
ពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ឈរតម្រង់ជួរដើម្បីចូល
បោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ កំពុងដឹកនាំបាតុកម្មតវ៉ានៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។ តើច្បាប់បោះឆ្នោតនៅប្រទេសកម្ពុជា អាចរៀបចំការបោះឆ្នោតឡើងវិញដូចគណបក្សសង្គ្រោះជាតិ កំពុងទាមទារនោះបានឬទេ?
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងឲ្យដឹងនៅថ្ងៃទី១៩ ធ្នូ ថា ច្បាប់បោះឆ្នោតនៅប្រទេសកម្ពុជា មិនមានចែងអំពីនីតិវិធីបោះឆ្នោតឡើងវិញ ក្រោយពេលមានការតវ៉ាចប់សព្វគ្រប់របស់ភាគីចូលរួមបោះឆ្នោតនៅ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប បានថ្លែងថា នៅក្នុងច្បាប់បោះឆ្នោតរបស់កម្ពុជា ការបោះឆ្នោតមានតែ ៣ករណីប៉ុណ្ណោះ។ ទី១ ការបោះឆ្នោតធម្មតារៀងរាល់ ៥ឆ្នាំម្តង។ ទី២ ការបោះឆ្នោតសាថ្មីនៅកន្លែងមានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត និងទី៣ ការបោះឆ្នោតក្រោយពេលមានការរំលាយសភាតាមច្បាប់រដ្ឋធម្មនុញ្ញកំណត់។
លោក ទេព នីថា៖ «តាមច្បាប់បោះឆ្នោតដែលនៅជាធរមាន ពុំមានករណីបោះឆ្នោតអ៊ីចឹងទេ ពីព្រោះនៅក្នុងច្បាប់បោះឆ្នោតនោះ វាមានរបៀប ៣យ៉ាង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហ្នឹង។ រួចដល់ឥឡូវ ករណីទាំងអស់នោះវាអត់មាន ហើយករណីបោះឆ្នោតដោយសាររំលាយសភា វាឲ្យធ្វើ ៦០ថ្ងៃក្រោយសភារំលាយ ហើយគេហៅការបោះឆ្នោតជ្រើសតាំងសភាថ្មីតាមរដ្ឋធម្មនុញ្ញ។ អ៊ីចឹង យើងមើលតាមអា ៣ចំណុចហ្នឹង ទាក់ទងការបោះឆ្នោតហ្នឹង ក្រៅពីហ្នឹង វាអត់មានសមត្ថកិច្ចទាក់ទងការបោះឆ្នោតរបស់ គ.ជ.ប ទេ។ ហើយករណីបោះឆ្នោត២០១៣ កន្លងមកនេះ បើនិយាយទៅ ទាំងការជាក់ស្តែង ទាំងផ្លូវច្បាប់ ចប់សព្វគ្រប់អស់ហើយ។ ហើយការទាមទារអ្វីនោះ គឺថា បើនិយាយតាមផ្លូវច្បាប់ គឺធ្វើមិនបានទេ»។
ប៉ុន្តែ ចំពោះ លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) វិញ បានមានប្រសាសន៍ថា ការបោះឆ្នោតឡើងវិញ អាចធ្វើទៅបានបើសិនជាមានហេតុផលមួយចំនួន ដូចជា មានវិបត្តិនយោបាយ ឬមានការយល់ព្រមបោះឆ្នោតឡើងវិញពីគណបក្សដែលចូលរួមបោះឆ្នោតជាដើម៖ «តែគ្រាន់តែថា រឿងមិនប្រក្រតីទាក់ទងរឿងបោះឆ្នោតឡើងវិញនោះ វាចប់ហើយ ដោយសារក្រុមប្រឹក្សាធម្មនុញ្ញ គ.ជ.ប អីគេសម្រេចអស់ហើយ។ អានេះហេតុផល ភាពមិនប្រក្រតីវាអត់រួចទេណា។ តែបើថា ហេតុផលនយោបាយសម្ពាធនយោបាយ បញ្ហាបោះឆ្នោតឡើងវិញដែរ គឺថាមានសម្ពាធនយោបាយ រហូតដល់វិបត្តិនយោបាយ មិនអាចដំណើរបានអ៊ីចឹងទៅ អាហ្នឹងធម្មតា។ យើងអ្នកប្រកួត ចង់ឲ្យមានឆន្ទៈនយោបាយ ចង់មានការបោះឆ្នោតត្រឹមត្រូវអ៊ីចឹងទៅ គេអាចរៀបចំបោះឆ្នោតឡើងវិញ។ ប៉ុន្តែ នាយករដ្ឋមន្ត្រីជាមនុស្សសំខាន់ក្នុងការស្នើឲ្យមានការរៀបចំបោះឆ្នោតឡើងវិញ»។
ទាក់ទងការទាមទារបោះឆ្នោតឡើងវិញរបស់គណបក្សសង្គ្រោះជាតិ នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៩ ធ្នូ ថា មានមូលហេតុជាច្រើន ដែលត្រូវតែបោះឆ្នោតឡើងវិញ ហើយបើគណបក្សប្រជាជនកម្ពុជា ជឿថាពិតជាឈ្នះ មានអ្នកគាំទ្រច្រើនមែន មិនគួរខ្លាចរៀបចំបោះឆ្នោតឡើងវិញឡើយ៖ «ហេតុផលទី១ ចង់ឲ្យមានការបោះឆ្នោតឡើងវិញនេះ ដោយសារអង្គការជាតិ និងអន្តរជាតិ ដែលជាអង្គការឯករាជ្យ រកឃើញថា មានភាពមិនប្រក្រតីធ្ងន់ធ្ងរណាស់ ជុំវិញការបោះឆ្នោតកន្លងមក។ ហើយយើងទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញនោះ គណបក្សប្រជាជន គេមិនព្រមធ្វើការស៊ើបអង្កេត ដោយសារគេដឹងថា ធ្វើការស៊ើបអង្កេតទៅ ច្បាស់ជាឃើញភាពមិនប្រក្រតីធ្ងន់ធ្ងរ ហើយគាត់នឹងអាម៉ាសមុខ ហើយគាត់ដឹងថា គាត់ចាញ់ហើយ។ យើងបន្ធូរបន្ថយឲ្យគាត់ខ្លះ អ៊ីចឹងបើគាត់មិនហ៊ានស៊ើបអង្កេតឡើងវិញទេ អ៊ីចឹងបោះឆ្នោតឡើងវិញទៅ បើសិនណាគាត់គិតថា គាត់ប្រាកដជាឈ្នះមែន»។
រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងមាត្រា៧៨ បានចែងថា នីតិកាលរដ្ឋសភាមានកំណត់ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនអាណត្តិឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល ១២ខែ។ ក្នុងករណីនេះ ព្រះមហាក្សត្រត្រូវរំលាយរដ្ឋសភា ក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រី និងបន្ទាប់ពីទ្រង់បានការយល់ព្រមពីប្រធានរដ្ឋសភា។ ការបោះឆ្នោតដើម្បីជ្រើសរើសរដ្ឋសភាថ្មី នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៦០ថ្ងៃយ៉ាងយូរ ចាប់តាំងពីថ្ងៃរំលាយសភាមក។ ក្នុងរយៈកាលនេះ រាជរដ្ឋាភិបាលមានតែភារកិច្ចដឹកនាំការងារប្រចាំថ្ងៃតែប៉ុណ្ណោះ៕
No comments:
Post a Comment
yes