
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប
(រូបភាពពី google)
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច នៅថ្ងៃចន្ទនេះ មានប្រសាសន៍ថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិ តាមរយៈបាតុកម្ម ឲ្យមានការបោះឆ្នោតទ្បើងវិញ ឬឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង មិនអាចទៅរួចទេ ដោយសារការទាមទារនេះមិនមានមូលដ្ឋានច្បាស់លាស់។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប អះអាងថា លោក ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យដឹកនាំប្រទេស ហើយព្រះមហាក្សត្រក៏បានទ្បាយព្រះហស្តលេខាតែងតាំងលោកឲ្យធ្វើជានាយករដ្ឋមន្ត្រីរួចហើយ ៖ “សម្ដេចតេជោ ហ៊ុន សែន លោកត្រូវតែជានាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលនេះ លោកបានរៀបចំសមាសភាពរបស់លោក មានឧបនាយករដ្ឋមន្ដ្រីមួយចំនួន មានទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការមួយចំនួនរួចរាល់អស់ហើយ ដែលត្រូវសភាបានបោះឆ្នោតគាំទ្រ និងជឿទុកចិត្ដ ហើយនិងទទួលបាននៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្ដិទីប្រាំរដ្ឋសភារួចរាល់អស់ហើយ ចឹងទេអ្វីៗដែលយើងបានធ្វើគឺស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងស្របទៅនឹងច្បាប់បោះឆ្នោត និងស្របទៅតាមសមត្ថកិច្ចដែលគេទទួលខុសត្រូវចំពោះមុខច្បាប់ គឺ គជប ដែលបានប្រកាសថា គណបក្សប្រជាជនឈ្នះឆ្នោតដែលទទួលបាន៦៨អាសនៈនៅក្នុងរដ្ឋសភា ” ។
លោក បន្តថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាច្រើន ពីព្រោះអាជីវកម្មមួយចំនួនសម្រេចផ្អាកការលក់ដូររបស់ខ្លួន ដោយបារម្ភពីបញ្ហាសន្តិសុខ។
ចំណែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ថា ការបដិសេធស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយគណបក្សប្រជាជនកម្ពុជា បង្ហាញថា គណបក្សនេះមិនហ៊ានទទួលស្គាល់ការពិត។ លោកបន្តថា ទោះបីគណបក្សកាន់អំណាច ឆ្លើយតបយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិនៅតែបន្តទាមទារ ទាល់តែមានដំណោះស្រាយ សមស្របតាមឆន្ទៈប្រជាពលរដ្ឋ ៖ “នៅពេលណា ដែលគេទាមទារឲ្យមានការបោះឆ្នោតឡើងវិញ សើរើភាពមិនប្រក្រតីឡើងវិញទាំងប៉ុន្មានហ្នឹងសភាខ្លះមានដែរតើ ប្រទេសថៃមានសភាដែរតើ តែហេតុអីបានជាគេអាចប្រកាសរំលាយសភាគេ ហើយអាចរៀបចំបោះឆ្នោតឡើងវិញបាន ប្រទេសដទៃទៀតក៏មានចឹងដែរ នៅពេលដែលមានប្រជាពលរដ្ឋភាគច្រើនយ៉ាងច្រើនសន្ធឹកសន្ធាប់ទាមទារហ្នឹង គឺគេតែងតែប្រកាសបោះឆ្នោតសាជាថ្មីឡើងវិញ ដើម្បីឲ្យមានឯកភាពជាតិ អីជាដើមបាទ” ។
អ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច មានប្រសាសន៍ថា ការទាមទារឲ្យមានការបោះឆ្នោតម្តងទៀតរបស់គណបក្សសង្គ្រោះជាតិនោះ គឺមិនអាចទៅរួចទេ ដោយសារតែនៅកម្ពុជា ស្ថាប័នរៀបចំការបោះឆ្នោត និងស្ថាប័នពាក់ព័ន្ធមួយចំនួន នៅមិនទាន់ឯករាជ្យ។ លោកថា ប្រសិនបើមានការបោះឆ្នោតឡើងវិញមែន ក៏នៅតែមានការតវ៉ាចំពោះលទ្ធផលបោះឆ្នោតដដែល៕
No comments:
Post a Comment
yes