មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់បាតុករថា ការធ្វើបាតុកម្មរបស់មហាជនគាំទ្រគណបក្សសង្គ្រោះជាតិ ពុំមានអ្វីខុសច្បាប់ឡើយ គឺស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ មាត្រា៣៥ ខណៈអ្នកគាំទ្រគណបក្សប្រឆាំងនេះ ប្ដេជា្ញថា តវ៉ារហូតមានការផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាល និងការបោះឆ្នោត ឡើងវិញ។
ការវាយបកភ្លាមៗរបស់ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនៅទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃសុក្រ ទី២០ ខែធ្នូដែលជាបាតុកម្មចូលដល់ថ្ងៃទី៦ នៃការទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង និងមានការបោះឆ្នោតឡើងវិញ។
ថ្លែងនៅចំពោះមុខហ្វូងបាតុកររាប់ពាន់នាក់ លោកកឹម សុខា បានបញ្ជាក់ថា ពុំមានមាត្រារដ្ឋធម្មនុញ្ញ ណាមួយ ដែលហាមប្រជាពលរដ្ឋធ្វើបាតុកម្មនោះទេ ហើយជាពិសេស មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ បានផ្ដល់សិទ្ធិពេញលេញ ក្នុងការប្រមូលដោយសន្តិវិធី និងអហិង្សា។ លោកបានប្រាប់ទៅ រដ្ឋាភិបាល ឲ្យ បើកសៀវភៅរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣៥ ហើយអានឡើងវិញ។
បើទោះជា លោកកឹម សុខា មិនបានបញ្ចេញឈ្មោះ លោក ហ៊ុន សែន ក្ដីតែប្រតិកម្មរបស់អនុប្រធានគណបក្សប្រឆាំងនេះ ទំនងជាឆ្លើយដោយប្រតិកម្មរហ័ស ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីព្រឹកមិញនេះ បានព្រមានបង្ក្រាបបាតុករ ប្រសិនបើបាតុករហ៊ុមព័ទ្ធផ្លូវ នៅរាជធានីភ្នំពេញ។
នៅពេលដំណើរគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំអកថា លោកជាប់ដោយការបោះឆ្នោត ហើយឡើងធ្វើនាយករដ្ឋមន្ត្រី ក៏តាមរដ្ឋធម្មនុញ្ញ ហើយថាករណីទាមទារលោកចុះចេញពីតំណែង គឺលោកមិនព្រមជាដាច់ខាត។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រតិកម្មតបវិញថា រដ្ឋធម្មនុញ្ញក៏មិនបានចែងពីការលួចបន្លំសន្លឹកឆ្នោត ដើម្បីកាន់អំណាចដែរ ។ លោកបន្តថា ដូច្នេះគឺជារឿងខុសច្បាប់ នឹងរដ្ឋធម្មនុញ្ញ។
ប៉ុន្តែប្រជាពលរដ្ឋដែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយកំពុងហែក្បួន បានប្រាប់ VODថា បើទោះជាពួកគាត់រងការបង្ក្រាបផ្ដាច់ផ្ដិលជីវិតក៏ដោយ គឺពួកគាត់សុខចិត្តស្លាប់ ជាជាងទុកឲ្យជាតិស្លាប់ នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នេះជាលើកដំបូងហើយ ដែលមានការប៉ះទង្គិចគ្នា ដោយពាក្យសម្ដី ឬគេហៅថាសង្គ្រាមពាក្យសម្ដី រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមផ្ទុះឡើង នៅខណៈបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានចូលដល់ថ្ងៃទី៦ នៅថ្ងៃសុក្រនេះ ទី២០ ខែធ្នូនេះ ដើម្បីឲ្យមានការបោះឆ្នោតឡើងវិញ និងជំរុញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង៕
No comments:
Post a Comment
yes