ប្រជាសហគមន៍បឹងកក់៥នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ក្រោមហេតុ
ផលថាប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងសេចក្តីប្រកាសរបស់រដ្ឋាភិបាល/តាត ឧត្តម
ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ បានសម្តែងការមិនពេញចិត្ត ចំពោះចំណាត់ការរបស់អាជ្ញាធរដែលតាមឃ្លាំមើល និងបំបែកនូវរាល់ការការប្រមូលផ្តុំគ្រប់រូបភាព ចាប់ពី១០នាក់ឡើងទៅ ដោយចាត់ទុកថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំរបស់ពលរដ្ឋ។
កាលពីថ្ងៃទី០៤ខែមករា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯក ភាពរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការមួយ ដោយឲ្យអាជ្ញាធរខណ្ឌនិមួយៗ ដើរល្បាតឃ្លាំមើល និងពង្រឹងសន្តិសុខនៅមូលដ្ឋានរបស់ខ្លួន មិនឲ្យមានការប្រមូលផ្តុំណាមួយឡើយ។ លោកថា បើមានការប្រមូលផ្តុំណាមួយ ចាប់ពី១០នាក់ឡើងទៅ ដែលសង្ស័យថាជាការប្រមូលផ្តុំធ្វើបាតុកម្ម ត្រូវបំបែកភ្លាម ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
វិធានការនេះ ត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មួយចំនួន សម្តែងការមិនពេញចិត្ត និងរអ៊ូរទាំថា នៅរយៈប៉ុន្មានថ្ងៃនេះ គ្រាន់តែពួកគេជួបជុំគ្នាលើសពី៥នាក់ នៅក្បែរទីផ្សារ និងទីសាធារណៈមួយចំនួន ក៏ត្រូវសមត្ថកិច្ចចុះទៅសួរនាំ និងប្រាប់ឲ្យបំបែកភ្លាម។
ប្រជាពលរដ្ឋទាំងនោះ បានចាត់ទុកការរឹតបន្តឹងសន្តិសុខពីសំណាក់អាជ្ញាធរនេះថាជាការរំលោភសិទ្ធិបញ្ចេញមតិ សិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិជួបជុំរបស់ពួកគេ ៖
ទាក់ទងនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយ ដោយអះអាងថា សាលារាជធានីភ្នំពេញ មិនបានចេញសេចក្ដីណែនាំជាលាយលក្ខណ៍អក្សរណាមួយឡើយ ៖
ការរឹតបន្តឹងសន្តិសុខក្នុងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សា កាលពីថ្ងៃទី៣ខែមករា នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រវាងកងកម្លាំងប្រដាប់អាវុធ និងកម្មករ បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ បន្ទាប់ពីហេតុការណ៍នោះ មួយថ្ងៃ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ក៏បានបំបែកក្រុមបាតុកម្មគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ និងមិនអនុញ្ញាតឲ្យមានបាតុកម្មណាមួយទៀតទេ រហូតដល់ បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវបានធានាថាត្រឡប់ទៅរកភាពប្រក្រតីវិញ៕
No comments:
Post a Comment
yes