ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើសន្និសីទនៅថ្ងៃទី០៦ខែមករា
(រូបថត តាំង វីដា)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែរំពឹងថា បាតុកម្មអហិង្សារបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃខាងមុខ នឹងនៅតែមានការចូលរួមច្រើនពីប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ បើទោះជាមានការបំបែកក្រុមបាតុករពីកម្លាំងសមត្ថកិច្ចកាលពីចុង សប្តាហ៍មុនក្តី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី០៧ខែមករានេះ លោក សម រង្ស៊ី មានប្រសាសន៍ថា បើទោះជាមានការបំបែកទៅលើបាតុកររបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ខែមករាកន្លងទៅនេះក្តី ប៉ុន្តែកម្លាំងនៃការតស៊ូរបស់បាតុករគណបក្សនេះ នៅតែមាន នឹងអាចកើនឡើងជាពេលមុន ដោយសារប្រជាពលរដ្ឋមានការឈឺចាប់នឹងទង្វើរបស់រដ្ឋាភិបាល បច្ចុប្បន្ន។ លោកថា ការបង្ក្រាបកាលពីថ្ងៃទី០៤ខែមករានោះ គឺជាកម្សោយមួយរបស់រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ចាប់តាំងពីប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីខែកញ្ញាមក គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាជាច្រើនលើកច្រើនសារមកហើយ នៅទីលានប្រជាធិបតេយ្យ ដោយមានការចូលរួមពីបាតុករជាច្រើនម៉ឺននាក់ ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ។
តែទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ស ខេង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រទេសកម្ពុជាជួបកលិយុគ។ លោកថា ការទាមទារបោះឆ្នោតឡើងវិញ លុះណាគណបក្សទាំងពីរចរចាគ្នាលម្អិត ដើម្បីសិក្សាពីមូលហេតុ និងភាពមិនប្រក្រតី មិនអាចស្តាប់យោបល់តែម្ខាងនោះទេ៕
No comments:
Post a Comment
yes