
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់បាតុករនា
ពេលកន្លងមក នៅទីលានប្រជាធិបតេយ្យ (រូបភាពដោយ តាត ឧត្តម)
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងចំអកឲ្យ លោកហ៊ុន សែន ថា ទៅទទួលការបង្រៀនពីមេដឹកនាំវៀតណាម ខណៈលោក ហ៊ុន សែន ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះ។
លោកសម រង្ស៊ី បានថ្លែងដូចនេះ កាលពីយប់ថ្ងៃទី២៥ ខែធ្នូ លើវេទិកានៅទីលានប្រជាធិបតេយ្យ ខណៈប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ឈរស្ដាប់លោក ថ្លែងពី បញ្ហានយោបាយប្រទេស និងករណីរបស់កម្មករ។
លោក សម រង្ស៊ី បានថ្លែងថា ការធ្វើដំណើររបស់ លោកហ៊ុន សែន នៅវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ គឺសមល្មម ដែលលោកចង់ឃើញ លោកហ៊ុន សែន មិនត្រឡប់មកវិញ។ លោកបន្តថា ប្រជាជនកម្ពុជា លែងគាំទ្រ លោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទៀតហើយ។ លោកសម រង្ស៊ី បានថ្លែងចំអកឲ្យលោកហ៊ុន សែន ដូចនេះថា ៖ "គាត់មានការព្រួយបារម្ភ គាត់ទៅសួរចៅហ្វាយគាត់ថាធ្វើម៉េចឥឡូវហ្នឹង តាមខ្ញុំយល់ ប្រហែលជាយួនអត់សប្បាយចិត្តទេ ពីព្រោះយួនបានបង្រៀនគាត់ ថាឲ្យមកបោកបញ្ឆោតខ្មែរ តែឥឡូវខ្មែរឈប់ជឿ ឥឡូវធ្វើម៉េចទៅ? អញ្ចឹងបានយួនហៅ ហ៊ុន សែន ទៅបង្រៀនម្តងទៀត ប៉ុន្តែត្រូវការរៀនយូរបន្តិច ប្រហែលអត់ឲ្យមកវិញទេ នៅទីនោះទៅ នៅស្រុកយួនទៅ។ ហើយបើនៅស្រុកយួន នៅទៀតទៅ មិនបាច់មកវិញទេ ត្រូវតែរើសនាយករដ្ឋមន្ត្រីថ្មី"។
ប៉ុន្តែ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានប្រតិកម្មថា ប្រសាសន៍របស់ លោក សម រង្ស៊ី ដែលលើកឡើងដូចនេះ មិនបានធ្វើឲ្យខ្មែរចំណេញអ្វីទេ។ លោកបន្តថា លោកហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនរណបប្រទេសណាដែរ ៖ "ប្រទេសវៀតណាម គឺជាដៃគូនៃការទំនាក់ទំនងលើកិច្ចការងារផ្សេងៗជាច្រើន ដែលយើងបានដឹងហើយ អញ្ចឹងគ្មានហេតុផលណាដែលមេដឹកនាំ ត្រូវអនុវត្តទៅតាមសម្តីចោរម្សៀតរបស់លោកសម រង្ស៊ី នោះទេ។ ផ្ទុយទៅវិញ ខ្ញុំបានមើលឃើញថា លោក សម រង្ស៊ី បាននិងកំពុងតែភ្លេចខ្លួនឯងថាជាខ្មែរ ហើយបែរជាញុះញង់ប្រជាពលរដ្ឋឲ្យនាំនូវភាពចលាចលវឹកវរនៅក្នុងសង្គម"។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច បានប្រាប់វីអូឌីថា ការប្រើវោហាសាស្ត្រ វាយប្រហារគ្នា ឬចំអកដាក់គ្នា សម្រាប់នៅប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ តែងតែកើតមាន ប៉ុន្តែលោកបានដាស់តឿនឲ្យអ្នកនយោបាយខ្មែរកុំដើរតាមដានប្រវត្តិសាស្ត្រដែលធ្វើបែកបាក់គ្នា ហើយបាត់ដីទៅប្រទេសជិតខាង ៖ "យើងមានចាំទេប្រវត្តិសាស្ត្រ ដែលខ្មែរបែងចែកចេញជាចេនឡាដីទឹក ចេនឡាដីគោក រហូតការដែលបែងចែកនេះ មានន័យថាខ្មែរវាបែកបាក់ហើយ ចុងក្រោយមកខ្មែរកម្ពុជាក្រោម ខ្មែរកម្ពុជាលើ ខ្មែរកណ្តាល។ ឥឡូវម៉េចមកដល់ខ្មែរសង្គ្រោះជាតិ ខ្មែរស៊ីភីភី តទៅទៀត ឬយ៉ាងម៉េច? តើពេលណាដែលខ្មែរត្រូវគិត តើវារលាយដល់ណាទៀត អញ្ចឹងហើយសូមឲ្យអ្នកនយោបាយឈប់ចាក់សាំងនៅលើភ្លើង ត្រូវចាក់ទឹករកដំណោះស្រាយ បង្កើនសមត្ថភាព និងពង្រីកនូវសក្កានុពលក្នុងការដោះស្រាយនយោបាយ ឲ្យបានឆាប់បំផុត"។
ប្រទេសវៀតណាម ធ្លាប់ត្រូវបាន សហគមន៍អន្តរជាតិ លោកខាងលិចថ្កោលទោស ដោយសារសហគមន៍ទាំងនោះ ចោទថា ចូលលុកលុយកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមលេសរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយបានលើកបន្តុប របបប្រជាមានិត និងរដ្ឋកម្ពុជា ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ តែចាប់តាំងពីឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជកម្ពុជា គឺកម្ពុជានិងវៀតណាម មិនដែលមានភាពល្អក់កករជាមួយគ្នាម្ដងណាឡើយ។ ប៉ុន្តែក្រុមប្រឆាំង រិះគន់ថា វៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជា៕
No comments:
Post a Comment
yes