សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 13, 2013

មេ​បក្ស​ប្រឆាំង​ថាវៀតណាមបង្កើត​អាណានិគម​នៅព្រៃឡង់

131213_03
លោក​ សម រង្ស៊ី ឈរមើល​គ្រឿង​ចក្រក្រុម​ហ៊ុន​វៀតណាម​នៅ​ព្រៃ​ឡង់​​​
រូបថត វីដេអូឃ្លីប​
មេដឹកនាំ​បក្ស​ប្រឆាំង​បាន​អះអាង​ថា ក្រុមហ៊ុន វៀតណាម ដែល​គ្រប់​គ្រង​ដី​សម្បទាន​រាប់​ពាន់​ហិកតា​នៅ​តំបន់ ព្រៃឡង់ ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​តែ​ប្រែ​ក្លាយ​តំបន់​នោះ​ទៅ​ជា​អាណានិគម​ថ្មី​ពួក​គេ​បន្តិច​ម្ដងៗ។
ប៉ុន្តែ អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​ការ​មូល​បង្កាច់​គ្មាន​ការ​ពិត ហើយ​អះអាង​ថា ក្រុមហ៊ុន វៀតណាម ទាំង​នោះ​ពុំ​មាន​មហិច្ឆតា​យក​តំបន់​ណា​មួយ​នៅ​កម្ពុជា​ធ្វើ​ជា​អាណានិគម​ខ្លួន​ទេ។
ខណៈ​កំពុង​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់ ព្រៃឡង់ កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ លោក​ប្រធាន សម រង្ស៊ី និង​អនុ​ប្រធាន​លោក កឹម សុខា ដែល​ដឹក​នាំ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​ដល់​ក្រុមហ៊ុន វៀតណាម CRCK មាន​ទីតាំង​នៅ​ក្នុង​តំបន់ ព្រៃឡង់ ជា​ទី​ដែល​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​រយៈ​ពេល ៩៩ ឆ្នាំ។
នៅ​ក្នុង​វីដេអូ​ឃ្លីប​បង្ហោះ លើ​ទំព័រ ហ្វេសប៊ុក របស់​លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺជា​អ្នក​ធ្វើ​ឲ្យ​ក្រុមហ៊ុន វៀតណាម ទាំង​នេះ​ទទួល​បាន​ដី​សម្បទាន មក​ធ្វើ​វិនិយោគ​នៅ​ក្នុង​តំបន់ ព្រៃឡង់ នៅ​កម្ពុជា ប៉ុន្តែ ថា ក្រុមហ៊ុន​ទាំង​នេះ​មិន​ទាន់​បាន​ធ្វើ​វិនិយោគ​អ្វី​មួយ​នៅ​ឡើយ ក្រៅ​តែ​ពី​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ ចាប់​ពី​ពួកគេ​បាន​ទទួល​ដី​នេះ​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន តាំង​ពី​ឆ្នាំ ២០១០។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា៖ «បើ​យើង​នៅ តែ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ​បន្ត​សកម្មភាព​ទៀត​នោះ ក្រុមហ៊ុន​នេះ​នឹង​កាប់​រាន​កាន់​តែ​ជ្រៅ​ទៅៗ គឺថា ពួកគេ​នឹង​បញ្ចប់​តំបន់ ព្រៃឡង់ ទាំង​អស់​។ ឥឡូវ​នេះ​យើង​បាន​មើល​ឃើញ​សកម្មភាព​ពួក​គេ កំពុង​តែ​បន្ត​បំផ្លិច​បំផ្លាញ​ថែម​ទៀត»។
លោក សម រង្ស៊ី បាន​ថ្លែង​បន្ថែម​ថា៖ «ប្រជា​ពលរដ្ឋ​បាន​ប្រាប់​ខ្ញុំ​ថា កម្មករ​ជំនាញ​និង​មេការ​ត្រូវ​បាន​នាំ​យក​ពី​ប្រទេស យួន។ ពួកគេ​បាន​បង្កើត​ភូមិ យួន ដោយ​អនុញ្ញាត​ឲ្យ​យួន​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​។ តំបន់​នេះ​បាន​ក្លាយ​ជា​តំបន់​អាណានិគម​គ្រប់​គ្រង​ដោយ យួន ហើយ​ផ្នែក​សេដ្ឋកិច្ច​វិញ​គឺ យួន ជា​ម្ចាស់។ បើ​សិន​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​គ្រប់​គ្រង​មែន ថ្ងៃ​ក្រោយ​នយោបាយ​ក៏​ត្រូវ​គេ​គ្រប់​គ្រង ទាហាន​ក៏​ត្រូវ​គេ​គ្រប់​គ្រង​ដែរ​គឺ​ថា​តំបន់​នេះ នឹង​ក្លាយ​ជា​ទឹក​ដី​ដែល យួន គ្រប់​គ្រង​ទាំង​ស្រុង​មិន​ខាន។ យើង​ជា​ខ្មែរ​ដែល​ជា​ម្ចាស់​ទឹក​ដី យើង​កំពុង​តែ​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង។ បង​ប្អូន! ក្រោក​ឈរ​ឡើង​ជួយ​សង្គ្រោះ​ជាតិ​យើង»។
នៅ​ក្នុង​វីដេអូ​ឃ្លីប​របស់ លោក សម រង្ស៊ី មួយ​ទៀត​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ​រូប​កំពុង​ជួប​ជជែក ជាមួយ​ពល​រដ្ឋ​រស់​នៅ​ទី​នោះ​។ ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​បាន​និយាយ​ប្រាប់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ទាំង​ពីរ​ថា ចម្ការ​ខ្នុរ​គាត់​និង​ចម្ការ​ស្វាយ​ចន្ទី​របស់​អ្នក​ភូមិ​ត្រូវ​គេ​កាប់​បំផ្លាញ​ដោយ​គ្មាន​ដំណោះស្រាយ។
លោក សម រង្ស៊ី បាន​សន្យា​នឹង​ពួក​គាត់​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​ប្រទេស​នោះ គណបក្ស​នេះ​នឹង​ពិនិត្យ​មើល​ច្បាប់​កិច្ច​សន្យា​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ផ្ដល់​ដី​រាប់​ពាន់​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ជា​ពិសេស​ក្រុមហ៊ុន វៀតណាម ដែល​បាន​កាប់​បំផ្លាញ​និង​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ប្រជា​ពលរដ្ឋ ហើយ​ថា លោក​នឹង​នាំ​យក​ធនធាន​ខ្មែរ​ទុក​សម្រាប់​ជាតិ​និង​ប្រជា​ពលរដ្ឋ។
លោក ត្រាន វ៉ាន់ថុង អ្នក​នាំ​ពាក្យ​ស្ថានទូត វៀតណាម ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​បរទេស​មក​វិនិយោគ​នៅ កម្ពុជា ហើយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ក៏​មាន​ក្រុមហ៊ុន វៀតណាម ដែល​កំពុង​តែ​វិនិយោគ​នៅ​កម្ពុជា​ស្រប​តាម​ច្បាប់​កម្ពុជា​ផង​ដែរ។
លោក​ថ្លែង​ថា៖ «ការ​វិនិយោគ​នេះ​មាន​ផល​ប្រយោជន៍​ច្រើន​ចំពោះ​ភាគី​ទាំង​សងខាង។ ក្រុមហ៊ុន វៀតណាម ដែល​កំពុង​តែ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា​នេះ​ក៏​ជួយ​ផ្ដល់​ការងារ​ដល់​ពលករ​កម្ពុជា​រាប់​ពាន់​នាក់​ដែរ។ យើង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​មួល​បង្កាច់​នេះ​ទេ។ យើង​មិន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មួល​បង្កាច់​ដូច្នេះ​ឡើយ»។
អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន ថ្លែង​ស្រដៀង​នឹង​មន្ត្រី​ទូត វៀតណាម ដែរ ដោយ​ថ្លែង​ថា អ្វី​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​នោះ គឺ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​ខាង​នយោបាយ​ប៉ុណ្ណោះ ហើយ​ថា រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់​លាស់​លើ​ការ​អភិរក្ស​និង​ការ​អភិវឌ្ឍ។
លោក​អះអាង​ថា៖ «ការ​អភិវឌ្ឍ​នេះ​នឹង​នាំ​មក​នូវ​ផល​ចំណេញ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សង្គម»៕ 

No comments:

Post a Comment

yes