សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 30, 2013

យឹមសុវណ្ណ៖គណបក្សប្រឆាំងមិនលើកយកបញ្ហាបែងចែកអំណាចទៅចរចាជាមួយCPPទេ​

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ 
កាលពីកន្លងទៅ/ញឹម​ សុខន

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បញ្ជាក់ថា ការចរចា​ថ្មី​នៅពេល​ខាងមុខ នឹង​មិន​លើកយក​បញ្ហា​ចាស់​មក​ពិភាក្សា​ទេ គឺ​លើកយក​តែ​បញ្ហា​ថ្មីៗ ដែល​ក្រុមបាតុករ​ទាមទារ​កន្ល​ង​មក​។​
​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា បញ្ហា​ពីរ ដែល​នឹង​លើក​យក​ទៅ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​ការបោះឆ្នោត​ឡើងវិញ​។ លោក បញ្ជាក់ថា នឹង​មិន​មាន​ការជជែក​ពី​ការបែងចែក​សម្រាប់​អំណាច​នៅ​រដ្ឋសភា ដែល​គណបក្សប្រឆាំង ធ្លាប់​បាន​ទាមទារ​កាល​ពី​ការចរចា​លើក​មុន​ទេ ៖ “ការប្រជុំគួរតែសម្រេចឲ្យបានឆាប់គឺការប្រជុំកំពូល បើសិនជាគណបក្សប្រជាជន ស្ដាប់លឺនៅការសូមណូមពររបស់បាតុកររាប់សែនអ្នករួចហើយ ពីរចំណុចហ្នឹង គេចរចា​ពេ​ល​​ពេលណាក៏ ថ្ងៃណាក៏បាន ម៉ោងណាក៏បាន កម្រិតណាក៏បាន។ ហួសពេលហ្នឹងនិយាយហើយបាទ គ្មានរឿងនិយាយរឿងបែងចែកអីបន្ដទៀតទេ” ។
​ការ​ពី​ការចរចា​មុនៗ គណបក្ស​សង្គ្រោះ​ជាតិ សុំឲ្យ​មាន​ការបង្កើត​គណៈកម្មកា​រ​ចម្រុះ​ឯករាជ្យ ដើម្បី​ស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។​ លោក យឹម សុវណ្ណ បន្តថា រហូត​មក​ដល់​ពេលនេះ ភាគី​ទាំងពីរ មិនទាន់​បាន​ឯកភាព​ក្នុង​ការ​កំណត់​ថ្ងៃ​ជួប​ចរចា​នៅ​ឡើយ​ទេ​។​
​ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន មានប្រសាសន៍ថា លោក​ស្វាគមន៍​ចំពោះ​ការ​ចារ​ចា​នេះ តែ​លោក​ថា ការចរចា​នេះ គឺ​មិនត្រូវ​មាន​លក្ខខណ្ឌ​នោះទេ​។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​(Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា មាន​តែ​ការបោះឆ្នោត​ឡើង​វិញ​ទេ ទើប​អាច​ដោះ​ស្រា​យ​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា​បាន​។ លោក​ថា ការបោះឆ្នោត​អាច​ដំណើការ​បាន​លុះត្រាតែ​មាន​ការប្រជុំ កែទម្រង់ គ​.​ជ​.​ប បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម​ ៖ “អាហ្នឹងបើទាស់គ្នារឿងបោះឆ្នោត វាត្រូវតែឆ្លើយតបវិញ ដោយសារកិច្ចការងារបោះឆ្នោតហ្នឹង កិច្ចការងារទីមួយរឿងថា ទាក់ទិនរកភាពមិនប្រក្រតី ឥឡូវនេះ ភាពមិនប្រក្រ​តីវាផុតហើយ វាមិនអាចរកអីបន្ដទៅទៀតទេ ពេលវាយូពេកហើយឯកសារអស់ហ្នឹងអាចមានបញ្ហា គេមិនជឿលើឯកសារអស់ហ្នឹងទៀត ចឹងទៅវាមាន​រឿងដោះស្រាយ​រឿងបោះ​ឆ្នោតហ្នឹង ទំនាស់បោះឆ្នោតបាន គឺមានតែបោះឆ្នោតឡើងវិញហ្នឹងឯង” ។
​ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​ជួប​ចរចា​គ្នា​មួយ​ចំនួន​រួចមកហើយ តែ​ជំនួប​នោះ មិនទាន់​បាន​ដោះស្រាយ​វិបត្តនយោបាយនៅ​កម្ពុជា​ទេ​។​
​កាលពី​ថ្ងៃ​​សៅរ៍ សប្តាហ៍​មុន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​ជា​លក្ខណៈ​ផ្ញើ​សារ​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ទៅ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថា លោក​ស្នើ​ឲ្យមាន​ការជួបជុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ ដោយ​នាំមក​នូវ​គំនិត​ថ្មី ដើម្បី​រក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​។​ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​មាន​ការជជែក​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​ការចូលរួម​ពី​គណបក្សនយោបាយ សហជីព សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ជជែក​ពី​បញ្ហា​ប្រទេស ដោយ​យក​ប្រយោជន៍​ជាតិ​ជា​ធំ ប្រកប​ដោយ​ឆន្ទៈ​ក្នុង​ស្មារតី​ស្ថាបនា​វិជ្ជមាន​៕

No comments:

Post a Comment

yes