សហគមន៍រងគ្រោះរឿងដីធ្លីនៅតំបន់បឹងកក់ នៅថ្ងៃអាទិត្យទី២៣ កុម្ភៈនេះ ឧបត្ថម្ភថវិកាបន្តិចបន្តួច ដល់ជនរងគ្រោះក្នុងការបង្ក្រាបដោយហិង្សា កាលពីដើមខែមករា ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងអ្នករងរបួសរាប់សិបនាក់ និងចាប់ខ្លួន២៣នាក់។
នៅព្រឹកថ្ងៃអាទិត្យនេះ គ្រួសារជនរងគ្រោះចំនួន ៥៦នាក់ ប្រមូលផ្ដុំគ្នានៅសហគមន៍បឹងកក់ ដើម្បីទទួលប្រាក់ឧបត្ថម្ភ ក្នុងនោះគ្រួសារអ្នកជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង និងគ្រួសារអ្នករងរបួស បានទទួលប្រាក់ឧបត្ថម្ភ ម្នាក់ជាង៣០ដុល្លារ ចំណែកឯគ្រួសារអ្នកស្លាប់បាត់បង់ជីវិតដោយការបង្ក្រាប បានទទួលម្នាក់១០០ដុល្លារ។ ជំនួយឧបត្ថម្ភនឹងកើនឡើងថែមទៀត ដោយសារនៅពេលនេះ មានសប្បុរសជនបន្តផ្ដល់ជំនួយជាបន្តបន្ទាប់។
ថ្លែងមុនពិធីផ្ដល់ប្រាក់ឧបត្ថម្ភ តំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងថា ថ្វីបើប្រាក់ឧបត្ថម្ភមានចំនួនតិចតួច តែវាបង្ហាញឲ្យឃើញពីទឹកចិត្តសាមគ្គី ស្រឡាញ់អាណិតគ្នា ក្នុងឋានៈជាខ្មែរដូចគ្នា ហើយវាក៏អំពាវនាវឲ្យខ្មែរចេះស្រឡាញ់គ្នា និងជួយគាំពារគ្នាផងដែរ។ អ្នកស្រីបន្ថែមថា ថវិកាដែលសហគមន៍បឹងកក់ផ្ដល់ដល់ជនរងគ្រោះនៅថ្ងៃនេះ គឺបានមកពីសប្បុរសជនខ្មែរក្នុង និងក្រៅប្រទេស។
ក្នុងព្រឹត្តិការណ៍បង្ក្រាបដោយហិង្សាទៅលើបាតុកម្មរបស់កម្មករ និងសហជីព ដើម្បីទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងនៅផ្លូវវេងស្រេង បណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច៥នាក់ រងរបួសប្រមាណ៤០នាក់ និង ចាប់ខ្លួន២៣នាក់៕
No comments:
Post a Comment
yes