Friday, December 20, 2013

លោកហ៊ុនសែនបដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង

ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​
ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​
កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង និង​មិន​រៀប​ចំ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ឡើង​វិញ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ជាង​នេះ លោក​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ហ្វូង​បាតុកម្ម​ដឹក​នាំ​ដោយ​បក្ស​ប្រឆាំង ដែល​ប៉ុនប៉ង​បិទ​ផ្លូវ​នា​ថ្ងៃ​ខាង​មុខ​នោះ។

ការ​ថ្លែង​បដិសេធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ នា​មន្ទីរ​រដ្ឋសភា។
លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា រូប​លោក ឬ​ព្រះមហាក្សត្រ​ក្តី គ្មាន​សិទ្ធិ​រំលាយ​រដ្ឋសភា​ទេ ហើយ​នៅ​កម្ពុជា គ្មាន​ច្បាប់​ណា​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ។ លោក​បន្ត​ថា ចំពោះ​ការ​បោះ​ឆ្នោត អាច​ធ្វើ​ទៅ​បាន​ជា​រៀង​រាល់ ៥​ឆ្នាំ​ម្តង ដូច​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ ជាមួយ​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង​ទេ ព្រោះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង។ ហើយ​ថា រដ្ឋសភា​ក៏​មិន​បាន​ទម្លាក់​រូប​លោក​ពី​តំណែង​ដែរ។
បន្ថែម​លើ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ទៅ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គម្រោង​ដឹក​នាំ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​ថា ជា​ទង្វើ​ខុស​ច្បាប់។ ហើយ​ថា រដ្ឋាភិបាល​នឹង​ឆ្លើយ​តប ឬ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន បាន​ស្នើ​ដល់​គណបក្ស​ប្រឆាំង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​បាតុកម្ម​របស់​ខ្លួន​នោះ។

ឆ្លើយ​តប​ទៅ​នឹង​សារ​ព្រមាន​នេះ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា មិន​ព្រឺព្រួច ឬ​ញញើត​ទៅ​នឹង​សារ​គំរាម​របស់ លោក ហ៊ុន សែន ទេ និង​អះអាង​ថា បន្ត​ដឹក​នាំ​មហា​បាតុកម្ម​នេះ​ត​ទៅ​ទៀត។
លោក ហូរ វ៉ាន់ បេក្ខជន​តំណាង​រាស្ត្រ និង​ជា​អនុប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឆ្លើយ​តប​ទៅ​នឹង​សារ​ព្រមាន​របស់ លោក ហ៊ុន សែន ថា មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ នៅ​រក្សា​ជំហរ​ដឹក​នាំ​មហា​បាតុកម្ម​អហិង្សា​ដោយ​គ្មាន​ញញើត​នឹង​ការ​គំរាម​ណា​មួយ​ទេ។
រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប្រយោជន៍​ជាតិ ដើម្បី​បុព្វហេតុ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា៕

No comments:

Post a Comment

yes