ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ស្ដាំ) និងលោក កឹម សុខា
ក្នុងសន្និសីទសារព័ត៌មាននាទីស្ដីការគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០១៤
គណបក្សសង្គ្រោះជាតិ បានបញ្ចេញប្រតិកម្មចំពោះរដ្ឋាភិបាលដែលបិទសិទ្ធិសេរីភាពគណបក្សនយោបាយ ក្នុងការឃោសនា និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនីមួយៗនៅតាមទីសាធារណៈ។ គណបក្សសង្គ្រោះជាតិ បានចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានធ្វើតាមបញ្ជារបស់ក្រសួងមហាផ្ទៃ ថាមិនឯករាជ្យ បម្រើឲ្យផលប្រយោជន៍គណបក្សប្រជាជនកម្ពុជា។
ប្រធានគណបក្សសង្គ្រោះជាតិ បានថ្កោលទោសរដ្ឋាភិបាល និង គ.ជ.ប ចំពោះការហាមឃាត់គណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២ ឧសភា នេះ។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី១ ឧសភា ថា រដ្ឋាភិបាល និង គ.ជ.ប កំពុងតែរំលោភច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលហាមមិនឲ្យគណបក្សនយោបាយជួបជុំគ្នាធ្វើការឃោសនានៅទីសាធារណៈនោះ។ លោកបញ្ជាក់ថា ទោះបីជាអាជ្ញាធរយកបន្លាទៅឡោមព័ទ្ធទីលានប្រជាធិបតេយ្យក្ដី តែគណបក្សសង្គ្រោះជាតិ នឹងយកទីតាំងក្បែរនោះធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទី២ ឧសភា៖ «ម៉ោង៤ យើងនឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ឬយ៉ាងហោចណាស់នៅក្បែរហ្នឹងដែរ យើងនឹងជួបជុំគ្នា និងហែក្បួន សូមបញ្ជាក់ឲ្យច្បាស់ណា មិនមែនធ្វើបាតុកម្មទេ។ បាតុកម្ម គឺការទាមទារការតវ៉ា នេះមិនមែនជាការសុំឲ្យ លោក ហ៊ុន សែន ចុះចេញពីតំណែងទេ នេះគឺជាការឃោសនាផ្សព្វផ្សាយគោលនយោបាយគណបក្សសង្គ្រោះជាតិ»។
ការថ្លែងរបស់ លោក សម រង្ស៊ី នេះនៅបន្ទាប់ពីគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣០ មេសា មិនអនុញ្ញាតឲ្យគណបក្សនយោបាយយកទីសាធារណៈ ឬសាលសាធារណៈ ធ្វើជាកន្លែងឃោសនាបោះឆ្នោតអចិន្ត្រៃយ៍ឡើយ។ គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រនៃគណបក្សនយោបាយ មិនត្រូវធ្វើឲ្យសកម្មភាពនៃការឃោសនាបោះឆ្នោត ក្លាយទៅជាសកម្មភាពបាតុកម្មប្រឆាំងតវ៉ា ឬទាមទារ ដែលផ្ទុយពីគោលការណ៍នៃការឃោសនាបោះឆ្នោត។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា ការហាមបែបនេះបានលុះត្រាណាប្រទេសស្ថិតនៅក្នុងភាពប្រកាសអាសន្ន។ លោកបញ្ជាក់ថា ការហាមនេះជារឿងខុសច្បាប់បោះឆ្នោត។
បន្ថែមពីលើនេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថាការឃោសនាត្រូវគោរពលក្ខខណ្ឌសុវត្ថិភាពជាកត្តាចម្បង។ ម្យ៉ាងទៀត ការបោះឆ្នោតនេះធ្វើឡើងដោយអសកល ហើយអ្នកបោះឆ្នោតមានជាង ១ម៉ឺននាក់ទេ ដូច្នេះមិនចាំបាច់ហែក្បួនមានមនុស្សច្រើនទេ៖ «ហើយប្រសិនបើយើងទៅធ្វើមិទិញធ្វើបាតុកម្ម ឬការហែក្បួន អ្នកចូលរួមរាប់ម៉ឺននាក់នេះមិនដឹងជាឃោសនាឲ្យអ្នកណាទេបាទ អ៊ីចឹងទេ សូមមេត្តាយោគយល់ទាំងអស់គ្នា ការការពារសន្តិសុខសុវត្ថិភាពសម្រាប់សង្គមជាតិទាំងមូលនេះជាការសំខាន់»។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនធ្វើបាតុកម្មនោះឡើយ ចាប់ពីថ្ងៃទី២ ឧសភា ដែលជាថ្ងៃកំណត់ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ខណ្ឌ នោះ គឺគណបក្សសង្គ្រោះជាតិ ត្រូវតែអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន៖ «គ.ជ.ប ខ្លួនឯងនេះល្មមបង្ហាញពីឯករាជ្យភាពរបស់ខ្លួនបន្តិចបន្តួចខ្លះហើយ កុំក្រោមអាជ្ញាធរ ក្រោមបក្សប្រជាជន សុទ្ធសាធ អ៊ីចឹងហើយនេះជាកាតព្វកិច្ចភារកិច្ចរបស់ គ.ជ.ប ត្រូវតែរៀបចំឲ្យគណបក្សសង្គ្រោះជាតិ ធ្វើក្បួនដង្ហែឃោសនាបោះឆ្នោត និងគោលនយោបាយរបស់ខ្លួន»។
ក្រៅពីនេះទៀត មេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីររូប គឺលោក សម រង្ស៊ី និងលោក កឹម សុខា បានលើកឡើងដូចគ្នាថា គណបក្សសង្គ្រោះជាតិ នៅតែបើកចំហក្នុងការបន្តចរចាជាមួយគណបក្សប្រជាជនកម្ពុជា បន្តទៀតដែលឈរលើគោលការណ៍ផលប្រយោជន៍ជាតិជាធំ។ ប៉ុន្តែ មកទល់ពេលនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា មេដឹកនាំគណបក្សទាំងពីរមិនទាន់ទាក់ទងគ្នាអំពីការចរចានៅឡើយ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ឧសភា ខាងមុខ ដែលមានចំនួន ១៩៧ការិយាល័យបោះឆ្នោត និងអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបទាំងអស់មាន ១១.៤៥៩នាក់ ហើយការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ។
គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅ លោក អឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៣០ មេសា ស្នើឲ្យចាត់វិធានការជាបន្ទាន់ចំពោះអាជ្ញាធរដែលបានរំលោភច្បាប់ បទបញ្ជា សិទ្ធិបេក្ខជន និងគណបក្សសង្គ្រោះជាតិ ក្នុងការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ លិខិតនោះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានស្នើសុំទីកន្លែងសាធារណៈមួយចំនួនដែលធ្លាប់ធ្វើការឃោសនាបោះឆ្នោតនាពេលកន្លងមក ទាំងបោះឆ្នោតសកល និងអសកល ដូចអាណត្តិមុនៗ ដើម្បីធ្វើយុទ្ធនាឃោសនាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា តែត្រូវបានអាជ្ញាធររាជធានីភ្នំពេញបដិសេធ។
សៀវភៅណែនាំស្ដីពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានបញ្ជាក់ថា អ្នកគ្រប់គ្រងរោងមហោស្រព ឬសាលសាធារណៈ ត្រូវផ្ដល់ទីតាំងរបស់ខ្លួនដល់គណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតដែលសុំជួលប្រើប្រាស់ជាកន្លែងឃោសនា ដោយផ្អែកលើគោលការណ៍ស្មើភាព និងតាមលំដាប់មុនក្រោយនៃការស្នើសុំ។ អ្នកគ្រប់គ្រងទីកន្លែងទាំងនោះ ត្រូវឆ្លើយតបមិនឲ្យលើសពី ២៤ម៉ោង ក្រោយពីបានទទួលពាក្យស្នើសុំ៕
No comments:
Post a Comment
yes