អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ក្នុងសន្និសីទកាសែតបិទបញ្ចប់បេសកកម្មលើកទី៩ នៅកម្ពុជា នាការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
បណ្ដាញអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា រួមនិងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃសុក្រ ទី៣ មករា បានថ្កោលទោសការប្រើប្រាស់គ្រាប់កាំភ្លើងពិតរបស់កងរាជអាវុធហត្ថ បាញ់ទៅលើក្រុមកម្មករ បណ្ដាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ និង ៣៧នាក់ផ្សេងទៀតរងរបួស។ អង្គការសហប្រជាជាតិ ស្នើឲ្យសមត្ថកិច្ចរដ្ឋាភិបាល បញ្ឈប់ការប្រើប្រាស់គ្រាប់កាំភ្លើងពិតបង្ក្រាបបាតុកម្ម។
សេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិ ក៏ស្នើឲ្យភាគីកម្មករ និងរោងចក្រ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាតាមរយៈការជួបចរចាគ្នា។
អង្គការសហប្រជាជាតិ នឹងជួយផ្តល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាល ដើម្បីកំណត់ប្រាក់ខែគោលរបស់កម្មករ ដើម្បីធានាឲ្យកម្មករទទួលបានប្រាក់ខែគ្រប់គ្រាន់ និងទទួលបានសិទ្ធិរស់នៅសមរម្យ។
រីឯអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ពីទីក្រុងហ្សឺណែវ ឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដែរ សម្ដែងការសោកស្ដាយអំពីការបង្ក្រាបដោយហិង្សាទៅលើក្រុមកម្មករ។ លោកស្នើឲ្យមានការស៊ើបអង្កេតចំពោះការបង្ក្រាបដោយការប្រើប្រាស់កម្លាំងលើសលប់របស់កងកម្លាំងប្រដាប់អាវុធ ទៅលើបាតុករ កាលពីថ្ងៃសុក្រ ទី៣ មករា និងការបង្ក្រាបមួយចំនួនទៀត កាលពីពេលថ្មីៗកន្លងមកនេះ។
លោកក៏ស្នើឲ្យបាតុករ កុំប្រើប្រាស់អំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដើម្បីត្រូវមានការចរចាមួយ ដើម្បីដោះស្រាយសំណើរបស់កម្មករស្ដីពីការដំឡើងប្រាក់ខែគោល៕
No comments:
Post a Comment
yes