លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានជម្រាបជូនលោកអភិបាលរាជធានីភ្នំពេញថា ចំពោះការធ្វើបាតុកម្មអហិង្សា នៅរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ ក្រសួងមហាផ្ទៃសម្រេចដូចតទៅៈ
១.អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យ ចំនួន១ថ្ងៃនៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១៨:០០នាទីល្ងាច ដោយមានអ្នកចូលរួមមិនលើសពី១០.០០០នាក់(មួយម៉ឺន) ដែលសមាមាត្រទំហំផ្ទៃក្រឡា នៃទីលានប្រជាធិបតេយ្យ។ចំពោះការធ្វើបាតុកម្មក្រោយៗទៀតគណបក្សសង្គ្រោះជាតិត្រូវជូនដំណឹងមកសាលារាជធានីភ្នំពេញសារជាថ្មីតាមច្បាប់កំណត់។
២.ឆ្លងតាមបាតុកម្មដែលកើតមានឡើងក្នុងការដង្ហែក្បួនបាតុកម្មកន្លងមក បានបង្ហាញឲ្យឃើញថា គណបក្សសង្គ្រោះជាតិ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកម្លាំងដូច្នេះដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការដង្ហែក្បួនពុំគួរអនុញ្ញាតឲ្យមានឡើយ។
៣.សាលារាជធានីភ្នំពេញត្រូវបន្តពិភាក្សាជាមួយគណបក្សសង្គ្រោះជាតិលើបញ្ហាលំអិតជាក់ស្តែងមួយចំនួនទៀត ដើម្បីធានាឲ្យការប្រព្រឹត្តទៅនៃបាតុកម្មប្រកបដោយសន្តិវិធី និងស្របតាមច្បាប់ជាធរមាន។
អាជ្ញាធរសាលារាជធានីភ្នំពេញ បានជួបប្រជុំជាមួយនឹងតំណាងគណបក្សសង្គ្រោះជាតិ អំពីគម្រោងធ្វើបាតុកម្ម កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣។ តែពុំទាន់ឯកភាពគ្នា ដោយសាលារាជធានីភ្នំពេញ ស្នើសុំគោលការណ៍សម្រេចពីក្រសួងមហាផ្ទៃបន្ត។
យ៉ាងណាក៏ដោយ លោក ហូរ វ៉ាន់ តំណាងគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ទោះបីជាក្រសួងមហាផ្ទៃ សម្រេចបែបណាក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរដដែល គឺការជួបជុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ នាថ្ងៃអាទិត្យ ទី១៥ធ្នូ ដោយមានអ្នកចូលរួមយ៉ាងហោចណាស់ ២ ម៉ឺននាក់។ ក្បួនបាតុកម្ម ដែលដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹមសុខា ក៏នឹងដើរហែក្បួនតាមផ្លូវមួយចំនួន រយៈពេល ២ ម៉ោង ផងដែរ។
លោក ហូរ វ៉ាន់ បានបញ្ជាក់ថា នៅថ្ងៃធ្វើបាតុកម្ម នាថ្ងៃអាទិត្យ ទី១៥ធ្នូនោះ គណបក្សសង្គ្រោះជាតិ នឹងដើរហែក្បួន រយៈពេល ២ ម៉ោង តែមិនដឹងព្រឹក ឬពេលរសៀល។ ក្បួនបាតុកម្មនោះ នឹងចេញពីទីលានប្រជាធិបតេយ្យ ទៅកាន់ផ្លូវមុនីវង្ស កាត់តាមផ្លូវកម្ពុជាក្រោម ទៅភ្លើងស្តុបសន្ធរម៉ុក បត់ឆ្វេងតាមផ្លូវម៉ៅសេទុង ដល់ស្តុបផ្សារដើមគរ បត់ឆ្វេង តាមផ្លូវមុនីរ៉េត ឡើងទៅរង្វង់មូលនាងគង្ហីង ចាក់តាមផ្លូវសាលដឺហ្គោល ដល់ផ្លូវមុនីវង្ស បត់ឆ្វេង ឡើងទៅកាន់ទីលានប្រជាធិបតេយ្យ។
លោក ហូរ វ៉ាន់ បន្តថា បាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ដែលមានរយៈពេលពេញមួយថ្ងៃនោះ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនម្ចាស់ឆ្នោត ព្រមទាំងទាមទារឲ្យមានការគោរពសិទ្ធិមនុស្ស និងកុំឲ្យមានការបាញ់ប្រហារ លើក្រុមអ្នកតវ៉ា ដូចករណីនៅក្បាលថ្នល់ កាលពីថ្ងៃទី១៥កញ្ញា និងករណីនៅស្ទឹងមានជ័យ កាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៣។
លោក ហូរ វ៉ាន់ ក៏បានគូសបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ក្នុងពេលធ្វើបាតុកម្មនោះ គណបក្សសង្គ្រោះជាតិ នឹងប្រកាសចេញនូវជំហរទាមទារចុងក្រោយរបស់គណបក្សប្រឆាំង លើបញ្ហានយោបាយ បន្ទាប់ពីស្តាប់សំណូមពររបស់ប្រជាពលរដ្ឋអ្នកចូលរួមបាតុកម្ម ហើយគណបក្សប្រឆាំង នឹងធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋ ថាតើត្រូវធ្វើការតវ៉ាតាមវិធីសាស្ត្របែបណាតទៅទៀត៕
No comments:
Post a Comment
yes