Tuesday, April 29, 2014

ប៉ូលិស​ព្រមាន​ចាត់ការ​​មន្ត្រី​សហជីព​ធ្វើ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា

កង​កម្លាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ គណៈ​មាន​ក្រុម​អ្នក​
តវ៉ា​ប៉ុនប៉ង​ចូល​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ឆ្នាំ​២០១៤

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មេដឹកនាំ​សហជីព និង​សង្គម​ស៊ីវិល​ខ្លះ ដែល​មានៈ​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា នា​ទីលាន​ប្រជាធិបតេយ្យ ដោយ​មិន​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន។ ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា នឹង​រក្សា​ជំហរ​ដឹកនាំ​កម្មករ​ប្រារព្ធ​ទិវា​នេះ​ទៅ​តាម​ការ​គ្រោង​ទុក និង​មិន​ញញើត​ចំពោះ​សារ​គំរាម​របស់​ប៉ូលិស​នោះ​ទេ។
​លោកនាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មេសា ថា បើ​មេដឹកនាំ​សហជីព ឬ​សមាគម​ខ្លះ​រឹង​ទទឹង ឬ​មានៈ បន្ត​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា នា​ទីលាន​ប្រជាធិបតេយ្យ ប្រឆាំង​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ឬ​សាលាក្រុង​ភ្នំពេញ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។
​លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ដាច់​ខាត​នៅ​ក្នុង​កាលៈទេសៈ​នេះ។ ប៉ុន្តែ​លោក​ថា សង្គម​ស៊ីវិល​ទាំង​នោះ​អាច​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​នៅ​តាម​ទីកន្លែង​ឯកជន ឬ​នៅ​តាម​ទីស្នាក់ការ​រៀងៗ​ខ្លួន​ជំនួស​វិញ។

លោក ខៀវ សុភ័គ៖ «អាជ្ញាធរ​លោក​ហាម​មិន​ឲ្យ​ធ្វើ​ទេ គឺ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​យោង​តាម​ច្បាប់​ដែល​នៅ​ជា​ធរមាន។ បើ​សិន​ជា​គាត់​នៅ​តែ​មានៈ​អ៊ីចឹង? សុំ​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​យថាហេតុ​អ្វី​មួយ​ដែល​កើត​ឡើង ឬ​ក៏​ការ​ខូចខាត។ ដូច​អ្វី​ដែល​បាន​កើត​ឡើង​កន្លង​មក​នៅ​ផ្លូវ​វ៉េងស្រេង​អ៊ីចឹង បាត់បង់​ជីវិត​មនុស្ស បាត់បង់​ទ្រព្យសម្បត្តិ​មិន​ទាន់​មាន​នរណា​ទទួល​ខុសត្រូវ​ទេ ហើយ​បើ​គាត់​នៅ​រឹងទទឹង​ឲ្យ​គាត់​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ សូម​ប្រាប់​មុន​ឲ្យ​ហើយ»
​កាលពី​សប្ដាហ៍​មុន​តំណាង​សហព័ន្ធ​សហជីព​និង​សមាគម​ជិត ២០​ស្ថាប័ន បាន​ដាក់​លិខិត​ជូន​ដំណឹង ជូន លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ស្នើ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​ឧសភា។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​បដិសេធ។
​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព និង​សមាគម​ច្រើន​ទៀត​ថ្លែង​ថា សហជីព​លោក​នឹង​រក្សា​ជំហរ​ដឹកនាំ​កម្មករ​ធ្វើ​ពិធី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា មិន​ផ្លាស់ប្ដូរ​ទេ ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត ឬ​ប៉ូលិស​គំរាម​បង្ក្រាប និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​បែប​ណា​ក្តី។
​លោក​ថា តាម​គម្រោង​ទិវា​នេះ​អាច​មាន​មនុស្ស​ចូល​រួម​ប្រមាណ ៥​ពាន់​នាក់ ហើយ​សហជីព​ក៏​បាន​អញ្ជើញ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូលរួម​ស្តាប់​កង្វល់​របស់​ក្រុម​កម្មករ និង​មន្ត្រី​រាជការ​នៅ​ក្នុង​ពិធី​នោះ​ដែរ ប៉ុន្តែ​ពិធី​នេះ មិន​មាន​ការ​ដើរ​ហែ​ក្បួន​ទេ៖ «ទោះ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត​ក៏​យើង​នៅ​តែ​ធ្វើ​ដែរ គឺ​ជំហរ​របស់​យើង ធ្វើ​ដាច់ខាត ហើយ​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ធ្វើជា​កន្លែង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១២៨ ដែល​រំលឹក​អំពី​ទុក្ខ​វេទនា​របស់​កម្មករ​ជាដើម»
​លោក ហ្វា សាលី ឲ្យ​ដឹង​ទៀត​ថា តំណាង​សហជីព សមាគម និង​ក្រុម​កម្មករ នឹង​យក​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឲ្យ​បាន ១៦០​ដុល្លារ និង​ស្នើ​ឲ្យ​តុលាការ ឬ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​កម្មករ​ចំនួន ២៣​នាក់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​កាល​ពី​ដើម​ខែ​មករា ឲ្យ​មាន​សេរីភាព​វិញ។
​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​ទី​១ ខែ​ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយសារ​ក្រុម​ការងារ​ស៊ើប​អង្កេត​អំពី​បញ្ហា​ប៉ះពាល់​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​បក្ស​ប្រឆាំង និង​សមត្ថកិច្ច កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ មិន​ទាន់​ស៊ើប​អង្កេត​ចប់​នៅ​ឡើយ៕

No comments:

Post a Comment

yes