លោកស្រី មូរ សុខហួរ និងស្ត្រីជនជាតិភូមានៅទីលាន
ប្រជាធិបតេយ្យ (រូបថត៖ ជន ស្រីណុច)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោកស្រីជូឡុង ស៊ូម៉ារ៉ា លោកស្រីមូរ សុខហួរ និងកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខា នៅព្រឹកថ្ងៃសៅរ៍នេះ ដឹកនាំស្ត្រីជនជាតិភូមា៨នាក់ ដែលធ្វើការលើបញ្ហាសង្គមស៊ីវិល និងស្ត្រី ទៅមើលស្ថានភាពនៅទីលានប្រជាធិបតេយ្យ។
ក្នុងដំណើរដឹកនាំភ្ញៀវស្ត្រីជាតិភូមាទាំង៨នាក់ ទៅស្វែងយល់ពីស្ថានភាពទីលានប្រជាធិបតេយ្យនេះ មានស្ត្រីអ្នកបឹងកក់ចំនួនបួននាក់បានចូលរួមដែរ ក្នុងនោះមានលោកស្រីទេព វន្នី ជាដើម។ ទោះបីជាមានការរារាំង ពីកងសន្តិសុខយ៉ាងណាក្ដី ក៏មិនមានការប៉ះទង្គិចគ្នាទេ ដោយលោកស្រីមូរ សុខហួរ បានសុំអនុញ្ញាតមេសន្តិសុខនៅទីលានប្រជាធិបតេយ្យ ដើម្បីដាក់ផ្កាឈូកលើរបងលួសបន្លា។ ក្នុងចម្លើយនឹងសំណួររបស់អ្នកកាសែត លោកស្រីបានសម្ដែងនូវការសោកស្ដាយដែលទីលានប្រជាធិបតេយ្យត្រូវបានបិទ។ លោកស្រីមានប្រសាសន៍ថា ក្រុមលោកស្រី និងស្ត្រីភូមា នឹងពិភាក្សារកដំណោះស្រាយឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ ព្រោះប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។
ស្ត្រីជាតិភូមា ដែលបម្រើការផ្នែកអង្គការសង្គមស៊ីវិល និងស្ត្រី លោកស្រី សេនីណារី មានប្រសាសន៍ ថា លោកស្រីសោកស្ដាយ ដែលបានឃើញទីលានប្រជាធិបតេយ្យនេះត្រូវបានបិទ។
ក្រោយពីដាក់ផ្កាឈូកលើរបងលួសបន្លា និងឆ្លើយនឹងសំណួររបស់អ្នកកាសែតរួចហើយ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងស្ត្រីភូមាទាំង៨នាក់បានចាកចេញពីទីលានប្រជាធិបតេយ្យដោយសុវត្ថិភាព។
ទីលានប្រជាធិបតេយ្យត្រូវបានបិទតាំងពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះមានរយៈពេលជាង៥ខែមកហើយ។
No comments:
Post a Comment
yes