មូលនិធិសកល(Global Fund) បានដាក់កំហិតក្រសួងសុខាភិបាលឲ្យផ្តល់ប្រាក់ប្រមាណជា៤៧ម៉ឺនដុល្លារ មកមូលនិធិវិញ ក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីរកឃើញថា គម្រោងលើផ្នែកសុខភាពមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
ក្នុងលិខិតមួយ ដែលចុះកាលបរិច្ឆេតកាលពីថ្ងៃទី៩ខែធ្នូ ឲ្យដឹងថា មូលនិធិសាកល ស្នើក្រសួងសុខាភិបាល ឲ្យផ្តល់ប្រាក់វិញចំនួន៤១០៧១២ដុល្លារ ដែលពាក់ព័ន្ធនឹងគម្រោងរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ ប្រាក់៤១៤០៤ដុល្លារវិញ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ(NCHARDS) និងប្រាក់២០៧២៥ដុល្លារ ដែលជាប់ពាក់ព័ន្ធនឹងគម្រោងអង្គការមេឌីខាំ (MEDiCAM)។
លិខិតរបស់មូលនិធិសកល ដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានដាក់កំហិតថា អង្គការនឹងទុកពេល៣០ថ្ងៃក្នុងការផ្តល់លុយមកវិញតាមធនាគារ ដោយព្រមានថា ប្រសិនបើមិនមានការផ្តល់ថវិកាមកវិញតាមការកំណត់ទេ លទ្ធផលមួយចំនួនអាចកើតឡើង។ ចំណុច ដែលព្រមាននោះ រួមមាននឹងមិនដំណើរការចុះហត្ថលេខាជាមួយកម្ពុជា ទៅលើជំនួយលើជំងឺគ្រុនចាញ់តម្លៃ១៥លានដុល្លារ ហើយជំនួយប្រមាណជា២០៩៧៤២០៥,៧៣ដុល្លារ នឹងត្រូវព្យួរទាំងអស់ ឬមួយភាគ។មូលនិធិសកល ក៏បានព្រមានថា នឹងមិនដំណើរការការចុះហត្ថលេខាលើការអនុវត្តទីពីរនៃជំនួយសម្រាប់ជំងឺអេដស៍តម្លៃប្រហែលជា៥៧៦៦៣០៧៥ដុល្លារ ប្រសិនបើមិនមានការផ្តល់ថិវកាមកវិញ តាមការដាក់កំហិត។ មូលនិធិ ក៏បានព្រមានថា ជំនួយសម្រាប់លើជំងឺគ្រុនចាញ់ ដំណាក់កាលទីពីរ តម្លៃ១២៦៣៧៥៣៣ ក៏នឹងអាចត្រូវកាត់បន្ថយដោយប្តូរទៅជាការផ្តល់សេវាសំខាន់តែប៉ុណ្ណោះ។
របាយការណ៍មួយចេញដោយមូលនិធិសកល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បង្ហាញថា មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ(CNM) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ(NCHARDS) ដែលស្ថិតនៅក្រោមចំណុះក្រសួងសុខាភិបាល ព្រមទាំងអង្គការមេឌីខាំជាបណ្តាញអង្គការក្រៅរដ្ឋាភិបាលដ៏ធំមួយ បានចូលរួមក្នុងបណ្តាញប្រព្រឹត្តអំពើពុករលួយមួយ ថែមទាំងទាមទារលើសការចំណាយជាក់ស្តែងដល់ទៅពីរ ឬបីដងទៀតផង។
របាយការណ៍នេះ បានស៊ើបអង្កេតលើប្រាក់ជំនួយរបស់មូលនិធិ ចំនួនជាង៨០លានដុល្លារអាមេរិក ដែលផ្តល់មកឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាល រកឃើញនូវភស្តុតាងសំខាន់ៗជាច្រើន ដែលបញ្ជាក់ថា ការដេញថ្លៃមួយចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។
របាយការណ៍ បន្តថា អតីតប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ឌួង សុជាតិ និងសហការីម្នាក់ បានទទួលប្រាក់សាគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) របស់ប្រទេសស្វីស និងក្រុមហ៊ុន Sumitomo របស់ប្រទេសសិង្ហបុរី។ របាយការណ៍ថា ប្រាក់សាគុណជូនមន្ត្រីទាំងនេះជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួង សុខាភិបាល។
VOD មិនទាន់អាចទាក់ទងលោក ម៉ម ប៊ុនហេង ដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ លោក ឌួង សុជាតិ ធ្លាប់ប្រាប់VODថា របាយការណ៍មូលនិធិសកល ដែលចោទប្រកាន់ថា អំពើពុករលួយបានកើតឡើង ក្នុងដំណើរការដេញថ្លៃនោះ គឺត្រូវបានបោះពុម្ពតែមួយចំហៀងប៉ុណ្ណោះ មិនបានលើកឡើងពីសកម្មភាពទាំងស្រុងនោះទេ។ លោកថា ការពិតនោះ ការដេញថ្លៃធ្វើឡើងយ៉ាងត្រឹមត្រូវ និងថោកបំផុត ដែលនាំឲ្យក្រុមហ៊ុនទាំងពីរនោះ ទទួលបានសិទ្ធិផ្គត់ផ្តង់ ហើយលោកមិនបានកេងប្រវ័ញ្ច ឬទទួលប្រាក់កម្រៃជាថ្នូរនៃកិច្ចសន្យាពីក្រុមហ៊ុនទាំងនោះទេ ៖ "ឯកសារដេញ ថ្លៃដែលទទួលស្គាល់ដោយមូលនិធិសកលខ្លួនឯងហ្នឹង ដែលថា មាននីតិវិធីត្រឹមត្រូវហើយ ចុះមកពិនិត្យ ឈរមើលការដេញថ្លៃហ្នឹងគាត់អត់ព្រមផ្សាយ ផ្សាយតែមួយចំហៀងដល់ពេលចឹងធ្វើឲ្យម្នាក់យល់ច្រឡំថា ខ្ញុំនេះគឺ ទទួលលុយគេ តាមពិតដេញថ្លៃហ្នឹងត្រឹមត្រូវហើយថោក មែនទែន យើងដេញពីតម្លៃថ្លៃមកទាប អញ្ចឹងទៅជាថា ខ្ញុំនេះកេញប្រវ័ញ្ច យកលុយប្រាក់ចំណេញ ដែលអ្នកច្រឡំ ថា ឲ្យតែកុំម៉ុយស្យុង សុទ្ធតែប្រាក់បំប៉ោង តាមពិតប្រាក់ហ្នឹងចុះថ្លៃមែនទែន " ។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រសួងសុខាភិបាលចេញសេចក្តីថ្លែងការណ៍ថា ក្រសួងមិនបានដឹងពីសកម្មភាពរបស់បុគ្គលពុករលួយទាំងអស់ក្នុងពេល អនុវត្តគម្រោង ដែលប្រើប្រាស់មូលនិធិសកលឡើយ។ ក្រសួងទម្លាក់កំហុសលើភាគីទាំងអស់ដែលពាក់ព័ន្ធថា ជាអ្នកទទួលខុសត្រូវដោះស្រាយបញ្ហានេះ៕
No comments:
Post a Comment
yes