
លោក សម រង្ស៊ី ឈរមើលគ្រឿងចក្រក្រុមហ៊ុនវៀតណាមនៅព្រៃឡង់
រូបថត វីដេអូឃ្លីប
មេដឹកនាំបក្សប្រឆាំងបានអះអាងថា ក្រុមហ៊ុន វៀតណាម ដែលគ្រប់គ្រងដីសម្បទានរាប់ពាន់ហិកតានៅតំបន់ ព្រៃឡង់ ដែលផ្ដល់ដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែប្រែក្លាយតំបន់នោះទៅជាអាណានិគមថ្មីពួកគេបន្តិចម្ដងៗ។
ប៉ុន្តែ អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំកម្ពុជាបានច្រានចោលការចោទប្រកាន់នេះថា ជាការមូលបង្កាច់គ្មានការពិត ហើយអះអាងថា ក្រុមហ៊ុន វៀតណាម ទាំងនោះពុំមានមហិច្ឆតាយកតំបន់ណាមួយនៅកម្ពុជាធ្វើជាអាណានិគមខ្លួនទេ។
ខណៈកំពុងចុះទៅពិនិត្យមើលតំបន់ ព្រៃឡង់ កាលពីថ្ងៃពុធនៅក្នុងស្រុក សណ្ដាន់ ខេត្ត កំពង់ធំ លោកប្រធាន សម រង្ស៊ី និងអនុប្រធានលោក កឹម សុខា ដែលដឹកនាំតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិបានចុះទៅដល់ក្រុមហ៊ុន វៀតណាម CRCK មានទីតាំងនៅក្នុងតំបន់ ព្រៃឡង់ ជាទីដែលរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចរយៈពេល ៩៩ ឆ្នាំ។
នៅក្នុងវីដេអូឃ្លីបបង្ហោះ លើទំព័រ ហ្វេសប៊ុក របស់លោក សម រង្ស៊ី កាលពីម្សិលមិញ លោក សម រង្ស៊ី បានចោទប្រកាន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាអ្នកធ្វើឲ្យក្រុមហ៊ុន វៀតណាម ទាំងនេះទទួលបានដីសម្បទាន មកធ្វើវិនិយោគនៅក្នុងតំបន់ ព្រៃឡង់ នៅកម្ពុជា ប៉ុន្តែ ថា ក្រុមហ៊ុនទាំងនេះមិនទាន់បានធ្វើវិនិយោគអ្វីមួយនៅឡើយ ក្រៅតែពីការបំផ្លិចបំផ្លាញព្រៃឈើ ចាប់ពីពួកគេបានទទួលដីនេះពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តាំងពីឆ្នាំ ២០១០។
លោក សម រង្ស៊ី មានប្រសាសន៍ថា៖ «បើយើងនៅ តែបណ្ដោយឲ្យក្រុមហ៊ុននេះបន្តសកម្មភាពទៀតនោះ ក្រុមហ៊ុននេះនឹងកាប់រានកាន់តែជ្រៅទៅៗ គឺថា ពួកគេនឹងបញ្ចប់តំបន់ ព្រៃឡង់ ទាំងអស់។ ឥឡូវនេះយើងបានមើលឃើញសកម្មភាពពួកគេ កំពុងតែបន្តបំផ្លិចបំផ្លាញថែមទៀត»។
លោក សម រង្ស៊ី បានថ្លែងបន្ថែមថា៖ «ប្រជាពលរដ្ឋបានប្រាប់ខ្ញុំថា កម្មករជំនាញនិងមេការត្រូវបាននាំយកពីប្រទេស យួន។ ពួកគេបានបង្កើតភូមិ យួន ដោយអនុញ្ញាតឲ្យយួនចូលមករស់នៅលើទឹកដីខ្មែរ។ តំបន់នេះបានក្លាយជាតំបន់អាណានិគមគ្រប់គ្រងដោយ យួន ហើយផ្នែកសេដ្ឋកិច្ចវិញគឺ យួន ជាម្ចាស់។ បើសិនសេដ្ឋកិច្ចត្រូវបានគេគ្រប់គ្រងមែន ថ្ងៃក្រោយនយោបាយក៏ត្រូវគេគ្រប់គ្រង ទាហានក៏ត្រូវគេគ្រប់គ្រងដែរគឺថាតំបន់នេះ នឹងក្លាយជាទឹកដីដែល យួន គ្រប់គ្រងទាំងស្រុងមិនខាន។ យើងជាខ្មែរដែលជាម្ចាស់ទឹកដី យើងកំពុងតែបាត់បង់អ្វីៗគ្រប់យ៉ាង។ បងប្អូន! ក្រោកឈរឡើងជួយសង្គ្រោះជាតិយើង»។
នៅក្នុងវីដេអូឃ្លីបរបស់ លោក សម រង្ស៊ី មួយទៀតដែលមេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីររូបកំពុងជួបជជែក ជាមួយពលរដ្ឋរស់នៅទីនោះ។ ស្ត្រីម្នាក់និងបុរសម្នាក់បាននិយាយប្រាប់មេដឹកនាំបក្សប្រឆាំងទាំងពីរថា ចម្ការខ្នុរគាត់និងចម្ការស្វាយចន្ទីរបស់អ្នកភូមិត្រូវគេកាប់បំផ្លាញដោយគ្មានដំណោះស្រាយ។
លោក សម រង្ស៊ី បានសន្យានឹងពួកគាត់ថា នៅពេលគណបក្សសង្គ្រោះជាតិដឹកនាំប្រទេសនោះ គណបក្សនេះនឹងពិនិត្យមើលច្បាប់កិច្ចសន្យាដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះហត្ថលេខាផ្ដល់ដីរាប់ពាន់ហិកតាទៅឲ្យក្រុមហ៊ុនឯកជន ជាពិសេសក្រុមហ៊ុន វៀតណាម ដែលបានកាប់បំផ្លាញនិងឈូសឆាយដីស្រែចម្ការប្រជាពលរដ្ឋ ហើយថា លោកនឹងនាំយកធនធានខ្មែរទុកសម្រាប់ជាតិនិងប្រជាពលរដ្ឋ។
លោក ត្រាន វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យវិនិយោគិនបរទេសមកវិនិយោគនៅ កម្ពុជា ហើយនៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ ក៏មានក្រុមហ៊ុន វៀតណាម ដែលកំពុងតែវិនិយោគនៅកម្ពុជាស្របតាមច្បាប់កម្ពុជាផងដែរ។
លោកថ្លែងថា៖ «ការវិនិយោគនេះមានផលប្រយោជន៍ច្រើនចំពោះភាគីទាំងសងខាង។ ក្រុមហ៊ុន វៀតណាម ដែលកំពុងតែធ្វើវិនិយោគនៅកម្ពុជានេះក៏ជួយផ្ដល់ការងារដល់ពលករកម្ពុជារាប់ពាន់នាក់ដែរ។ យើងមិនចាប់អារម្មណ៍ចំពោះការមួលបង្កាច់នេះទេ។ យើងមិនដឹងពីមូលហេតុដែលពួកគេមួលបង្កាច់ដូច្នេះឡើយ»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ថ្លែងស្រដៀងនឹងមន្ត្រីទូត វៀតណាម ដែរ ដោយថ្លែងថា អ្វីដែលមេដឹកនាំគណបក្សសង្គ្រោះជាតិបានចោទប្រកាន់នោះ គឺគ្រាន់តែជាការវាយប្រហារខាងនយោបាយប៉ុណ្ណោះ ហើយថា រដ្ឋាភិបាលមានផែនការច្បាស់លាស់លើការអភិរក្សនិងការអភិវឌ្ឍ។
លោកអះអាងថា៖ «ការអភិវឌ្ឍនេះនឹងនាំមកនូវផលចំណេញដើម្បីជួយដោះស្រាយបញ្ហាសង្គម»៕
No comments:
Post a Comment
yes