១០-ធ្នូ-២០១២៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើក
ការដ្ឋានសាងសង់ផ្សារទំនើបរបស់ជប៉ុន នៅក្បែរមជ្ឈមណ្ឌល
កម្សាន្តកោះពេជ្រ រាជធានីភ្នំពេញ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រ ទី២០ ធ្នូ បដិសេធមិនចុះចេញពីតំណែង និងមិនរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឡើងវិញ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ នោះទេ។ ជាងនេះ លោកបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើហ្វូងបាតុកម្មដឹកនាំដោយបក្សប្រឆាំង ដែលប៉ុនប៉ងបិទផ្លូវនាថ្ងៃខាងមុខនោះ។
ការថ្លែងបដិសេធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ គឺជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ នាមន្ទីររដ្ឋសភា។
លោក ហ៊ុន សែន មានប្រសាសន៍ថា រូបលោក ឬព្រះមហាក្សត្រក្តី គ្មានសិទ្ធិរំលាយរដ្ឋសភាទេ ហើយនៅកម្ពុជា គ្មានច្បាប់ណាតម្រូវឲ្យមានការបោះឆ្នោតឡើងវិញឡើយ។ លោកបន្តថា ចំពោះការបោះឆ្នោត អាចធ្វើទៅបានជារៀងរាល់ ៥ឆ្នាំម្តង ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នឹងមិនចុះចេញពីតំណែងទៅតាមការទាមទាររបស់បក្សប្រឆាំងទេ ព្រោះមិនបានប្រព្រឹត្តកំហុសឆ្គង។ ហើយថា រដ្ឋសភាក៏មិនបានទម្លាក់រូបលោកពីតំណែងដែរ។
បន្ថែមលើនេះ លោក ហ៊ុន សែន បានព្រមានទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមានគម្រោងដឹកនាំធ្វើបាតុកម្មបិទផ្លូវសាធារណៈថា ជាទង្វើខុសច្បាប់។ ហើយថា រដ្ឋាភិបាលនឹងឆ្លើយតប ឬមានវិធានការតាមផ្លូវច្បាប់។ លោក ហ៊ុន សែន បានស្នើដល់គណបក្សប្រឆាំងត្រូវមានការប្រុងប្រយ័ត្នចំពោះការធ្វើបាតុកម្មរបស់ខ្លួននោះ។
ឆ្លើយតបទៅនឹងសារព្រមាននេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងថា មិនព្រឺព្រួច ឬញញើតទៅនឹងសារគំរាមរបស់ លោក ហ៊ុន សែន ទេ និងអះអាងថា បន្តដឹកនាំមហាបាតុកម្មនេះតទៅទៀត។
លោក ហូរ វ៉ាន់ បេក្ខជនតំណាងរាស្ត្រ និងជាអនុប្រធានគណៈកម្មការវិន័យគណបក្សសង្គ្រោះជាតិ មិនឆ្លើយតបទៅនឹងសារព្រមានរបស់ លោក ហ៊ុន សែន ថា មេដឹកនាំបក្សសង្គ្រោះជាតិ នៅរក្សាជំហរដឹកនាំមហាបាតុកម្មអហិង្សាដោយគ្មានញញើតនឹងការគំរាមណាមួយទេ។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ក៏បានចេញសេចក្តីអំពាវនាវមួយដល់គណបក្សសង្គ្រោះជាតិ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងបទបញ្ញត្តិនានា ដោយស្មារតីទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ ដើម្បីបុព្វហេតុប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា៕
No comments:
Post a Comment
yes