លោក កឹម សុខា ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីលានប្រជាធិ
បតេយ្យ រាត្រីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០១៣
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃអង្គារនេះ ជំរុញឲ្យកងទ័ពប្រដាប់អាវុធ និងទាហាន ក្លាហានចូលរួមមហាបាតុកម្មទាំងអស់គ្នា ដើម្បីការផ្លាស់ប្តូរ ដោយមិនត្រូវរងការហាមឃាត់ពីមន្ត្រីថ្នាក់លើឡើយ។
ការលើកឡើងរបស់លោក កឹម សុខា ជាការឆ្លើយតបនឹងការ អំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ កាលពីថ្ងៃទី១២ ខែធ្នូ ក្នុងពិធីសម្ពោធអាគារ តម្លៃជាង ៣៧ ម៉ឺនដុល្លារ ជាជំនួយរបស់ក្រសួងការពារប្រទេសវៀតណាម ដល់សកលវិទ្យាល័យការពារជាតិកម្ពុជា ដែលលោកព្រមាន កងយោធពលខេមរភូមិន្ទ និងទាហាន កុំឲ្យធ្លាក់ក្នុងឧបាយកលញុះញង់របស់គណបក្សប្រឆាំង ដែលប្រើការឃោសនាមិនពិត ក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល។
គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា បានដកស្រង់ប្រសាសន៍ លោក ទៀ បាញ់ ដោយចោទ គណបក្សសង្គ្រោះជាតិ ថាបានប្រើលេសជាតិជ្រុលនិយម អំពីវៀតណាមឈ្លានពានទឹកដីកម្ពុជា ដើម្បីអោយខ្មែរបង្កភាពអមិត្តដល់ប្រទេសវៀតណាម និងបំបែកបំបាក់សាមគ្គីរវាងខ្មែរ និងខ្មែរ និងបង្កសាបព្រួសអោយខ្មែរ និងខ្មែរ ឈ្លោះគ្នាបន្ថែមទៀត។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងថា កងកម្លាំងប្រដាប់អាវុធ និងទាហាន សុទ្ធតែចង់ឲ្យមានការផ្លាស់ប្តូរ។ លោកថា ការជំរុញរបស់មន្ត្រីថ្នាក់លើមិនឲ្យចូលរួមមហាបាតុកម្ម ទាមទារការបោះឆ្នោតឡើងវិញនោះ គឺមិនមានប្រសិទ្ធិភាពឡើយ ៖ “ទាំងមន្ដ្រីរាជការទាំងកម្លាំងប្រដាប់អាវុធទាំងអស់ គឺគេចង់ឲ្យមានការផ្លាស់ប្ដូរចឹងពួកគាត់ភ័យទេ ចឹងហើយហ្នឹងស្រេចតែពួកគាត់ចោះ គាត់អំពាវនាវអីអំពាវនាវទៅ ពីព្រោះអីយើងរើសពេលវេលាដែលត្រូវផ្លាស់ប្ដូរវាដល់ហើយ មិនអាចនណារម្នាក់បង្ខំទេ ហើយនរណាម្នាក់មកឃាត់ក៏មិនបានដែរ ដើម្បីជាអំពើល្អ ទាល់តែគណបក្សទាំងពីរហ្នឹងទៅនាំគ្នាដោះស្រាយបញ្ហាហ្នឹងតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាបន្ទាន់ ” ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច ពន្យល់តាមច្បាប់ថា កងទ័ព និងទាហាន ស្គឺប្រកាន់ជំហរអព្យាក្រឹត្យ តាប់បញ្ជា មិនស្ថិតក្រោមបង្គាប់អ្នកនយោបាយនោះទេ។ លោកចាត់ទុកថា បញ្ជារបស់មន្ត្រីថ្នាក់លើ ទៅកាន់កងទ័ព និងទាហានបែបនេះ គឺឆ្លុះបញ្ចាំងពីកម្សោយនៃការគ្រប់គ្រងទ័ព ៖ “មិនដែលគេអំពាវនាវទេ ព្រោះទាហានគោរពបញ្ជា បើអំពាវនាវដូចប្រជាជនដែរ គេលែងហៅទាហានហើយ ការអំពាវនាវនេះ គឺបង្ហាញអំពីភាពទន់ខ្សោយនៃការគ្រប់គ្រងកងទ័ព ប្រហែលជាទាហានជាឈ្មោះហើយ គ្រាន់តែដាក់ឈ្មោះទៅ ទៅធ្វើការដទៃទៀត ហើយពាក់ខោអាវទាហានដើម្បីរកស៊ីខុសច្បាប់ ចឹងត្រូវអំពាវនាវបែបហ្នឹង” ។
គណបក្សសង្គ្រោះជាតិ បានជូនដំណឹងដល់សាលារាជធានីភ្នំពេញ ពីការធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ និងការដង្ហែក្បួនបាតុកម្មដោយសន្តិវិធី ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ធ្នូ ដើម្បីទាមទារឲ្យមានកំណែទម្រង់ការបោះឆ្នោត និងការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥៕

No comments:
Post a Comment
yes