
លោក ស ខេង មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច
(រូបភាពដោយ តាំង វីដា)
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង ឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា លោក នឹងទាក់ទង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
កាលពីថ្ងៃទី ១៥ ខែធ្នូ គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរចុងក្រោយរបស់ខ្លួន ទាមទារការបោះឆ្នោតឡើងវិញ និងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង ដោយដឹកនាំមហាបាតុកម្មជារៀងរាល់ថ្ងៃ មានបាតុករចូលរួមរាប់ម៉ឺននាក់ ដង្ហែក្បួនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង ប្រាប់VODថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រទេសកម្ពុជាជួបកលិយុគ។ លោកបន្តថា ការទាមទារបោះឆ្នោតឡើងវិញ លុះណាគណបក្សទាំងពីរចរចាគ្នាលម្អិត ដើម្បីសិក្សាពីមូលហេតុ និងភាពមិនប្រក្រតី មិនអាចស្តាប់យោបល់តែម្ខាងនោះទេ។
លោក ស ខេង ចាត់ទុកថា ការរកឃើញរបស់អង្គការសង្គមស៊ីវិលពីភាពមិនប្រក្រតីនៃការបោះឆ្នោត គឺមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពបញ្ហាទាំងមូលនោះទេ ព្រោះសង្គមស៊ីវិលមួយចំនួន មិនមានឯករាជ្យភាពត្រឹមត្រូវនោះទេ។
VOD មិនទាន់អាចសុំការឆ្លើយតបពីប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បាននៅឡើយទេ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សនេះ លោក យឹម សុវណ្ណ អះអាងថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះកិច្ចចរចាដែលមានប្រសិទ្ធភាពត្រឹមត្រូវ មិនដូចកិច្ចចរចា មុនៗទេ។ លោកថា គណបក្សលោកនៅតែទាមទារការបោះឆ្នោតឡើងវិញ ដើម្បីបង្ហាញការពិត និងឆ្លើយតបទៅនឹងការទាមទាររបស់ពលរដ្ឋខ្មែរ ជាង ៨០% មិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត តាមការប៉ាន់ស្មានរបស់គណបក្សនេះ៕
No comments:
Post a Comment
yes