សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 19, 2014

គង់ណៃ៖រៀន​ចាប៉ី​មិន​មែន​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក​ទេបើ​មិនជួយ​ថែរក្សា​ប្រពៃណី​ខ្មែរ​បុរាណ​សូម​កុំ​យក​ជើង​រា​ទឹក

លោកតា គង់ ណៃ វ័យ​៦៩​ឆ្នាំ ជា​តន្ដ្រីករ​ចាប៉ីដង​វែង​។ រូប​ថត ផា លីណា​

ក្រោយ​ពី​ចាប់​កំណើត​ពី​ផ្ទៃ​ម្ដាយ​ទារក​ដ៏​តូច​មួយ​មាន​សុខភាព​ល្អ​ ធម្មតា បើ​ទោះ​បី​ជា​សម័យ​នោះ​ពុំ​មាន​ពេទ្យ​ឆ្មប​ត្រឹម​ត្រូវ​ក៏​ដោយ។ ប៉ុន្ដែ​ជា​អកុសល​នៅ​ពេល​មាន​អាយុ ៤​ឆ្នាំ កុមារា​នោះ​បាន​ពិការ​ភ្នែក​ទាំង​សង​ខាង​ដោយ​សារ​តែ​ជំងឺ​អុត​ដោយ​សារ​គ្មាន ​ថ្នាំ​ព្យាបាល។ ជាង​នេះ​ទៅ​ទៀត កុមារា​កម្សត់​រូប​នេះ​គ្មាន​ឱកាស​ឡើយ​សម្រាប់​ការ​សិក្សា​ដោយ​សារ​តែ​សម័យ​ នោះ​មិន​ទាន់​មាន​សាលារៀន​សម្រាប់​សិស្ស​ពិការ​នៅ​ឡើយ។

ខាង​លើ​នេះ​ជា​ដំណើរ​រឿង​រ៉ាវ​របស់​លោក​តា គង់ ណៃ។ លោក​តា គង់ ណៃ វ័យ ៦៩​ឆ្នាំ ជា​តន្ដ្រីករ​ចាប៉ី​ដង​វែង​ដ៏​ល្បី​ល្បាញ​ម្នាក់​មាន​ស្រុក​កំណើត​នៅ ភូមិ​ដូង ឃុំ​ស្វាយពង្រាង ស្រុក​កំពង់ត្រាច ខេត្ដ​កំពត។

លោក​តា បាន​ប្រាប់​ថា៖ «ខ្ញុំ​រស់​នៅ​ក្នុង​ភាព​ងងឹត​ជា​រៀង​រហូត។ ខ្ញុំ​តែង​គិត​ថា តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី បើ​ភ្នែក​ក៏​ពិការ ចំណេះ​ដឹង​ក៏​គ្មាន​ទៀត​នោះ»។


ដោយ​សារ​តែ​មិន​បាន​ចូល​រៀន​ដូច​នេះ ហើយ​ទើប​លោក​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ជំនាញ​ច្រៀង​ចាប៉ី​ដង​វែង​ដែល​បាន​ បង្ហាត់​បង្រៀន​ដោយ​លោក​ឪពុក​ធំ​របស់​លោក​ផ្ទាល់ ឈ្មោះ​ថា​លោក គង់ ទិត្យ។ លោក​បាន​រៀប​រាប់​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ ៧​ឆ្នាំ ម្តាយ​របស់​ខ្ញុំ​បាន​នាំ​ខ្ញុំ​ទៅ​លេង​បុណ្យ​ចម្រើន​ព្រះជន្មាយុ​របស់​ញាតិ ​ជិត​ខាង ដែល​មាន​អ្នក​ចាប៉ី​ដង​វែង​មក​កំដរ​នៅ​ក្នុង​ពិធី​របស់​គេ។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​ខ្ញុំ​ក៏​សុំ​ឪពុក​ម្តាយ​រៀន​ច្រៀង​ចាប៉ី ពី​លោក​អ៊ំ​របស់​ខ្ញុំ»។

លោក​តា គង់ ណៃ បាន​បកស្រាយ​ពី​ការ​រៀន​ចាប៉ី​ដង​វែង​ឲ្យ​ដឹង​ថា៖ «មុន​ដំបូង​លោក​អ៊ំ​ឲ្យ​ខ្ញុំ​រៀន​ស្តាប់ ចំណាំ​សំឡេង​ចាប៉ី ខ្ទង់​នីមួយៗ និង​របៀប​កេះ​ភ្លេង​ដោយ​ការ​ទន្ទេញ​តាម​មាត់​ទាំង​អស់។ ខ្ញុំ​តែង​តែ​ព្យាយាម​ហ្វឹកហាត់​ម្នាក់​ឯង រៀង​រាល់​ព្រឹក​នៅ​ម៉ោង ៤ ឬ ៥។ មិន​តែ​ប៉ុណ្ណោះ​ខ្ញុំ​ក៏​សុំ​ឲ្យ​អ្នក​ចេះ​អក្សរ ដូចជា​ព្រះ​សង្ឃ បង​ប្អូន និង​លោក​គ្រូ​បង្រៀន​ក្នុង​ភូមិ​ជួយ​សូត្រ និង​បង្រៀន​សូត្រ​កំណាព្យ និង​និទាន​រឿង​ព្រេង​បុរាណ​ជាច្រើន ហើយ​ខ្ញុំ​រៀន​ស្តាប់ សូត្រ​តាម និង​ទន្ទេញ​រហូត​ស្ទាត់​មាត់​ចាំ​ដូច​និយាយ​ធម្មតា»។

លោក​តា គង់ ណៃ ផ្តើម​ច្រៀង​ចាប៉ី​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​នៅ​ពេល​លោក​មាន​អាយុ ១៥​ឆ្នាំ។ លោក​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ក៏​ចាប់​ផ្តើម​ចេញ​ច្រៀង​តាម​រោង​បុណ្យ តែ​មុន​ដំបូង​ខ្ញុំ​រក​បាន​ត្រឹម​តែ ៣០ ទៅ ៤០ រៀល​ប៉ុណ្ណោះ។ ដោយ​ភាព​ល្បី និង​ប៉ិន​ប្រសប់​របស់​ខ្ញុំ និង​ការ​អាណិត​ស្រឡាញ់​ដល់​ជន​ពិការ គេ​ឲ្យ​ខ្ញុំ​ពី ៤០០ ទៅ ៧០០ រៀល​ហើយ​ពេល​ខ្លះ​ខ្ញុំ​ទទួល​បាន​រហូត​ដល់​ទៅ ១០០០ រៀល ដែល​វា​មាន​ចំនួន​ជាច្រើន​លើស​ពី​តម្លៃ​ប្រាក់​ខែ​មន្ត្រី​ក្នុង​មួយ​ខែ​ផង​ នៅ​ពេល​នោះ»។

លោក​តា គង់ ណៃ មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ខ្លាំង​រហូត​បាន​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ហើយ​រឿង​ចាប៉ី​ដែល​គាត់​ច្រៀង​មាន​លក្ខណៈ​អប់រំ និង​កំប្លែង ដែល​ធ្វើ​ឲ្យ​អ្នក​ស្តាប់​តែង​តែ​ផ្ទុះ​សំណើច​ភ្លាមៗ។ លោក​ចេះ​របៀប​ប្រើ​ប្រាស់​ឃ្លា​ឃ្លោង​នឹក​ឃើញ​ភ្លាមៗ​ជា​ពាក្យ​បង្អែម បន្ថែម​មុន​នឹង​បើក​រឿង និង​ក្រោយ​ពេល​បិទ​រឿង ដែល​ឃ្លា​ឃ្លោង​ទាំង​អស់​រៀបរាប់​ពី​ភាព​ជាក់​ស្តែង​នៃ​ទិដ្ឋភាព​ខាង​ក្រៅ​ ដែល​ហាក់​ដូច​ជា​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​អ៊ីចឹង​ហើយ​លោក​តា​ច្នៃ​វា​ជា​ កាព្យ​មាន​ភាព​កំប្លុក​កំប្លែង​ទៀត​ផង។

លោក​តា​បាន​ប្រាប់​ថា រឿង​ដែល​លោក​ចេះ​ច្រៀង​មុន​គេ​គឺ​រឿង សុវណ្ណវង្ស និង​រឿង ផ្កា​រាំ​ទឹក​រាំ តែ​រឿង​ដែល​មាន​ប្រជាប្រិយ​ជាង​គេ​គឺ​រឿង នយោវង្ស ដែល​និយាយ​ពី​ការ​លុក​លុយ​របស់​ស្វា​ពូថៅ​ដៃ​មួយ​ក្បាល​នៅ​ក្នុង​វាំង​របស់​ យក្ស។

លោក​បាន​បន្ថែម​ថា លោក​បាន​ច្រៀង​ចាប៉ី​នេះ​ជា​អាជីព​តែ​មួយ​មុខ​គត់​ក្នុង​មួយ​ជីវិត​នេះ ហើយ​ចាប៉ី​ដង​វែង​នេះ​បាន​ចិញ្ចឹម​លោក។ លោក​បាន​បន្ដ​ថា៖ «នៅ​ពេល​ដែល​បែក​ពី​របប​ប្រល័យ​ពូជ​សាសន៍ ខ្ញុំ​បាន​កាន់​ចាប៉ី​នេះ​រួម​ជាមួយ​កូន​ម្នាក់​ក្នុង​ចំណោម ១០​នាក់ របស់​ខ្ញុំ​បាន​ដើរ​ត្រាច់ចរ​សុំ​គេ​ច្រៀង​ចាប៉ី​តាម​រោង​បុណ្យ​នានា​តាំង​ ពី ខេត្ត​កំពត ដល់ ខេត្ត​កំពង់ស្ពឺ ធ្លាក់​ដល់ ខេត្ត​តាកែវ ហើយ​ក៏​បាន​ដល់​ទឹក​ដី​ខ្មែរ​ក្រោម​នៃ ខេត្ត​ក្រមួនស ទៀត​ផង​ដើម្បី​តែ​ជីវិត​រស់»។

ក្រោយ​មក​ទៀត​លោក​បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ចាប៉ី​លេខ ១ ហើយ​បាន​ចូល​ទៅ​បម្រើ​ការងារ​ក្នុង​ក្រសួង វប្បធម៌។ ក្រសួង និង​អង្គការ​ថែរក្សា​វប្បធម៌​ខ្មែរ​មួយ​ចំនួន​ផ្តល់​ឱកាស​ឲ្យ​ទៅ​សម្តែង​ ចាប៉ី​ដល់​ក្រៅ​ប្រទេស ដូចជា ប្រទេស​បារាំង អាមេរិក អង់គ្លេស អូស្រ្តាលី ជប៉ុន ថៃ វៀតណាម និង​ជាង ១១ ប្រទេស​ទៀត​ដើម្បី​ផ្សាយ​ពី​អរិយធម៌ និង​វប្បធម៌​របស់​ខ្មែរ។

ជា​ចុងក្រោយ​លោក​តា គង់ ណៃ ក៏​បាន​សុំ​អំពាវនាវ​ដល់​មហាជន​ទាំង​អស់​ថា៖ «ខ្ញុំ​សូម​អង្វរ​ករ​ដល់​ជន​មួយ​ចំនួន​ដែល​និយាយ​បំភ្លៃ​ថា រៀន​ចាប៉ី​ដង​វៃង​ធ្វើ​ឲ្យ​ខ្វាក់​ភ្នែក​សូម​ឈប់​និយាយ​ពន្លើស​ទៅ។ ខ្ញុំ​ពិការ​ភ្នែក​នេះ​តាំង​ពី​មិន​ទាន់​រៀន​ម៉្លេះ​ដោយ​សារ​តែ​ជំងឺ ហើយ​លោក​តា ប្រាជ្ញ ឈួន ក៏​ពិការ​ដោយ​សារ​ជំងឺ​ដែរ មិន​មែន​មក​ពី​រៀន​ចាប៉ី​ទេ។ ប្រសិន​បើ​មិន​ជួយ​ថែរក្សា​សម្បត្តិ​ប្រពៃណី ជា​ពិសេស​ទម្រង់​ចាប៉ី​ជា​វប្បធម៌​ខ្មែរ​តាំង​ពី​បុរាណ សូម​កុំ​យក​ជើង​រា​ទឹក»។

លោក​បាន​លើក​ទឹក​ចិត្ត​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ថា បើ​ស្រឡាញ់​ចាប៉ី​កុំ​ស្ទាក់​ស្ទើរ​ចូល​រៀន​ដើម្បី​ថែរក្សា​ទម្រង់​សិល្បៈ​ នេះ​ឲ្យ​បាន​យូរ​ត​ទៅ​មុខ​ទៀត និង​សូម​កែច្នៃ​ឲ្យ​ទម្រង់​នេះ​កាន់​តែ​មាន​ប្រជាប្រិយ​ឡើង​វិញ៕

No comments:

Post a Comment

yes