Thursday, December 19, 2013

គ.ជ.ប៖គ្មាន​ច្បាប់​បោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​
បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ តើ​ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ទាមទារ​នោះ​បាន​ឬ​ទេ?

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា មិន​មាន​ចែង​អំពី​នីតិវិធី​បោះ​ឆ្នោត​ឡើង​វិញ ក្រោយ​ពេល​មាន​ការ​តវ៉ា​ចប់​សព្វ​គ្រប់​របស់​ភាគី​ចូល​រួម​បោះ​ឆ្នោត​នៅ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។
លោក ទេព នីថា អគ្គលេខាធិការ​របស់ គ.ជ.ប បាន​ថ្លែង​ថា នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា ការ​បោះ​ឆ្នោត​មាន​តែ ៣​ករណី​ប៉ុណ្ណោះ។ ទី​១ ការ​បោះ​ឆ្នោត​ធម្មតា​រៀង​រាល់ ៥​ឆ្នាំ​ម្តង។ ទី​២ ការ​បោះ​ឆ្នោត​សាថ្មី​នៅ​កន្លែង​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត និង​ទី​៣ ការ​បោះ​ឆ្នោត​ក្រោយ​ពេល​មាន​ការ​រំលាយ​សភា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កំណត់។
លោក ទេព នីថា៖ «តាម​ច្បាប់​បោះ​ឆ្នោត​ដែល​នៅ​ជា​ធរមាន ពុំ​មាន​ករណី​បោះ​ឆ្នោត​អ៊ីចឹង​ទេ ពីព្រោះ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​នោះ វា​មាន​របៀប ៣​យ៉ាង បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ហ្នឹង។ រួច​ដល់​ឥឡូវ ករណី​ទាំងអស់​នោះ​វា​អត់​មាន ហើយ​ករណី​បោះ​ឆ្នោត​ដោយសារ​រំលាយ​សភា វា​ឲ្យ​ធ្វើ ៦០​ថ្ងៃ​ក្រោយ​សភា​រំលាយ ហើយ​គេ​ហៅ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សភា​ថ្មី​តាម​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង យើង​មើល​តាម​អា ៣​ចំណុច​ហ្នឹង ទាក់ទង​ការ​បោះ​ឆ្នោត​ហ្នឹង ក្រៅ​ពី​ហ្នឹង វា​អត់​មាន​សមត្ថកិច្ច​ទាក់ទង​ការ​បោះ​ឆ្នោត​របស់ គ.ជ.ប ទេ។ ហើយ​ករណី​បោះ​ឆ្នោត​២០១៣ កន្លង​មក​នេះ បើ​និយាយ​ទៅ ទាំង​ការ​ជាក់ស្តែង ទាំង​ផ្លូវ​ច្បាប់ ចប់​សព្វ​គ្រប់​អស់​ហើយ។ ហើយ​ការ​ទាមទារ​អ្វី​នោះ គឺ​ថា បើ​និយាយ​តាម​ផ្លូវ​ច្បាប់ គឺ​ធ្វើ​មិន​បាន​ទេ»

ប៉ុន្តែ ចំពោះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) វិញ បាន​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​បើ​សិន​ជា​មាន​ហេតុផល​មួយ​ចំនួន ដូច​ជា មាន​វិបត្តិ​នយោបាយ ឬ​មាន​ការ​យល់​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​ពី​គណបក្ស​ដែល​ចូល​រួម​បោះ​ឆ្នោត​ជាដើម៖ «តែ​គ្រាន់​តែ​ថា រឿង​មិន​ប្រក្រតី​ទាក់ទង​រឿង​បោះ​ឆ្នោត​ឡើង​វិញ​នោះ វា​ចប់​ហើយ ដោយសារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គ.ជ.ប អី​គេ​សម្រេច​អស់​ហើយ។ អា​នេះ​ហេតុផល ភាព​មិន​ប្រក្រតី​វា​អត់​រួច​ទេ​ណា។ តែ​បើ​ថា ហេតុផល​នយោបាយ​សម្ពាធ​នយោបាយ បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ​ដែរ គឺ​ថា​មាន​សម្ពាធ​នយោបាយ រហូត​ដល់​វិបត្តិ​នយោបាយ មិន​អាច​ដំណើរ​បាន​អ៊ីចឹង​ទៅ អា​ហ្នឹង​ធម្មតា។ យើង​អ្នក​ប្រកួត ចង់​ឲ្យ​មាន​ឆន្ទៈ​នយោបាយ ចង់​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​អ៊ីចឹង​ទៅ គេ​អាច​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ»
ទាក់ទង​ការ​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា មាន​មូលហេតុ​ជាច្រើន ដែល​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ជឿ​ថា​ពិត​ជា​ឈ្នះ មាន​អ្នក​គាំទ្រ​ច្រើន​មែន មិន​គួរ​ខ្លាច​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ៖ «ហេតុផល​ទី​១ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នេះ ដោយសារ​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ជា​អង្គការ​ឯករាជ្យ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាស់ ជុំវិញ​ការ​បោះ​ឆ្នោត​កន្លង​មក។ ហើយ​យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​នោះ គណបក្ស​ប្រជាជន គេ​មិន​ព្រម​ធ្វើ​ការ​ស៊ើប​អង្កេត ដោយសារ​គេ​ដឹង​ថា ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ ច្បាស់​ជា​ឃើញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ហើយ​គាត់​នឹង​អា​ម៉ាស​មុខ ហើយ​គាត់​ដឹង​ថា គាត់​ចាញ់​ហើយ។ យើង​បន្ធូរបន្ថយ​ឲ្យ​គាត់​ខ្លះ អ៊ីចឹង​បើ​គាត់​មិន​ហ៊ាន​ស៊ើប​អង្កេត​ឡើង​វិញ​ទេ អ៊ីចឹង​បោះ​ឆ្នោត​ឡើង​វិញ​ទៅ បើ​សិន​ណា​គាត់​គិត​ថា គាត់​ប្រាកដ​ជា​ឈ្នះ​មែន»
រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​មាត្រា​៧៨ បាន​ចែង​ថា នីតិកាល​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​អាណត្តិ​ឡើយ វៀរលែង​តែ​ក្នុង​ករណី​ដែល​រាជ​រដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល ១២​ខែ។ ក្នុង​ករណី​នេះ ព្រះមហាក្សត្រ​ត្រូវ​រំលាយ​រដ្ឋសភា ក្រោយ​ពី​ព្រះអង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយក​រដ្ឋមន្ត្រី និង​បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។ ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​រដ្ឋសភា​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ៦០​ថ្ងៃ​យ៉ាង​យូរ ចាប់​តាំង​ពី​ថ្ងៃ​រំលាយ​សភា​មក។ ក្នុង​រយៈ​កាល​នេះ រាជ​រដ្ឋាភិបាល​មាន​តែ​ភារកិច្ច​ដឹក​នាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes