បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីប្រមាណ ៤០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ បន្តធ្វើបាតុកម្មទាមទារ ដំឡើងប្រាក់ខែ និងអត្ថប្រយោជន៍ការងារ នៅចំណតឡានដឹកសំរាមក្រុមហ៊ុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីការចរចា កាលពីថ្ងៃម្សិលមិញ មិនទទួលបានលទ្ធផល។
តំណាងបុគ្គលិកក្រុមហ៊ុនស៊ិនទ្រី លោក វិច្ឆិកា បានឲ្យដឹងថា បុគ្គលិកក្រុមហ៊ុននេះ នៅតែបន្តធ្វើបាតុកម្ម និងមានចាក់បាសរាំ នៅមុខចំណតឡានដឹកសំរាមក្រុមហ៊ុន ដើម្បីទាមទារដំឡើងប្រាក់ខែគោល ១៥០ដុល្លារក្នុងមួយខែ និងទាមទារអត្ថប្រយោជន៍ការងារមួយចំនួនទៀត ខណៈដែលតំណាងបុគ្គលិក និងក្រុមហ៊ុន បន្តការចរចារកដំណោះស្រាយជាថ្មីទៀតនៅថ្ងៃនេះ។
បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី បានធ្វើបាតុកម្មរយៈពេលបីថ្ងៃមកហើយ ចាប់ពីយប់ថ្ងៃទី០២ខែកុម្ភៈ ម្សិលមិញនេះ ដោយទាមទារដំឡើងប្រាក់ខែគោល ១៥០ដុល្លារក្នុងមួយខែ និងអត្ថប្រយោជន៍ការងារចំនួន ៨ចំណុចទៀត។ កាលពីថ្ងៃម្សិលមិញ តំណាងបុគ្គលិក និងក្រុមហ៊ុន បានចរចាគ្នាម្តងរួចមកហើយ ក្រោមការសម្របសម្រួលរបស់មន្ត្រីក្រសួងការងារ ដោយខាងក្រុមហ៊ុន បានសម្រេចដំឡើងប្រាក់ខែគោល ១៥ដុល្លារលើប្រាក់ខែបច្ចុប្បន្ន ដែលបុគ្គលិកខ្លះទទួលបានពី៦៥ដុល្លារទៅ១២០ដុល្លារ ប៉ុន្តែត្រូវបានក្រុមបុគ្គលិកបដិសេធទទួលយក។
វីអូឌី នៅមិនទាន់អាចទាក់ទងអនុប្រធានក្រុមហ៊ុនស៊ិនទ្រី អ្នកស្រី សេង សូរីដា ដើម្បីអត្ថាធិប្បាយជុំវិញករណីនេះបានទេ នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែកាលពីថ្ងៃម្សិលមិញ អ្នកស្រី មានប្រសាសន៍ថា ខាងក្រុមហ៊ុនបាននឹងកំពុងគិតគូរដោះស្រាយជូនបុគ្គលិកហើយ។
បុគ្គលិកក្រុមហ៊ុនស៊ិនទ្រី ឲ្យដឹងថា ពួកគេនឹងមិនចេញធ្វើការបោសសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនោះទេ ដើម្បីទាមទារឲ្យក្រុមហ៊ុនដំឡើងប្រាក់ខែ និងផ្តល់អត្ថប្រយោជន៍ការងារឲ្យបានសមស្រប ហើយប្រកាន់ជំហរថា នឹងបន្តការធ្វើកូដកម្មរហូតដល់មានដំណោះស្រាយសមរម្យ។ ការមិនចេញប្រមូលសំរាម ពេលកំពុងតវ៉ានេះ បានធ្វើឲ្យផ្លូវមុខផ្ទះ និងកន្លែងលក់ដូរមួយចំនួន នៅរាជធានីភ្នំពេញ ដូចជានៅម្តុំផ្សារថ្មី ផ្សារតាប៉ាង និងតាមផ្លូវប៉ាស្ទ័រ ពោរពេញដោយសំរាមពាសវាលពាសកាល៕
No comments:
Post a Comment
yes