ពលរដ្ឋយកថវិការជូនលោក សម រង្ស៊ី ដើម្បីទ្រទ្រង់មហាបាតុ
កម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ
ជារៀងរាល់លើក ពេលបាតុកម្ម មានសប្បុរជនខ្មែរទាំងក្នុង និងក្រៅស្រុកមួយចំនួន បានឧបត្ថម្ភថវិកា និងសម្ភារៈផ្សេងៗ ដល់ក្រុមបាតុកររាប់ពាននាក់ របស់គណបក្សសង្គ្រោះជាតិ ដែលស្នាក់នៅលើទីលានប្រជាធិបតេយ្យទាំងថ្ងៃទាំងយប់ ដើម្បីទាមទារឲ្យបោះឆ្នោតឡើងវិញ ដើម្បីផ្លាស់ប្ដូរថ្នាក់ដឹកនាំ។
ទោះជាយ៉ាងណា អ្នកមានមួយចំនួនមិនហ៊ានបង្ហាញឈ្មោះបើកចំហ នៅពេលដែលពួកគេយកសំភារៈ ឬថវិកា ទៅឧបត្ថម្ភដល់បាតុករដែលធ្វើបាតុកម្មនោះទេ ខណៈអ្នកក្រហ៊ានចេញឈ្មោះ និងចេញមុខដោយចំហ ឧបត្ថម្ភថវិកា ឬសំភារៈផ្ទាល់ខ្លួនតិចតួចទៅតាមលទ្ធភាព។
បុរសវ័យជាង៤០ឆ្នាំ សុំមិនបញ្ចេញឈ្មោះ បានបើករថយន្តដឹកសម្ភារៈ មកឧបត្ថម្ភក្រុមបាតុករ តែហាក់មិនចង់ផ្តល់បទម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VODទេ។ ទោះជាយ៉ាងណាលោកគ្រាន់បង្ហើបឲ្យដឹងថា គាត់ធ្វើការងាររដ្ឋ និងជាអាជីវករម្នាក់នៅផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ។ បុរសដដែលឲ្យដឹងថា ដោយសារអាកាសធាតុត្រជាក់ខុសពីធម្មតា ទើបគាត់សម្រេចចិត្តចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈមួយចំនួន ជួយក្រុមបាតុករដែលស្នាក់នៅទីលានប្រជាធិបតេយ្យ ៖ “តាមរូបភាពហ្វេសប៊ុកដែលបានបង្ហោះឡើង យើងឃើញថា វីរៈបាតុករយើង គាត់សម្រានអត់មានភួយដណ្ដប់អីចឹងអត់បានគ្រប់គ្រាន់ ចឹងខ្ញុំបានយកភួយចំនួន១០០ ហើយក៏មានទឹក ហើយនឹងនំបាំង មីកំប៉ុងចំនួន១០០ៗ គ្រប់មុខទាំងអស់ សម្រាប់ខ្ញុំគិតថា យើងទាំងអស់គ្នាទាល់តែរួបរួមគ្នាទបើបានទៅមុខ បើសិនជាជួយតែម្នាក់ឯងក៏អត់គ្រប់ដែរ ទាល់តែជួយទាំងអស់គ្នា ដើម្បីធ្វើការផ្លាស់ប្ដូរមួយដ៏ធំបាទ” ។
គណបក្សសង្គ្រោះជាតិ ប្រកាសថា បាតុកម្មលើកនេះនឹងបន្តរយៈពេល៣ខែ ទាល់តែមានការបោះឆ្នោតឡើងវិញនៅក្នុងអាណត្តិ ហើយលោក ហ៊ុន សែន ចុះចេញពីតំណែង។ នៅពេលមេដឹកនាំបាតុកម្ម ប្រកាសអំពាវនាវរកជំនួយ ឃើញថា ពលរដ្ឋក្រីក្រ ឬអ្នកមានជីវភាពមធ្យម បានឧបត្ថម្ភថវិកា ចន្លោះពី៥០០០រៀល ដល់៥០០ដុល្លារ ដើម្បីដំណើរការបាតុកម្មនេះ។
ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់៣ និងអាជីវករមួយចំនួនទៀតនៅរាជធានីភ្នំពេញ អះអាងថា ពួកគេក៏បានចំណាយថវិកាផ្ទាល់ខ្លួន ទិញសម្ភារៈ ជួយលើកទឹកចិត្តក្រុមបាតុករដែលស្នាក់នៅទីលានប្រជាធិបយ្តេយនេះដែរ ៖ “ខ្ញុំលះបង់ពេលវេលាដោយខ្លួនឯងផ្ទាល់ ចំណាយពេលវេលាមកគាំទ្រគណបក្សសង្គ្រោះជាតិដើម្បីជួយឲ្យជាតិយើងរស់ ដើម្បីឲ្យជាតិយើងសំបូរសប្បាយដូចជំនាន់សម្ដេចតាចឹងណា។ ខ្ញុំពេញចិត្ដមកជួយទាំងកម្លាំងចិត្ដកម្លាំងកាយហើយខ្ញុំឧបត្ថម្ភថែមទៀត ព្រមទាំងចំណាយសាំងម៉ូតូ ចំណាយសម្ភារៈអី ហែក្បួនអីអត់ស្ដាយស្រណោះ ដោយសារតែខ្ញុំចង់បានសេរីភាពវានៅខ្វះចន្លោះច្រើនណាស់ មិនជារៀងរាល់ពេលទេពិមុនមក ប៉ុន្ដែថ្ងៃនេះខ្ញុំបានមូលនិធិគ្នាអ្នកផ្សារនៅ អ្នកលក់ដូរនៅផ្សារ ក៏ដូចជាអ្នករត់ម៉ូតូកង់បី ដូចអ្នករត់ម៉ូតូឌុប ដូចខ្ញុំរត់ម៉ូតឌុបបានរៃថវិការបន្ដិចបន្ដួច ដើម្បីជួយដល់អ្នកដែលមកក្នុងពិធីជួបជុំក្នុងថ្ងៃនេះបង។ បាទ ដើម្បីពួកគាត់ហូបទៅមានកម្លាំងចិត្ដ ដើម្បីហូបទៅ ដើម្បីមានកម្លាំងបន្ដការតស៊ូដើម្បីជាតិយើង” ។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយនៅកម្ពុជា លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បាតុកម្មនៅកម្ពុជាខុសពីបាតុកម្មនៅថៃ ព្រោះនៅកម្ពុជាក្រុមកអ្នមានទ្រព្យសម្បត្តិស្តុកស្តមភាគច្រើនមិនហ៊ានចេញមុខគាំទ្រ ឬឧបត្ថម្ភថវិកាដល់គណបក្សប្រឆាំងដោយបើកចំហទេ។ លោកថា នៅថៃការធ្វើបាតុកម្មបានជោគជ័យដោយសារពួកអ្នកមានហ៊ានចេញមុខគាំទ្របាតុកម្ម។
អគ្គនាយកហិរញ្ញវត្ថុ នៃគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា ឲ្យដឹងថា ថវិការបស់សប្បុរសជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលជួយឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិ គិតចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូនេះ ទទួលបានប្រមាណជាង២ម៉ឺនដុល្លារ។ លោកថា បើសប្បុរសជននៅតែបន្តឧបត្ថមបែបនេះ ទោះជាគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មបីខែ ក៏មិនខ្វះថវិកា សម្រាប់ជួយដល់បាតុករ ដែលតស៊ូស្នាក់នៅទីលានប្រជាធិបតេយ្យដែរ ៖ “បងប្អូនទាំងក្នុងទាំងក្រៅស្រុកគឺចូលរួមទាំងអស់ យើងអត់មានបញ្ហារឿងថវិការហ្នឹងទេ ទោះបីធ្វើប៉ុន្មានថ្ងៃក៏យើងអត់មានបញ្ហាដែរ យើងគោលបំណង់នៃការចូលរួមរបស់លោកហ្នឹងគឺចឹងឲ្យមានយុត្ដិធម៌សង្គម តាមរយៈការរៀបចំការបោះឆ្នោតឡើងវិញហ្នឹង ចឹងប្រជាពលរដ្ឋដែលមានការផុសផុលក្នុងការចូលរួមជាមួយយើង” ។
កាលពីថ្ងៃទី១៨ ខែធ្នូ គណបក្សសង្គ្រោះជាតិ បានសាងសង់រោងបន្ថែមទៀត ដោយសារបាតុករដែលមកពីខេត្តរាប់ពាន់នាក់ បន្តចូលរួមបាតុកម្មមានការកើនឡើង បើទោះជាសាលារាជធានីភ្នំពេញ ហាមមិនឲ្យស្នាក់នៅក៏ដោយ។
នាយកអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វ្រិច លោកបណ្ឌិត ហង្ស ពុទ្ធា យល់ថា ការបរិច្ចាកថវិការបស់អ្នកមានជីវភាពធូធា ជួយដល់ក្រុមបាតុកម្មជាកម្លាំងចលករមួយ ជំរុញឲ្យរដ្ឋាភិបាលរកដំណោះស្រាយជាក់លាក់ សម្រាប់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ៖ “ខ្ញុំយល់ថា ចលនាបរិច្ចាគរបស់អ្នកមានធន់ធាន ជួយដល់ចលនាបាតុកម្ម គឺជាចំណុចរសើបមួយដែលហាក់មានសន្ទុះខ្លាំងជាងមុនបើព្រាបធៀបទៅហ្នឹងការធ្វើបាតុកម្មលើកមុនៗ ចឹងអាចនឹងធ្វើឲ្យមានការផ្លាស់ប្ដូរអាចហ្នឹងធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្ននេះងាកមករកការគិតគូរដោះស្រាយសុខទុករបស់ប្រជារាស្ដ្របាទ ” ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃពុធ បានថ្លែង អំណរគុណដល់សប្បុរសជន ដែលបរិច្ចាកថវិកាជួយដល់ក្រុមបាតុករ ដើម្បីជាកម្លាំងចិត្តមួយ ជំរុញឲ្យមានការផ្លាស់ប្តូរ។
បាតុករស្នាក់នៅលើទីលានប្រជាធិបតេយ្យ ដែលមកពីខេត្តព្រៃវែង កំពង់ចាម កំពង់ឆ្នាំង រតនគិរី តាកែវ ជាដើម ឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូនេះថា ពួកគាត់សប្បាយចិត្ត ពេលមានសប្បុរសជនជួយឧបត្ថម្ភសម្ភារៈ មួយចំនួនដូចជា បាយ អាវ ភួយ ទឹក ថ្នាំពេទ្យ ជាដើម។ ក្រុមបាតុករបញ្ជាក់ថា ពួកគាត់នឹងតស៊ូរហូតមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ៖ “មិនខ្វះទេបាយទឹក សប្បុរសជនយើងអ្នកគេអ្នកមានគេជួយចឹង ទិញមកចែកចឹងមករួចក្រុមការងារសង្គ្រោះជាតិហ្នឹងគេដើរចែកទៅ មិនខ្វះទេ ហ្នឹងហើយនៅតស៊ូរហូតទាល់តែបានសម្រេច សុខចិត្ដចោលស្រូវអង្កនៅស្រែ សុខចិត្ដដកខ្លួនមកហ្នឹង ឲ្យគ្រួសារនៅ កូនចៅអីគេនៅមើលហ្នឹង ចឹងឲ្យបានស្រុកទេសយើងរីកចម្រើន ដូចសង្គមរាស្ដ្រនិយមចឹងណាស់។ អ៊ី[មីង] អាចទ្រាំបាន អីធ្លាប់ពិបាកជាងហ្នឹងទៀតផង ប៉ុណ្ណឹងអត់ពិបាកទេ ធ្វើម៉េចឲ្យប្រទេសជាតិ កូនចៅស្រួលបួលកុំឲ្យដូចសព្វថ្ងៃពិបាកណាស់។ បាទខ្ញុំស្នាក់នៅហ្នឹងការលំបាកហ្នឹងមិនជាការលំបាកប៉ុន្មានទេ ប៉ុន្ដែទាល់តែយប់ថ្ងៃយប់មួយដេកបានតែមួយម៉ោងទេភ្លៀងប៉ុន្ដទ្រាំដើម្បីជាតិ។ ទ្រាំទ្រទាល់តែបងប្អូននៅហ្នឹងជាមួយគ្នា តស៊ូទាំងអស់គ្នា បងប្អូនហ្នឹង ទាល់តែបានជ័យជម្នះ ” ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឺមអេង មានប្រសាសន៍ថា បើការឧបត្ថម្ភថវិកា និងសម្ភារៈមិនបានដិតដល់ ការធ្វើបាតុកម្មរយៈពេលវែងនឹងធ្វើឲ្យជួបបញ្ហាប្រឈម ៖“បើបាតុកម្មហ្នឹងអត់មានសាធារណជនគាំទ្រ មានអ្នកជួយឧបត្ថម្ភគាំទ្រទៀត ប្រហែលជាបាតុកម្មហ្នឹងមិនសូវមានកម្លាំងចិត្ដដែរ ចឹងអានេះ ជាសញ្ញាមួយបង្ហាញថា ទាល់តែមានការជជែក ទាល់តែមានការរកដំណោះស្រាយរួមបាទ ជាជាងការទុកឲ្យបញ្ហាវានៅចឹង ហើយហ្នឹងការធ្វើបាតុកម្មហ្នឹងទុកឲ្យហូសបន្លាយយូរ ដែលធ្វើឲ្យមានការខាតបង់ទាំងអស់បាទ ទាំងខាងរដ្ឋាភិបាល ទាំងប្រជាពលរដ្ឋដែលធ្វើបាតុកម្ម ហ្នឹងបាទ” ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងសារប្រាប់ក្រុមបាតុករ កាលពីថ្ងៃពុធថា បើរកមិនឃើញការពិតជូនម្ចាស់ឆ្នោតទេ ស្លាប់ឬរស់ ក៏លោកហ៊ានប្តូរផ្តាច់ជាមួយក្រុមបាតុករដែរ។ លោកបញ្ជាក់ថា ដើម្បីឲ្យមានការផ្លាស់ប្តូរ លុះត្រាតែប្រជាពលរដ្ឋទូទាំងប្រទេសក្រោកឡើងរួបរួមគ្នា ទើបទទួលបានជោគជ័យ៕

No comments:
Post a Comment
yes