លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នាពេល
កន្លងមក (រូបថត៖ តាំង វីដា)
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម
សុខា ថ្លែងទៅកាន់អ្នកគាំទ្រដែលទៅទទួលលោក
នៅអាកាសយានអន្តរជាតិភ្នំពេញថា សាធារណរដ្ឋកូរ៉េ
នឹងបន្តជួយដល់គណបក្សសង្គ្រោះជាតិ
ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជា។
លោកមានប្រសាសន៍បែបនេះ
នៅក្នុងសេចក្ដីថ្លែងសារនយោបាយ
ពីលទ្ធផលនៃការបំពេញបេសកម្មក្រៅប្រទេស រយៈពេលជិតមួយខែរបស់លោក
នៅរាត្រីថ្ងៃចន្ទម្សិលមិញថា
អភិបាលក្រុងក្វាងយូនៃសាធារណរដ្ឋកូរ៉េខាងត្បូងសន្យាថា
នឹងបន្តជួយដល់រូបលោក ដើម្បីធ្វើការតស៊ូ
ដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
នេះបើផ្អែកតាមវីដេអូឃ្លីបរយៈពេលពីរនាទី និងដប់ពីរវិនាទី
ដែលបង្ហោះនៅលើទំព័របណ្ដាញសង្គមរបស់លោក។
ក្នុងសេចក្ដីថ្លែងសារនោះ
លោកបានប្រៀបធៀបស្ថានភាពរំលោភសិទ្ធិមនុស្ស
ដោយជនផ្ដាច់ការនៅប្រទេសកូរ៉េខាងត្បូង កាលពីជាងសាមសិបឆ្នាំមុន
ថាមិនខុសពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ន
នេះទេ។ ជាមួយគ្នាលោក កឹម សុខា
ក៏បានធ្វើការប្រៀបធៀបការអភិវឌ្ឍប្រទេសរវាងកូរ៉េខាងត្បូង
និងកម្ពុជាផងដែរ ដោយលោកមានប្រសាសន៍ថា ក្នុងរយៈពេលជាង៣០ឆ្នាំ
ក្រោយពីរំដោះប្រទេសចេញពីរបបផ្ដាច់ការ
ប្រទេសកូរ៉េខាងត្បូងមានការរីកចម្រើនខ្លាំងណាស់
ប៉ុន្តែនៅស្រុកខ្មែរក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
រយៈពេលជាង៣០ឆ្នាំដូចគ្នា អត់មានអ្វីទាំងអស់
មានតែបំផ្លិចបំផ្លាញធនធានធម្មជាតិ។
សូមជម្រាបថា
ក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការរបស់លោក កឹម សុខា
រយៈពេលជិតមួយខែនេះ លោកបានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក
និងសាធារណរដ្ឋកូរ៉េខាងត្បូង
ដោយលោកបានទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលស្លាប់ដោយការលិចសាឡាង
និងវិញ្ញាណក្ខន្ធវីរជនកូរ៉េដែលបានបូជាជីវិត
ដើម្បីរំដោះប្រទេសពីរបបផ្ដាច់ការកាលពីទសវត្សរ៍ឆ្នាំ១៩៨០៕

No comments:
Post a Comment
yes