Thursday, December 19, 2013

ទៀបាញ់កំពុង​ចេញមុខ​ការពារ​អំពើ​ឈ្លានពាន​របស់​យួន​ដោយ​គ្មាន​សេចក្តី​អៀនខ្មាស​

នៅក្នុង​ប្រទេសជិតខាង​នៃ​ប្រទេស​កម្ពុជា​កម្លាំងប្រដាប់អាវុធ​ត្រូវបាន​គេ​ចាត់​ទុក​ជា​កងកម្លាំងរ​បស់​ជាតិ ដោយមាន​តួនាទី​ការពារ​បូរណ​ភាព​​ទឹកដី​និង​ការពារ​ប្រជាពលរដ្ឋ ហើយ​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា​កងក​ម្លាំង​ប្រ​ដាប់​អាវុ​ធ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ការពារ​ផលប្រយោជន៍​និង​ការពារ​អំណាច​របស់​គណបក្ស​ប្រជាជន ហើយ​ពេលខ្លះ​សមត្ថកិច្ច​ប្រដាប់អាវុធ​ត្រូវបាន​គេ​បញ្ជា​ឱ្យប្រើ​អំពើហិង្សា​លើ​ពលរដ្ឋ​ស្លូតត្រង់​យ៉ាង​សាហាវព្រៃផ្សៃ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រ​ដាប់អា​វុធ​ក្នុងប្រទេស​កម្ពុជា​បំពេញ​តួនាទី​ក្នុង​ការបម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រយោជន៍​របស់​ពលរដ្ឋ ព្រោះ​កម្លាំង​ប្រ​ដាប់​អាវុធ​បើក​ប្រាក់ខែ​បានមកពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​។​
​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧  ខែធ្នូ ឆ្នាំ​២០១៣ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ទាហាន​មាន​ភាពក្លាហាន​ចូលរួម​មហា​បាតុកម្ម​ទាំងអស់គ្នា​ដើម្បី​ការផ្លាស់ប្តូរ​ដោយ​មិនត្រូវ​រង​ការហាមឃាត់​ឬ​រារាំង​ពី​ថ្នាក់លើ​នោះទេ​។ ការលើកឡើង​របស់លោក កឹម សុខា ត្រូវបាន​គេ​កត់សម្គាល់ថា​ជាការ​ឆ្លើយតប​ទៅនឹង​សេចក្តីអំពាវនាវ​របស់​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​រដ្ឋាភិបាល​មិន​ស្របច្បាប់ កាលពី​ថ្ងៃទី​១២ ខែធ្នូ ដែល​បាន​ព្រមាន​កងយោធពល​ខេមរភូមិន្ទ​កុំឱ្យ​ធ្លាក់​ក្នុង​ឧបាយកល​របស់​គណបក្ស​ប្រឆាំង ហើយ​ចោទថា​គណបក្សប្រឆាំង​មានបំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ទៀតផង​។
សំដី​របស់ ទៀ បាញ់ កាលពី​ថ្ងៃទី​១២ ខែធ្នូ ធ្វើឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ក្លា ព្រោះ​លោក ទៀ បាញ់ ហាក់ដូចជា​ចាត់ទុក​កងកម្លាំងប្រដាប់អាវុធ គឺជា​កម្មសិទ្ធិ​របស់​គ​ណ​បក្ស​ប្រជាជន​និង​បម្រើ​តែ​ផលប្រយោជន៍​គណបក្ស​ប្រជាជន​។
នៅក្នុង​គេហទំព័រ​របស់​គណបក្ស​ប្រជាជន​ដែលជា​គណបក្ស​ចាញ់ឆ្នោត​បាន​ដកស្រង់​សំដី​របស់ ទៀ បាញ់ ដែល​បាន​ចោទ​គណបក្ស​សង្គ្រោះ​​ជាតិ​ថា បាន​ប្រើ​លេស​ជាតិ​ជ្រុលនិយម​អំពី​យួន​ឈ្លានពាន​ទឹកដី​កម្ពុជា​ដើម្បីឱ្យ​ខ្មែរ​បង្ក​ភាព​អមិត្ត​ដល់​ប្រទេស​យួន​និង​បំបែកបំបាក់​សាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ​។ សំដី​របស់ ទៀ បាញ់​បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់ថា ទៀ បាញ់ កំពុងតែ​ចេញមុខ​ការពារ​អំពើ​ឈ្លានពាន​របស់​យួន​យ៉ាង​ក្រអឺតក្រទម ហើយ​គេ​អាច​វាយតម្លៃថា​គណបក្ស​ប្រជាជន​នៅតែ​ជា​ឧបករណ៍​របស់​យួន​។ ការដែល ទៀ បាញ់ ព្រមាន​មិនឱ្យ​កងយោធពល​ខេមរភូមិន្ទ ចូលរួម​គាំទ្រ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានន័យថា​លោក ទៀ បាញ់ កំពុង​ព្រួយបារម្ភ​ខ្លាច​កងកម្លាំងប្រដាប់អាវុធ​លែង​គាំទ្រ​គណបក្ស​ប្រជាជន​តទៅទៀត​។​
​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៣​ថា កងកម្លាំងប្រដាប់អាវុធ​និង​ទាហាន​សុទ្ធតែ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​ហើយ​ការជំរុញ​របស់​មន្ត្រី​ថ្នាក់លើ​មិនឱ្យ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​ដើម្បី​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ គឺ​ពុំមាន​ប្រសិទ្ធភាព​ឡើយ​។ លោក កឹម សុខា បាន​មានប្រសាសន៍ថា “​ទាំង​មន្ត្រីរាជការ ទាំង​កម្លាំងប្រដាប់អាវុធ ទាំងអស់​គឺ​គេ​ចង់ឱ្យមាន​ការផ្លាស់ប្តូ​រ ពេលវេលា​ដែល​ត្រូវ​ផ្លាស់ប្តូរ​បានមក​ដល់​ហើយ គឺ​អ្នកណា​ក៏​មិនអាច​ឃាត់​បានដែរ​…”​។ ការលើកឡើង​របស់លោក កឹម សុខា បែបនេះ​គឺជា​រឿង​សមស្រប​ព្រោះ​ជាក់ស្តែង​កងកម្លាំងប្រដាប់អាវុធ​ទូទៅ​បានដឹង​យ៉ាងច្បាស់​ថា​គណបក្ស​ប្រជាជន​គឺជា​គណបក្ស​ចាញ់ឆ្នោត ហើយ​ខំប្រឹង​ក្រាញ​អំណាច​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ​យ៉ាង​ងងើល​។ មិនតែប៉ុណ្ណោះ​នៅពេលដែល​ព្រួយបារម្ភ​ខ្លាច​កងកម្លាំង​ប្រ​ដាប់អាវុធ​លែង​គាំទ្រ​គណបក្ស​ប្រជាជន​តទៅទៀត​ស្រាប់តែ ទៀ បាញ់ បាន​បើក​ការវាយប្រហារ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ទទឹង​ទិស​។​
​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា លោក ទៀ បាញ់ គួរតែ​ឆ្លុះកញ្ចក់​មើលមុខ​ខ្លួនឯង​ឱ្យ​ច្បាស់​ថា​តើ​ខ្លួនឯង​ជា​នរណា ហើយ​ហេតុអ្វី​បានជា​ចេញមុខ​ការពារ​អំពើ​ឈ្លានពាន​របស់​យួន​ដោយ​ឥត​អៀនខ្មាស​។ លោក ទៀ បាញ់ ខ្លួនឯង​គឺជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​គណបក្ស​ចាញ់ឆ្នោត​ដូច្នេះ​គួរតែមាន​សេចក្តី​អៀនខ្មាស​នៅពេលដែល​គណបក្ស​ប្រជាជន​ក្រាញ​អំណាច​បំពាន​លើ​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ជាងនេះទៅទៀត ទៀ បាញ់ មិនគួរ​ហាមឃាត់​យោធា ក្នុងការ​ចូលរួម​គាំទ្រ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ព្រោះ​យោធា​ក៏​ជា​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​សព្វបែបយ៉ាង​ស្របតាម​រដ្ឋធម្មនុញ្ញ​ដែរ​។ ការដែល​លោក ទៀ បាញ់ ព្រមាន​កងទ័ព​មិនឱ្យ​ចូលរួម​គាំទ្រ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មានន័យថា​គណបក្ស​ប្រជាជន​គ្មាន​ទំនុកចិត្ត​លើ​កងទ័ព​ទៀត​ទេ​។​
​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ស្ថានភាព​នយោបាយ​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំង​កងរាជអាវុធហត្ថ យោធា និង​នគរបាល សុទ្ធតែ​បានដឹង​យ៉ាងច្បាស់​ថា​គណបក្ស​ប្រជាជន​ជា​គណបក្ស​ចាញ់ឆ្នោត​។ មេបញ្ជាការ​យោធា​ជាន់ខ្ពស់​រាប់ទាំង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​រដ្ឋាភិបាល​មិន​ស្របច្បាប់​មិនអាច​បិទបាំង​បរាជ័យ​របស់​គណបក្ស​ប្រជាជន​បានទេ ព្រោះ​រហូតមក​ដល់ពេលនេះ​បក្ស​ប្រជាជន​មិន​ហ៊ាន​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ដើម្បី​សើរើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នោះឡើយ ហើយ​ថែមទាំង​អូសបន្លាយ​ពេលវេលា​រហូត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឡើងវិញ​៕​

No comments:

Post a Comment

yes