រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងក្នុងកិច្ចប្រជុំ
កាលពីព្រឹកថ្ងៃទី១២ មីនា នារាជធានីភ្នំពេញ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញអោយក្រសួងការងារ ពិចារណាបញ្ឈប់ការរឹតត្បិតការចុះបញ្ជិកាសហជីពកម្មករក្នុងវិស័យកាត់ដេរ។ ការស្នើនេះ គឺបន្ទាប់ពីអង្គការនេះបានរកឃើញថា ក្រសួងការងារ បានហៅការផ្អាក ឬពន្យារពេលចុះបញ្ជិកាសហជីពមួយចំនួន ដោយហេតុផលផ្សេងៗចាប់តាំងពីឆ្នាំ២០១១ មក និងថា នោះជាគឺជាសកម្មភាពដែលកំពុងធ្វើអោយប៉ះពាល់ដល់អត្ថប្រយោជន៍កម្មករដែលពឹងផ្អែកលើសហជីព។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បានបញ្ជាក់នៅក្នុងលិខិតដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង នៅថ្ងៃទី២៩ ខែមេសា ថា ការរឹតត្បិតការចុះបញ្ជិកាសហជីព កំពុងមានផលប៉ះពាល់ទៅលើកម្មករដែលត្រូវការកិច្ចការពារពីសហជីព។
នាយករងប្រចាំតំបន់អាស៊ី នៃអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ភីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋាភិបាលគួរធ្វើអោយទិវាពលកម្មអន្តរជាតិនៅខែឧសភា មានអត្ថន័យពិតប្រាកដ ដោយការទទួលយកការចុះបញ្ជិកាសហជីពឡើងវិញ និងបញ្ឈប់ការរំខាននានាចំពោះសកម្មភាពសហជីព។
យូមែន រ៉ៃត៍ វ៉ច្ឆ បានអង្កេត និងសាកសួរតំណាងសហជីពកម្មករចាប់តាំងពីឆ្នាំ២០១១ មក ក្នុងនោះបានរកឃើញថា មានបញ្ហាមួយចំនួនដែលមន្ត្រីទទួលបន្ទុកនៃក្រសួងការងារ ចាត់ទុកជាហេតុផលក្នុងការផ្អាក ឬពន្យារការចុះបញ្ជិកាសហជីព។ មកដល់ខែធ្នូឆ្នាំ២០១៣ បញ្ហានេះកាន់តែកើតញឹកញាប់ ធ្វើអោយសហជីពមានការព្រួយបារម្ភ។ លើសពីនេះ ប្រកាសលេខ២១ របស់ក្រសួងការងារ បានកែប្រែចំណុចមួយចំនួននៃបែបបទចុះបញ្ជី ដោយពុំបានពិគ្រោះនឹងសហជីព ឬអង្គការសង្គមស៊ីវិលផ្នែកការងារឡើយ។ ក្នុងនោះ ក៏បានតម្រូវអោយសហជីពសុំលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌។ នៅពុំទាន់មានរបាយការណ៍ជាក់លាក់ពីចំនួនសហជីពចុះបញ្ជិកាក្នុងឆ្នាំថ្មីនេះទេ ប៉ុន្តែមានការស្នើសុំចុះបញ្ជិកាសហជីពប្រមាណពី ៥០ ទៅ ៦០ករណី ដែលបានព្យួរ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានថ្លែងថា ការចោទប្រកាន់ថា ក្រសួងការងារ បានឈប់ ឬផ្អាកទទួលការចុះបញ្ជីសហជីពនោះ ជាការមិនពិតទេ ព្រោះវាអាចជាការយល់ច្រឡំ ឬការនិយាយបំផ្លើសរបស់ជនមួយចំនួន។ ការចុះបញ្ជីសហជីពនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដំណើរការជាប្រក្រតីមកទល់ពេលនេះ គ្រាន់តែក្រសួងកំពុងធ្វើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព។
លោក អ៊ិត សំហេង៖ «យើងកំពុងរៀបចំសេចក្តីព្រាងច្បាប់សហជីពនេះ ដែលមានការជួយឧបត្ថម្ភផ្នែកបច្ចេកទេសពីខាងអង្គការអាយឡូ (ILO)។ តាមគោលការណ៍របស់យើង ច្បាប់សហជីពនេះ គឺត្រូវស្របទៅនឹងអនុសញ្ញាលេខ៨៧ ដែលកម្ពុជា បានផ្តល់សច្ចាប័ន ប៉ុន្តែចំណុចដែលត្រូវយកចិត្តទុកដាក់ គឺត្រូវអោយស្របទៅនឹងបរិបទរបស់កម្ពុជា ច្បាប់ និងបញ្ញត្តិផ្សេងៗដែលនៅជាធរមាន។ ច្បាប់នេះ ទី១វានឹងធានានូវសេរីភាពរបស់សហជីពអោយកាន់តែប្រសើរឡើង ហើយក៏វាការពារចំពោះការរំលោភបំពានច្បាប់ ដោយប្រើប្រាស់តួនាទីសហជីពមកធ្វើសកម្មភាពសហជីព»។
តាមច្បាប់ស្ដីពីការងារ មាត្រា២៦៨ ចែងថា ការសុំបញ្ជិកាត្រូវដាក់ទៅក្រសួងទទួលបន្ទុកវិស័យការងារ។ ក្នុងរយៈពេល២ខែក្រោយ បើក្រសួងមិនបានឆ្លើយតប ត្រូវចាត់ទុកថាបានចុះបញ្ជិការួច។ ករណីនេះ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏បានមើលឃើញដែរថា ការទុកពេលវេលាយូរបែបនេះ ក៏ជាការធ្វើអោយតំណាងសហជីព ប្រឈមនឹងការបណ្ដេញពីការងារ ប្រសិនបើនិយោជករើសអើងសហជីព៕

No comments:
Post a Comment
yes