សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 20, 2013

ក្មួយប្រុស​លោកសុខអានក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែនិង​ថាមពល​​


រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ក្មួយប្រុស​លោក សុខ អាន គឺ​លោក សុខ ខា​រ៉ា​ន់ ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ទើបតែ​ផ្តាច់ចេញ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយ​ដាក់​អតីតរដ្ឋមន្ត្រី លោក ស៊ុយ សែម ធ្វើ​ថ្នាក់ដឹកនាំ​ក្រសួង​។​
​តាម​រចនាសម្ព័ន្ធ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​នេះ លោក ស៊ុយ សែម បាន​ត្រឡប់​មក​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ថ្មី​ចំនួន​៦​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​។​តាម​ការបោះឆ្នោត​ជា​កញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី សមាជិក​រដ្ឋសភា ចំនួន​៦៧​រូប បាន​បោះឆ្នោត​យល់ព្រម​ជា​ឯកច្ឆន្ទ ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​រាជរដ្ឋាភិបាល ដែល​ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែម​​។​
​សមាសភាព​រដ្ឋលេខាធិកា​រ​ក្រសួង​រ៉ែ និង​ថាមពល រួមមាន លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ លោក ហូ វិចិត្រ លោក ឌិ​ត ទីណា លោក សុខ ខា​វ៉ាន់ លោក ម៉េង សក្កិ​ធារ៉ា  លោកស្រី ប៉ែន ឆ​ដា​។ ក្នុងចំណោម​រដ្ឋលេខា​ទាំង​៦ មាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​លោក អ៊ិត ប្រាំង ដែល​ជា​អតីត​រដ្ឋលេខា​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដែល​ក្រោយ​ការបោះឆ្នោត ត្រូវបាន​ដឹកនាំ​ដោយ​លោក ចម ប្រសិទ្ធ​។ ក្រៅពីនោះ រដ្ឋលេខាធិការ​ទាំងអស់ ត្រូវបាន​តែងតាំង​ថ្មី​។​
​លោក​ ​ខា​វ៉ាន់​ ​ជា​កូនប្រុស​របស់​លោក សុខ ផេង​ ​ដែល​ជា​ប្អូនប្រុស​របស់​ ​លោក សុខ អាន​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​។ កាលពី​ខែ​មករា ឆ្នាំ​២០១៣ លោក សុខ ខា​វ៉ាន់ ត្រូវបាន​តែងតាំង​ឲ្យ​កាន់​តួនាទី​ជា​អគ្គនាយក​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ជំនួស​លោក​ ​តែ ដួង​តារា​។ ពីមុន​ ​លោក ខា​វ៉ាន់ ធ្វើការ​ជាមួយ​លោក ឌៀប សិរី​វិសិដ្ឋ ជា​ក្មួយប្រុស​ម្នាក់​ទៀត​របស់​លោក សុខ អាន ដែលជា​អគ្គ​នាយក​រង​នៃ​​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​។ ចំណែក រដ្ឋលេខាធិការ​ក្រសួងថ្មីនេះ លោក ហូ វិចិត្រ ធ្លាប់​ជា​អនុប្រធាន​អាជ្ញាធរ​ប្រង​កាត​ជាតិ​កម្ពុជា​។​

​ក្នុង​អាណត្តិ​នីតិកាល​ទី​៥​នេះ រាជរដ្ឋាភិបាល បាន​ធ្វើ​កំណែទម្រង់​តាម​ក្រសួង​មួយៗ ដោយ​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​អាជ្ញាធរ​មួយចំនួន​។​ក្នុងនោះ ក៏​មាន​ការកែសម្រួល​ច្រើន​ដែរ​ក្នុង​ស្ថាប័ន​មួយចំនួន ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​លោក សុខ អាន​។​
​លោក សុខ អាន និង​លោក សុខ ខា​វ៉ាន់ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​។​
​លោក ស៊ុយ សែម មាន​តំណែង​ពីរ​សម្រាប់​នីតិកាល​ទី​៥​នេះ គឺ​ទីមួយ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។​​ចំណែក​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រួមមាន លោក សាត សាមី លោក ភោគ សុវណ្ណរិទ្ធិ លោក ឯក សុន​ចាន់ លោក ហេង សុខ​គង់ លោកស្រី ឡាយ ណាវិន លោក គឹម ទូច ។
​អតីត​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល ធនធាន លោក ឆាយ សារ៉ាត់ ធ្លាប់​មានប្រសាសន៍ថា ការ​បំបែក​ក្រសួង​នេះ គឺ​គ្រាន់តែ​ដើម្បី​ផ្តល់​តំណែង​ដល់​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ គឺ​មិន​មាន​ប្រសិទ្ធភាព​ការងារ​ជាង​មុន​នោះទេ ៖"​ខ្ញុំ​គ្រាន់តែ​ថា  តាម​ការសង្កេត​ឃើញថា រាជរដ្ឋាភិបាល​ព្យាយាម​បង្កើត​ក្រសួង​ថ្មី​ដើម្បី​ផ្ដល់​អំណាច​ដល់​សមាជិក របស់ខ្លួន ជាពិសេស​គណ​បក្ស​កាន់​អំណាច ដើម្បី​ធានា​ថា ខ្លួន​បាន​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​ហ្នឹង​មាន​ការសប្បាយចិត្ដ​" ។
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ធ្លាប់​ប្រាប់​VOD​ថា កម្ពុជា​មាន​ក្រសួង​ច្រើន ហើយ​បើ​តាម​ការសង្កេត​ឃើញរ​បស់​លោក​កន្លងមក​ភាគច្រើន មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា គឺ​បាន​កាន់​មុខងារ ឬ​ក្រសួង​ពីរ​បី​តែឯង​។ លោក​បន្តថា បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព ធ្វើឲ្យ​ប៉ះពាល់​ថវិកាជាតិ ៖ "​ជា​រឿង​មួយ​វា បំផ្លាញ​ថវិកាជាតិ​ផង វា​បង្ក​ការរាំងស្ទះ​ផង ព្រោះ​អី​អ្នក​ផ្សេង​ក៏​អត់​មាន​ឱកាស​ធ្វើកា​រដែរ ដោយសារតែ​គាត់​ដាក់​ឈ្មោះ​គាត់​ជា​ប្រធាន​អញ្ចឹង​ណាស់ ហើយ​គាត់​អត់​ធ្វើ​អី​សោះ ហើយ​អ្នក​ផ្សេង​នៅ​រង​អត់​មានអី​ធ្វើ ហើយ​វា​ជា​រឿង​មួយ​វា​បំផ្លាញ​ជាតិ​យើង​"​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការ​បំបែក​ក្រសួង​នេះ គឺជា​ការ​ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចែក​អំណាច​គ្នា​តែ​ប៉ុណ្ណោះ ។ លោក​ថា មិនមាន​អ្វី​ចម្លែក​ទេ ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ការរិះគន់​របស់​សង្គម​ស៊ីវិល ៖ "​បើសិនជា មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ គណបក្ស​ប្រជាជន​នឹង​ចាញ់ឆ្នោត និង​ធ្លាក់​ការគាំទ្រ ពីព្រោះ​គេ​ខ្វល់ខ្វាយ​ទាំងអស់ សហគមន៍​អន្ដរជាតិ សង្គម​ស៊ីវិល គណបក្សប្រឆាំង បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត គេ​ខ្វល់​អំពី​ប្រទេស​ជាតិ​គេ ក៏ប៉ុន្ដែ​គណបក្សកាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា គឺ​អត់​ដែល​ខ្វល់​ទេ​"

No comments:

Post a Comment

yes