ក្រុមសន្តិសុខខណ្ឌដូនពេញ វាយពលរដ្ឋនៅម្ដុំស្ពាននាគ ក្បែរទីលាន
ប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០១៤
បន្ទាប់ពីប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា និងកម្មករ ពលរដ្ឋគាំទ្រច្រើនពាន់នាក់ បញ្ចប់ការសម្ដែងមតិក្នុងទិវាពលកម្មអន្តរជាតិនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យរួចមក ស្រាប់តែកម្លាំងសន្តិសុខខណ្ឌដូនពេញ ជាង ១០០នាក់បានលួចឆ្មក់វាយទៅលើពលរដ្ឋធ្វើដំណើរតាមផ្លូវ និងខ្លះដែលនៅឈររេរាក្បែរទីលានប្រជាធិបតេយ្យនោះ។
យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួស បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមបាតុកររាប់ពាន់នាក់ បញ្ចប់ការប្រារព្ធទិវាពលកម្មអន្តរជាតិក្បែរទីលានប្រជាធិបតេយ្យ។
ក្រុមសន្តិសុខខណ្ឌដូនពេញ ដែលមានឯកសណ្ឋានភាគច្រើនឈុតខ្មៅ និងពាក់មួកឃ្លុបខ្មៅ មានកាន់កំណាត់ឈើប្រវែងកន្លះម៉ែត្រ និងបំពង់ទីបស្ទើរគ្រប់ដៃ បានរត់សម្រុកទាំងហ្វូង សំដៅទៅវាយលើពលរដ្ឋឥតរើសមុខនៅចំណុចស្ពាននាគ និងក្បែរមន្ទីរពេទ្យព្រះអង្គឌួង។
ពលរដ្ឋម្នាក់ឈ្មោះ ស្រ៊ុន សុផល ដែលរងរបួសឲ្យដឹងថា គាត់ជាអ្នករត់ម៉ូតូឌុប ហើយជិះឆ្លងកាត់ផ្លូវស្ពាននាគ។ ប៉ុន្តែស្រាប់តែកម្លាំងសន្តិសុខម្នាក់ស្ទុះមកទះគាត់មួយដៃរហូតដួលម៉ូតូ៖ «ខ្ញុំជិះម៉ូតូកាត់ហ្នឹងសោះវាទះខ្ញុំមួយដៃ មើលមុខខ្ញុំ។ ពួកអាសន្តិសុខនោះវាវ៉ៃខ្ញុំ វ៉ៃធ្ងន់មួយដៃដួលម៉ូតូ»។
ពលរដ្ឋម្នាក់ទៀតឈ្មោះ អ៊ឹម រ៉ូលី អាយុ ៣៥ឆ្នាំ ឲ្យដឹងថា គាត់បានជិះម៉ូតូជាមួយមិត្តភ័ក្ដិម្នាក់ទៀតកាត់ផ្លូវភ្លោះកាណាឌីយ៉ា ក្បែរមន្ទីរពេទ្យព្រះអង្គឌួង ស្រាប់តែកម្លាំងសន្តិសុខជាច្រើនបានស្ទុះមកវាយ និងធាក់គាត់ដួលទៅលើដី រួចចោមរោមសង្គ្រុបវាយជាច្រើនដំបង រហូតមានក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ជួយអន្តរាគមន៍ទើបលោកអាចរួចខ្លួនបាន៖ «គ្រូពេទ្យអង្គការលីកាដូ ដែលឃើញហេតុការណ៍ផ្ទាល់គាត់គិតថា ខ្ញុំអត់រស់ទេ ពេលដែលវាយនឹងគាត់មើលឃើញមនុស្សដូចស្រមោចអ៊ីចឹងក្នុងវាយម្ដងនឹងដំបងប្រហែលពី ១៥ ទៅ ២០ដំបង វាយមកលើខ្ញុំ»។
តាមសាក្សីដែលឃើញហេតុការណ៍នោះ បញ្ជាក់ថា កម្លាំងសន្តិសុខខណ្ឌដូនពេញ បានវាយពលរដ្ឋតាមផ្លូវឥតរើសមុខ និងឥតសំចៃដៃ មិនថាពលរដ្ឋទាំងនោះចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិ ជាមួយគណបក្សសង្គ្រោះជាតិ ឬជាពលរដ្ឋដែលឈរមើល ឬអ្នកធ្វើដំណើរឆ្លងកាត់នោះទេ។
មន្ត្រីឃ្លាំមើលបញ្ហាសិទ្ធិមនុស្សមកពីអង្គការលីកាដូ លោក អំ សំអាត ដែលឃើញហេតុការណ៍នោះផ្ទាល់ បានថ្កោលទោសចំពោះការប្រើអំពើហិង្សាអមនុស្សធម៌ទៅលើពលរដ្ឋពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញ។ លោកបន្តថា វប្បធម៌និងការញៀនប្រើហិង្សាទៅលើពលរដ្ឋកំពុងកើតមាននៅពេលណាមានការជួបជុំបញ្ចេញមតិ ដែលកំពុងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ថយក្រោយ។
លោក អំ សំអាត៖ «ឥឡូវនេះក្លាយជាការញៀនប្រើប្រាស់នៃអំពើហិង្សាហើយ លើកណាក៏ឃើញក្រុមសន្តិសុខមានការវាយដំទៅលើអ្នករត់ម៉ូតូឌុប ទៅលើប្រជាពលរដ្ឋដែរ នេះហើយជាវប្បធម៌ហិង្សាមួយជំរុញហើយកំពុងតែធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងដាំក្បាលចុះយ៉ាងគំហុកនៅកាលៈទេសៈនេះ»។
ពលរដ្ឋរងរបួសទាំង ៥នាក់នោះ មាន ៣នាក់របួសធ្ងន់ធ្ងរ រួមមានលោក អ៊ឹម រ៉ូលី លោក ស៊យ សុខចំរើន និងលោក គីម ចាន់ថា ពួកគាត់ទាំងនោះមានអ្នកខ្លះរបួសដេរជាច្រើនថ្នេរ និងភាគច្រើនជាំខ្មៅនិងឡើងកន្ទួលពេញដៃ ជើង និងខ្លួន ហើយត្រូវគ្រូពេទ្យនៅអង្គការលីកាដូ ជួយព្យាបាល។
ជុំវិញការប្រើអំពើហិង្សានេះ អភិបាលខណ្ឌដូនពេញ លោក សុខ សម្បត្តិ មិនបានលើកទូរស័ព្ទដើម្បីឆ្លើយបំភ្លឺចំពោះការដាក់កម្លាំងទៅឆ្មក់វាយពលរដ្ឋនោះទេ។ តែបើតាមការអះអាងពីមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ការវាយបង្ក្រាបទៅលើពលរដ្ឋនេះ ទំនងជាកើតឡើងដោយសារតែពលរដ្ឋមួយចំនួនព្យាយាមសម្រុកចូលទីលានប្រជាធិបតេយ្យដែលខាងសាលារាជធានីហាមមិនឲ្យចូល។ យ៉ាងណាលោកនៅមិនទាន់ទទួលរបាយការណ៍ផ្លូវការពីការប្រើហិង្សាទៅលើពលរដ្ឋក្នុងទិវាពលកម្មអន្តរជាតិនៅឡើយ។
លោក ឡុង ឌីម៉ង់៖ «ការណែនាំឲ្យមានអំពើហិង្សាកើតឡើង គឺមិនមានទេ ដរាបណាបើមិនមានការព្យាយាមចូលសម្រុកដើម្បីល្មើសនឹងបម្រាមរបស់សាលារាជធានី»។
ចាប់ពីថ្ងៃទី៣០ មេសា មក កងកម្លាំងប៉ូលិសនិងប៉េអឹមច្រើនពាន់នាក់ បានដាក់រាយបន្លាលួសព័ទ្ធជុំវិញទីលានប្រជាធិបតេយ្យ និងច្រកចេញចូលមួយចំនួន រារាំងមិនឲ្យកម្មករ គណបក្សសង្គ្រោះជាតិ និងពលរដ្ឋចូលទៅកាន់ទីនោះដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ ហើយពិធីប្រារព្ធទិវាពលកម្មអន្តរជាតិដ៏តូចមួយ ត្រូវធ្វើឡើងនៅស្ពាននាគ ក្បែររនាំងបន្លាលួសដែលដាក់ព័ន្ធទីលានប្រជាធិបតេយ្យ៕
No comments:
Post a Comment
yes