ក្រុមពួកថោកទាប ដែលធ្វើបាបពលរដ្ឋឈាមជ័រឯង
ថ្ងៃ៤ ខែមករា ឆ្នាំ២០១៤ - កាលពីព្រឹកមិញនេះកងកម្លាំងអាជ្ញាធររដ្ឋ បានបញ្ចប់អំពើហិង្សាដោយការរុះរើតំបន់ទីលានប្រជាធិបតេយ្យនៅកណ្តាលរាជធានីភ្នំពេញ ជាកន្លែងដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិតាំងនៅអស់រយៈពេលជាយូរមកហើយ សម្រាប់ធ្វើការតវ៉ា។
សកម្មភាពនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបដោយហិង្សាចំនួនពីរថ្ងៃមុននេះ ដោយរួមមានទាំងការបាញ់ដោយគ្រាប់កាំភ្លើងពិតកាលពីម្សិលមិញនៅតំបន់ឧស្សាហកម្មកាណាឌីយ៉ា ដែលបណ្តាលឲ្យប្រជាពលរដ្ឋយ៉ាងតិចចំនួន ៤នាក់ ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។
អំពើហិង្សា បានចាប់ផ្តើមឡើងប្រហែលម៉ោង ១១ ព្រឹកនេះ នៅពេលដែលនគរបាល និងកងរាជអាវុធហត្ថជាច្រើនរយនាក់ បានបិទផ្លូវជុំវិញទីលានប្រជាធិបតេយ្យ ហើយភ្លាមៗដោយមិនបានឲ្យដំណឹងជាមុន បានរំកិលខ្លួនចូលទៅទីលាន ដើម្បីរុះរើសម្អាត និងដេញបាតុករជាច្រើននាក់ចេញពីទីនោះ។ នៅពេលដែលអាជ្ញាធរចូលទៅដល់ ក្រុមបាតុករដែលនៅទីនោះ ដែលភាគច្រើនជាព្រះសង្ឃ ឬស្ត្រីនិងកុមារ បានភៀសខ្លួនចេញពីទីនោះ ដោយភាពភ័យខ្លាច និងបោះបង់របស់របររបស់អ្នកទាំងនោះនៅទីនោះ។ កងកម្លាំង ត្រូវបានរួមដំណើរជាមួយមនុស្សស្លៀកពាក់ស៊ីវិលជាច្រើនរយនាក់ដែលមានពាក់បូរពណ៍ក្រហមនៅនឹងដៃ ហើយដែលប្រដាប់ដោយដំបងដែកប្រហោងវែងៗដើម្បីវាយ និងបំភិតបំភ័យក្រុមបាតុករអហិង្សា។ នៅពេលដែលប្រជាពលរដ្ឋបាតុករចេញពីទីលានអស់ អ្នកទាំងនោះ និងកងកម្លាំង បានរុះរើឆាក ក៏ដូចជារោងដែលត្រូវបានតំឡើងសម្រាប់ផ្តល់ទីជម្រកដោយក្រុមបាតុករ បំផ្លាញទីសក្ការៈព្រះពុទ្ធសាសនា និងកម្ទេចឧឃោសនស័ព្ទដែលជារបស់គណបក្សសង្គ្រោះជាតិ។
បុគ្គលិកអង្គការ លីកាដូ ក៏ដូចជាអ្នកកាសែត និងអ្នកធ្វើការនៅតាមអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងព្យាយាមប្រមូលព័ត៌មានអំពីព្រឹត្តិការណ៍ទាំងនោះ និងផ្តល់ជំនួយដល់ក្រុមបាតុករ ត្រូវបានគម្រាមកំហែងដោយក្រុមមនុស្សស្លៀកពាក់ស៊ីវិល និងត្រូវបានរារាំងពីការចូលទៅដល់ទីលាន នៅខណៈពេលដែលការរុះរើកំពុងប្រព្រឹត្តិទៅ។
ណាលី ពីឡូក នាយិកាអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានការរន្ធត់ចិត្តជាខ្លាំង អំពីការប្រើប្រាស់អំពើហិង្សាឥតឈប់ឈរ។ បន្ទាប់ពីសោកនាដកម្មនៃការស្លាប់ជាច្រើនកាលពីម្សិលមិញ យើងខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងចាប់ផ្តើមធ្វើការអត់ធ្មត់ ក៏ប៉ុន្តែសកម្មភាពរបស់អាជ្ញាធរកាលពីព្រឹកមិញ បង្ហាញអំពីការមិនយកចិត្តទុកដាក់ទាំងស្រុងទៅលើសិទិ្ធ និងជាពិសេសអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន”។
សកម្មភាពនាថ្ងៃនេះ ជាសកម្មភាពធ្វើទុកមុនការប្រមូលផ្តុំរយៈពេលបីថ្ងៃជាប់គ្នារបស់គណបក្សសង្គ្រោះជាតិ ដើម្បីធ្វើការកាន់ទុក្ខនូវការស្លាប់កាលពីម្សិលមិញ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈថានឹងចាប់ផ្តើមធ្វើនាថ្ងៃស្អែក។ គណបក្សប្រឆាំង បានធ្វើការតវ៉ាជាទៀងទាត់ចាប់តាំងពីការបោះឆ្នោតខែកក្កដា ដែលលទ្ធផលនៃការបោះឆ្នោត ត្រូវបានអ្នកសង្កេតការណ៍ជាច្រើនរិះគន់។ ការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យលើកចុងក្រោយ បានចាប់ផ្តើមធ្វើនៅថ្ងៃទី១៥ ខែធ្នូ ហើយបានបន្តរហូតដោយអហិង្សា ប៉ុន្តែលិខិតដែលចេញនាថ្ងៃនេះដោយឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសរសេរថាបាតុកម្មនាថ្ងៃស្អែកនឹងមិនអាចប្រព្រឹត្តិទៅបានឡើយ ដោយមូលហេតុនៃសណ្តាប់ធ្នាប់សាធារណៈ ហើយចោទប្រកាន់គណបក្សសង្គ្រោះជាតិថាបានញុះញង់កម្មកររោងចក្រឲ្យប្រព្រឹត្តិអំពើហិង្សា។
លើសពីនេះទៅទៀត នៅក្នុងអំឡុងពេលព្រឹកនេះ កងកម្លាំងយោធា ត្រូវបានដាក់ពង្រាយនៅចំនុចមួយចំនួនពាសពេញរាជធានី និងឈរជើងនៅតំបន់ផ្លូវវេង ស្រេង ជាកន្លែងដែលមានការបាញ់ប្រហារយ៉ាងអាក្រក់កាលពីម្សិលមិញ។ ការចល័តនៃកងទ័ពដែលមិនធ្លាប់មាននេះ កើតមានឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលត្រូវបានចេញកាលពីម្សិលមិញ ដោយបានថ្លែងថាកងទ័ពនឹងការពារដាច់ខាតនូវលទ្ធផលនៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ និងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក មឿន តុលា ប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នាថ្ងៃនេះ បង្ហាញឲ្យឃើញនូវភាពផ្ទុយគ្នាពីទស្សនរបស់អន្តរជាតិ ដោយរាជរដ្ឋាភិបាលកម្ពុជាមិនមានភាពជឿនលឿនទៅមុខដោយពិតប្រាកដនោះទេ ក្នុងការគោរពនូវសិទិ្ធមនុស្ស។ មិនត្រឹមតែមិនមានសញ្ញានៃភាពជឿនលឿនទៅមុខប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលថែមទាំងមានការភ័យខ្លាច ហើយធ្វើការបង្ក្រាបទៅលើការបញ្ចេញមតិបែបប្រជាធិបតេយ្យទៀតផង។ ថ្ងៃនេះ គឺជាថ្ងៃសោកសៅមួយ”។
ជាចុងក្រោយ នៅពេលដែលការបោសសម្អាតទីលានប្រជាធិបតេយ្យកំពុងប្រព្រឹត្តទៅ ពាក្យចចាមអារ៉ាម ចាប់ផ្តើមលេចចេញថា ដីកាចាប់ខ្លួនត្រូវបានចេញទៅលើសមាជិកមេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាសហជីពដែលធ្លាប់បានចូលរួមនៅក្នុងបាតុកម្មជាច្រើននាពេលថ្មីៗនេះក្នុងការទាមទារតំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងកម្មកររោងចក្រ។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែពាក្យទាំងនោះត្រូវបានអ្នកដែលពាក់ព័ន្ធជឿជាក់យ៉ាងខ្លាំង។
No comments:
Post a Comment
yes