លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ (កណ្តាល ពាក់មួក និងកាន់ម៉ៃក្រូហ្វូន) ថ្លែងទៅកាន់បាតុករគណបក្សសង្រ្គោះជាតិនៅទីលានប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន/
ឡាយ សាមាន
ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ឲ្យដឹងថា លោកនឹងដាក់លិខិតជាថ្មីទៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ពីគម្រោងបាតុកម្មដង្ហែក្បួនដោយសន្តិវិធី នៅសប្តាហ៍ក្រោយនេះ នៅខាងមុខក្រសួងព័ត៌មាន ដើម្បីទាមទារសុំដំទ្បើងកម្លាំងផ្សាយវិទ្យុបន្តទៅខេត្ត និងសុំហ្វ្រេកង់ស៍សម្រាប់បង្កើតទូរទស្សន៍។
លោក ម៉ម សូណង់ដូ ឲ្យដឹងតាមសេចក្តីជូនដំណឹងថា បាតុកម្មដង្ហែក្បួននេះ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ អំឡុងម៉ោងធ្វើការ ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដោយកំណត់ចំនួនមិនលើសពី២០០នាក់ឡើយ។ លោកបន្តថា ក្បួនបាតុកម្ម នឹងប្រមូលផ្តុំនៅលើទីលានប្រជាធិបតេយ្យ ដង្ហែទៅកាន់មុខក្រសួងព័ត៌មាន ហើយប្រសិនបើចំនួនបាតុករ ដែលចូលរួមបាតុកម្មនេះ កើន ឡើងលើសពីចំនួនកំណត់នោះ គឺលោកមិនមានសិទ្ធិហាមឃាត់នោះទេ។
លោក ម៉ម សូណង់ដូ ប្តេជ្ញាថា លោកនឹងធ្វើបាតុកម្មជារៀងរាល់សប្តាហ៍ រហូតដល់ការទាមទារបានទទួលជោគជ័យ។
កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ឲ្យដឹងថា គម្រោងបាតុកម្មរបស់ លោក ម៉ម សូណង់ដូ ជាយុទ្ធសាស្ត្រ ខ្ចីលុយថែមកុំឲ្យក្រសួងព័ត៌មានទារលុយ ពីព្រោះក្រសួងកំពុងទារលុយដែលលោក ម៉ម សូណង់ដូ ជំពាក់ថ្លៃពន្ធក្រសួង រាប់រយលានរៀល។
ប៉ុន្តែ លោក ម៉ម សូណង់ដូ បានបដិសេធការជំពាក់ពន្ធនេះ ដោយលោកអះអាងថា ប្រទេសកម្ពុជា ពុំមានច្បាប់ស្តីពីថ្លៃពន្ធសោតទស្សន៍ទេ ហើយការដែលក្រសួងព័ត៌មានប្រមូលពន្ធពីស្ថានីយ៍វិទ្យុកន្លងមក គឺជាការមិនត្រឹមត្រូវទេ៕
No comments:
Post a Comment
yes