សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 29, 2014

យូមែនរ៉ៃត៍វ៉ច្ឆ​ជំរុញ​ឲ្យ​កម្ពុជា​បញ្ឈប់​ការ​រឹត​ត្បិត​ការ​ចុះ​បញ្ជិកា​សហជីព​កម្មករ

រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ មីនា នា​រាជធានី​ភ្នំពេញ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​អោយ​ក្រសួង​ការងារ ពិចារណា​បញ្ឈប់​ការ​រឹតត្បិត​ការ​ចុះ​បញ្ជិកា​សហជីព​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ។ ការ​ស្នើ​នេះ គឺ​បន្ទាប់​ពី​អង្គការ​នេះ​បាន​រក​ឃើញ​ថា ក្រសួង​ការងារ បាន​ហៅ​ការ​ផ្អាក ឬ​ពន្យារ​ពេល​ចុះ​បញ្ជិកា​សហជីព​មួយ​ចំនួន ដោយ​ហេតុផល​ផ្សេងៗ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក និង​ថា នោះ​ជា​គឺ​ជា​សកម្មភាព​ដែល​កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​កម្មករ​ដែល​ពឹង​ផ្អែក​លើ​សហជីព។
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​ដែល​បាន​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា ការ​រឹត​ត្បិត​ការ​ចុះ​បញ្ជិកា​សហជីព កំពុង​មាន​ផល​ប៉ះពាល់​ទៅ​លើ​កម្មករ​ដែល​ត្រូវ​ការ​កិច្ច​ការពារ​ពី​សហជីព។
នាយក​រង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ភីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​បន្ថែម​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា រដ្ឋាភិបាល​គួរ​ធ្វើ​អោយ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ខែ​ឧសភា មាន​អត្ថន័យ​ពិត​ប្រាកដ ដោយ​ការ​ទទួល​យក​ការ​ចុះ​បញ្ជិកា​សហជីព​ឡើង​វិញ និង​បញ្ឈប់​ការ​រំខាន​នានា​ចំពោះ​សកម្មភាព​សហជីព។

យូមែន រ៉ៃត៍ វ៉ច្ឆ បាន​អង្កេត និង​សាកសួរ​តំណាង​សហជីព​កម្មករ​ចាប់​តាំង​ពី​ឆ្នាំ​២០១១ មក ក្នុង​នោះ​បាន​រក​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​ដែល​មន្ត្រី​ទទួល​បន្ទុក​នៃ​ក្រសួង​ការងារ ចាត់​ទុក​ជា​ហេតុផល​ក្នុង​ការ​ផ្អាក ឬ​ពន្យារ​ការ​ចុះ​បញ្ជិកា​សហជីព។ មក​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៣ បញ្ហា​នេះ​កាន់​តែ​កើត​ញឹកញាប់ ធ្វើ​អោយ​សហជីព​មាន​ការ​ព្រួយ​បារម្ភ។ លើស​ពី​នេះ ប្រកាស​លេខ​២១ របស់​ក្រសួង​ការងារ បាន​កែប្រែ​ចំណុច​មួយ​ចំនួន​នៃ​បែបបទ​ចុះ​បញ្ជី ដោយ​ពុំ​បាន​ពិគ្រោះ​នឹង​សហជីព ឬ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​ការងារ​ឡើយ។ ក្នុង​នោះ ក៏​បាន​តម្រូវ​អោយ​សហជីព​សុំ​លិខិត​ថ្កោលទោស​ពី​ក្រសួង​យុត្តិធម៌។ នៅ​ពុំ​ទាន់​មាន​របាយការណ៍​ជាក់លាក់​ពី​ចំនួន​សហជីព​ចុះ​បញ្ជិកា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ទេ ប៉ុន្តែ​មាន​ការ​ស្នើ​សុំ​ចុះ​បញ្ជិកា​សហជីព​ប្រមាណ​ពី ៥០ ទៅ ៦០​ករណី ដែល​បាន​ព្យួរ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ធ្លាប់​បាន​ថ្លែង​ថា ការ​ចោទ​ប្រកាន់​ថា ក្រសួង​ការងារ បាន​ឈប់ ឬ​ផ្អាក​ទទួល​ការ​ចុះ​បញ្ជី​សហជីព​នោះ ជា​ការ​មិន​ពិត​ទេ ព្រោះ​វា​អាច​ជា​ការ​យល់​ច្រឡំ ឬ​ការ​និយាយ​បំផ្លើស​របស់​ជន​មួយ​ចំនួន។ ការ​ចុះបញ្ជី​សហជីព​នៅ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ដំណើរ​ការ​ជា​ប្រក្រតី​មក​ទល់​ពេល​នេះ គ្រាន់​តែ​ក្រសួង​កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព។
លោក អ៊ិត សំហេង៖ «យើង​កំពុង​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់​សហជីព​នេះ ដែល​មាន​ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​បច្ចេកទេស​ពី​ខាង​អង្គការ​អាយឡូ (ILO)។ តាម​គោលការណ៍​របស់​យើង ច្បាប់​សហជីព​នេះ គឺ​ត្រូវ​ស្រប​ទៅ​នឹង​អនុសញ្ញា​លេខ​៨៧ ដែល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន ប៉ុន្តែ​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​ត្រូវ​អោយ​ស្រប​ទៅ​នឹង​បរិបទ​របស់​កម្ពុជា ច្បាប់ និង​បញ្ញត្តិ​ផ្សេងៗ​ដែល​នៅ​ជា​ធរមាន។ ច្បាប់​នេះ ទី​១​វា​នឹង​ធានា​នូវ​សេរីភាព​របស់​សហជីព​អោយ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ក៏​វា​ការពារ​ចំពោះ​ការ​រំលោភ​បំពាន​ច្បាប់ ដោយ​ប្រើប្រាស់​តួនាទី​សហជីព​មក​ធ្វើ​សកម្មភាព​សហជីព»
តាម​ច្បាប់​ស្ដីពី​ការងារ មាត្រា​២៦៨ ចែង​ថា ការ​សុំ​បញ្ជិកា​ត្រូវ​ដាក់​ទៅ​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ។ ក្នុង​រយៈ​ពេល​២​ខែ​ក្រោយ បើ​ក្រសួង​មិន​បាន​ឆ្លើយ​តប ត្រូវ​ចាត់​ទុក​ថា​បាន​ចុះ​បញ្ជិកា​រួច។ ករណី​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​បាន​មើល​ឃើញ​ដែរ​ថា ការ​ទុក​ពេល​វេលា​យូរ​បែប​នេះ ក៏​ជា​ការ​ធ្វើ​អោយ​តំណាង​សហជីព ប្រឈម​នឹង​ការ​បណ្ដេញ​ពី​ការងារ ប្រសិន​បើ​និយោជក​រើសអើង​សហជីព៕

No comments:

Post a Comment

yes