សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 20, 2013

សង្គម​ស៊ីវិល​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ឈប់​គម្រោង​វារី​អគ្គិសនីជ័យ​អារ៉ែង

areng
ក្រុមព្រះសង្ឃកំពុងបំបួសដើមឈើ ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​
ក្នុង​តំបន់​ស្ទឹង​អារ៉ែង។ រូបថត សហការី
សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​មួយ បាន​ផ្ញើរ​លិខិត​មួយ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ឲ្យ​បញ្ឈប់​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​ជ័យ​អារ៉ែង នៅ​ក្នុង​ខេត្ត​កោះ​កុង​ និង​សុំ​ឲ្យ​ប្រែ​ក្លាយ​តំបន់​នេះ​ជា​តំបន់​អេកូ​ទេសចរណ៍​ធម្មជាតិ​វិញ។
លិខិត​នោះ​បាន​លើក​ឡើង​ថា គម្រោង​នេះ នឹង​ចំណាយ​ថវិកា​យ៉ាង​ច្រើន ប៉ុន្តែ​កម្លាំង​ថាមពល​អគ្គិសនី ទទួល​បាន​គឺ​ទាប ខណៈ​ដែល​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ព្រៃ​ឈើ សត្វ​ព្រៃ ជីវ​ចម្រុះ និង​សង្គម​យ៉ាង​ខ្លាំង។
ក្រុមហ៊ុន China Southern Power Grid បាន​បង្ហាញ​នូវ​គម្រោង​ទំនប់​កម្លាំង ១០៩ មេហ្គាវ៉ាត់​នេះ នៅ​ក្នុង​ឆ្នាំ ២០១០ ហើយ​ក្រោយ​មក​បាន​បញ្ឈប់​វិញ។ ក្រុមហ៊ុន​មួយ​ទៀត​គឺ China Guodian Corporation បាន​ទទួល​យក​គម្រោង​ភ្លាមៗ ប៉ុន្តែ សេចក្តី​លម្អិត​អំពី​សំណើ សាងសង់​នោះ​មិន​ច្បាស់​ទេ។ តំណាង​ក្រុមហ៊ុន​នៅ ភ្នំពេញ នៃ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ឈ្មោះ Sinohydro Corporation Limited ជា​ក្រុមហ៊ុន​សាង​សង់​ទំនប់​វារី​អគ្គិសនី​ធំ​បំផុត​នៅ​លើ​ពិភពលោក​បាន ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​ឥឡូវ​នេះ​ចូល​រួម​ក្នុង​គម្រោង​ស្ទឹង ជ័យ​អារ៉ែង ប៉ុន្តែ​ថា លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ ព័ត៌មាន​ជាក់លាក់​ចំពោះ​ក្រុមហ៊ុន ដែល​នឹង​មក​ជំនួស​នោះ គឺ​មិនទាន់មាន​ប្រកាស​ជា​ផ្លួ​វ​ការ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នូវឡើយ​ទេ​។ ​
នៅ​ក្នុង​លិខិត​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​បាន​បង្ហាញ​ថា ប្រសិន​បើ​សាង​សង់ ប្រជាជន​ប្រមាណ ៣៨៩ គ្រួសារ (១.៦៤២ នាក់​) និង​ព្រៃឈើ​ប្រហែល​ជា ២០.០០០ ហិកតា នឹង​រង​ផល​ប៉ះពាល់​។​ជាង​នេះ​ទៅ​ទៀត ថនិក​សត្វ ប្រមាណ​៥៧ ប្រភេទ​,​បក្សី ៩៣​ប្រភេទ​, ល្មូ​ន ៥៥​ប្រភេទ (​រួមទាំង​ក្រពើ​ភ្នំ​) ឧរុង្គសត្វ ២៩​ប្រភេទ និង​ត្រី ៤៣​ប្រភេទ ( រួមទាំង​ត្រី​នាគ ) និង​ត្រូវបាន​គំរាមកំហែង ដោយសារ​ការសាងសង់​ទំនប់​នេះ​។​
ម្យ៉ាងវិញទៀត បើ​ពិនិត្យ​ទៅលើ​ដំណើរ​និង​នីតិវិធី​នៃ​ការវាយតម្លៃ​ហេតុផល​ប៉ះពាល់​ បរិស្ថាន​និង​សង្គម​ដំបូង គឺ​នៅមាន​ភាពខ្វះ​ចន្លោះប្រហោង នៃ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​ក្នុងការ​សម្រេច​ចិត្ត ពោលគឺ​មានតែ​ចំនួន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​បាន​ចូលរួម​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន ពោលគឺ​ប្រជាពលរដ្ឋ​មិនអាច​បង្ហាញ​នូវ​យោបល់ ការព្រួយបារម្ភ និង​សំណូមពរ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ទំនប់​បានឡើយ​។
ទំនប់​វារីអគ្គិសនី ស្ទឹងជ័យ អារ៉ែងនេះ​គ្រោង​នឹង​សាងសង់​ក្នុងភូមិ ព្រែក​ស្វាយ ឃុំ​ថ្មបាំង ស្រុក​ថ្មបាំង ខេត្ដ​កោះកុង​ ចំណាយ​ទឹកប្រាក់​សរុប ៣២៧ លាន ដុល្លារ​អាមេរិក ​និង​ត្រូវការ​ពេល ៤,៥ ឆ្នាំ។​ តំបន់​នេះ មាន​ប្រជា​ពលរដ្ឋ​ដែលជា​ជនជាតិដើម​ភាគតិច "​ជង​" រស់នៅ​ច្រើន ជាពិសេស គឺ​ស្ត្រី និង​កុមារ ដែល​អាច​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ ដោយសារ​ពួកគាត់​រស់នៅ​ផ្ទាល់ និង​ជិតស្និទ្ធ​ទៅលើ​ធនធានធម្មជាតិ​ក្នុង​តំបន់​នេះ​។ 

​តាម​ការ​សិក្សា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​ដែរ​ថា តំបន់​ដែល​គ្រោង​នឹង​សាងសង់​ទំនប់ គឺជា​តំបន់​ដែលមាន​សក្តានុពល​ផ្នែក​ធម្មជាតិ​កម្រ​មួយ បន្ទាប់ពី​ព្រៃ​អា​ម៉ា​ហ្សូ​ន Amazon ដែល​មិនអាច​រកបាន​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ី​ភាគ អាគ្នេយ៍​។

តំបន់​ឆាយ​អា​រ៉ែ​ង ជា​តំបន់​ដែលមាន​សម្រស់​ស្រស់ស្អាត សំបូរ​ទៅដោយ​ព្រៃឈើ រុក្ខជាតិ ជីវចំរុះ សត្វព្រៃ​កម្រ​ដែល​ជិត​នឹង​ផុត​ពូជ ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​ជា​តំបន់​មួយ​ដែល​ស័​កិ្ត​សម​បំផុត ក្នុងការ​បង្កើតជា​តំបន់​ទេសចរណ៍​តាមបែប​ធម្មជាតិ ដែល​នឹង​បង្កើន​ចំណូល​ថវិកាជាតិ និង​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។​ក្រុម​អង្គការ​សង្គម​ស៊ីវិល សូម​ស្នើសុំ​លោក មេត្តា​ធ្វើការ​ពិចារណា​ក្នុង​ការដាក់​តំបន់​នេះ ជា​តំបន់​ទេស​ចរណ៍​ធម្ម​ជាតិ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏ដូចជា​ជនជាតិដើម​ភាគតិច បានរស់នៅ​ពឹង​លើ​សម្បត្តិ​ធម្មជាតិ​នេះ និង​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគាត់​។

No comments:

Post a Comment

yes