សន្និសីទសារព័ត៌មាន ស្តីពីទំនប់អគ្គិសនីនៅតំបន់ឆាយអារ៉ែង
(រូបថត៖ ឡាយ សាមាន)
ប្រជាសហគមន៍អារ៉ែងចលនាមាតាធម្មជាតិ បណ្តាញព្រះសង្ឃឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងយុវជនខ្មែរមហានគរ នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសជំហរប្តេជ្ញារួមគ្នាទប់ស្កាត់ ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនSinohydro។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីទំនប់អគ្គីសនីនៅតំបន់ឆាយអារ៉ែង ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ចាន់ដ្រូ មានប្រសាសន៍ថា បើក្រុមហ៊ុនចិន Sinohydro នៅតែបន្តគម្រោងសាងសង់វារីអគ្គិសនី អារ៉ែងនេះ មានន័យថាព្រៃឈើរបស់ប្រទេសកម្ពុជា ត្រូវបានបំផ្លាញស្ទើរគ្មានសល់ និងមានផលប៉ះពាល់ដោយប្រយោលជាច្រើនរួមទាំងធនធានធម្មជាតិ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ លោកប្រកាស ប្រឆាំងដាច់ខាត ទៅនឹងការអភិវឌ្ឍន៍ណាដែលប៉ះពាល់ធនធានធម្មជាតិ មិនគោរពសិទ្ធិប្រជាពលរដ្ឋ និងមិនស្របតាមគោលការណ៍ច្បាប់។
លោក អាឡិច ចាន់ដ្រូ បន្ថែមថា ទំនប់វារីអគ្គិសនីអារ៉ែងនេះ ផ្តល់ថាមពលតិចតួចប៉ុណ្ណោះ តែវាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថានធម្មជាតិ និងសហគមន៍មូលដ្ឋានដែលជាប្រជាជនដើមនៃជនជាតិភាគតិច។
ប្រធានសហគមន៍នៅអារ៉ែង លោក វ៉ែន វ៉ន មានប្រសាសន៍ថា សហគមន៍ខ្លួន ព្រួយបារម្ភជាខ្លាំងចំពោះគម្រោងនេះ ព្រោះវាមានផលប៉ះពាល់ដល់ការប្រកបរបរសព្វថ្ងៃ និងអាស្រ័យផលលើធនធានធម្មជាតិសម្បូរបែបទាំងនោះ។ លោកបន្តថា ជាងនេះទៅទៀត ប្រជាសហគមន៍នៅតំបន់នោះ ភ័យខ្លាចនឹងការបណ្តេញចេញឲ្យប្រជាពលរដ្ឋទៅកន្លែងផ្សេង ដោយយកលេសពីការសាងសង់ទំនប់វារីអគ្គិសនីនេះ។
VOD មិនអាចសុំការអត្ថាធិប្បាយពីអភិបាលខេត្តកោះកុង និងអភិបាលរងខេត្តលោក ស៊ុន ដារ៉ា បាននៅឡើយទេ ដោយលោកប្រាប់ថា មិនបានដឹងពីបញ្ហានេះ។
នាយកប្រតិបតិ្តសហព័ន្ធនិស្សិតបញ្ញវន្ត លោក ទិត ទីវ មានប្រសាសន៍ថា គម្រោងសាងសង់វារីអគ្គិសនីអារ៉ែង នឹងប៉ះពាល់ដល់ជីវសត្វចម្រុះកម្រជាង៣០ប្រភេទ ដែលនឹងបំផ្លាញរហូតឈានទៅដល់ការផុតពូជដូចជាសត្វក្រពើភ្នំ និងត្រីនាគជាដើម។ លោកថា ក្រុមរបស់លោក នឹងបន្តសកម្មភាពទប់ស្តាត់ការសាងសង់នេះ ដោយផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយ និងធ្វើសិក្ខាសាលាទាក់ទងតំបន់អារ៉ែង ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានដឹង និងជួយទប់ស្កាត់ទាំងអស់គ្នា។
អារ៉ែងជាតំបន់ដែលនៅសេសសល់ធនធានធម្មជាតិ និងសត្វកម្រយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាព្រៃឈើដ៏សំខាន់ចុងក្រោយដែរ។ ប្រសិនបើគម្រោងនេះត្រូវបានអនុម័តមែន ព្រៃឈើ ព្រៃអារក្ស ដីស្រែចម្ការ និងផ្ទះសម្បែងចំនួន២ម៉ឺនហិកតា និងត្រូវបានបំផ្លាញ៕

No comments:
Post a Comment
yes