិត​ថា ប្រទេស ថៃ ជា​ប្រទេស​គោរព​ច្បាប់ មិន​គួរ​ប្រព្រឹត្ត​នូវ​អំពើ​ព្រៃផ្សៃ​បែប​នេះ​ទេ ព្រោះ​ស្រ្តី ត្រូវ​ចាត់​ទុក​ថា​ជា​មាតា​នៃ​ពិភពលោក»។

លោក ខេង ស៊ុម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ មិន​ធ្វើ​អត្ថាធិប្បាយ​ពី បញ្ហា​នេះ​ទេ កាល​ពី​ម្សិលមិញ ដោយសារ​ថា ករណី​នេះ​ខាង​ស្នងការដ្ឋាន​ខេត្ត​មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​នៅ​ឡើយ​កាល​ពី​ម្សិលមិញ៕

No comments:

Post a Comment

yes