មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានផ្សព្វផ្សាយនូវការវិភាគលើសេចក្តីព្រាងច្បាប់លើប្រព័ន្ធតុលាការ ដោយរិះគន់ថា សេចក្តីព្រាងច្បាប់ទាំងនេះ ហាក់ដូចជាតាក់តែង ដើម្បីគ្រប់គ្រងទ្វេដងលើស្ថាប័នតុលាការ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សេចក្តីព្រាងច្បាប់ចំនួនបី រួមមានសេចក្តីព្រាងស្តីពីរៀបចំអង្គការតុលាការ សេចក្តីព្រាងច្បាប់ស្តីពីរៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ដែលនឹងត្រូវពិភាក្សា និងអនុម័តដោយរដ្ឋសភានៅថ្ងៃទី២០ខែឧសភាខាងមុនេះ។
របាយការណ៍វិភាគរបស់CCHR ចេញផ្សាយនៅថ្ងៃទី១៦ខែឧសភា ឲ្យដឹងថា សង្គមស៊ីវិលជាតិ អន្តរជាតិ ក្រុមជំនាញ ព្រមទាំងម្ចាស់ជំនួយ ព្រួយបារម្ភនឹងសេចក្តីព្រាងច្បាប់ទាំងនេះ ដោយហេតុថា ស្ថាប័នតុលាការ ដែលកំពុងដំណើរការបច្ចុប្បន្ននេះ ទទួលរងនូវការិះគន់ជាខ្លាំងថាមិនមានភាពឯករាជ្យនៅឡើយ។ CCHR បញ្ជាក់ថា ឯករាជ្យភាពរបស់តុលាការ ត្រូវតែធានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ ហើយរដ្ឋាភិបាល និងស្ថាប័នដទៃទៀត មានករណីយកិច្ចគោរព និងប្រតិបត្តិតាមគោលការណ៍ឯករាជ្យភាពនៃអំណាចតុលាការ។
របាយការណ៍វិភាគរបស់CCHR ឲ្យដឹងទៀតថា ឆ្លងតាមការវិភាគ សេចក្តីព្រាងច្បាប់ទាំងបីនេះ មិនទាន់ឆ្លើយតបទៅនឹងគោលការណ៍ឯករាជ្យភាពរបស់តុលាការ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងគោលការណ៍ជាអន្តរជាតិនៅឡើយទេ ដូច្នេះទាមទារឲ្យមានការជជែក ត្រួតពិនិត្យ និងកែសម្រួលឡើងវិញជាមួយសង្គមស៊ីវិលជាតិ អន្តរជាតិ និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀត។
អត្ថបទទាក់ទងផ្សេងៗ
- អង្គការជាតិ និងអន្តរជាតិ៣៤ អំពាវនាវឲ្យរដ្ឋសភា ពន្យារការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ទាក់ទងនឹងតុលាការ
- CCHR បើកសន្និសីទ ដើម្បីវិភាគ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបី ទាក់ទងនឹងតុលាការ
- HRW អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដកសេចក្តីព្រាងច្បាប់ស្តីពីតុលាការ និងស្នើម្ចាស់ជំនួយ ចាត់វិធានការ លោក ហ៊ុន សែន ចំអកសង្គមស៊ីវិលឲ្យមានភាពអៀនខ្មាសរឿងសុំមើលសេចក្តីព្រាងច្បាប់
CCHRលើកឡើងក្នុងការវិភាគថា សេចក្តីព្រាងច្បាប់ បានផ្តល់អំណាចឲ្យក្រសួងយុត្តិធម៌ ជាអ្នកចាត់ចែងលើថវិការបស់សាលាជម្រះក្តីទាំងអស់ ដែលករណីនេះ មិនអាចធានាបាននូវឯករាជ្យភាពរបស់តុលាការបានទេ។ CCHRបន្តថា សេចក្តីព្រាងច្បាប់ ក៏បានផ្តល់អំណាចឲ្យក្រសួងយុត្តិធម៌ ត្រួតពិនិត្យលើកិច្ចការរដ្ឋបាលរបស់សាលាជម្រះក្តី ត្រង់ចំណុចថាសេចក្តីព្រាងច្បាប់ តម្រូវឲ្យសាលាដំបូង និងអយ្យការអមសាលាដំបូង សលាឧទ្ធរណ៍ មហាអយ្យការអមសាលាឧទ្ធរណ៍ ព្រមទាំងតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល មានកញ្ចប់ថវិកាដោយឡែក សម្រាប់ដំណើរការ ដែលស្ថិតនៅក្នុងកញ្ចប់ថវិការបស់ក្រសួងយុត្តិធម៌(មាត្រា៨៤) ដែលកំពុងស្ថិតនៅក្រោមរដ្ឋាភិបាល។
សេចក្តីព្រាង ក៏បានផ្តល់អំណាចឲ្យអំណាចនីតិប្រតិបត្តិ(ក្រសួងយុត្តិធម៌) មានឥទ្ធិពលលើការដំឡើងថ្នាក់ និងឋានន្តរស័ក្តិរបស់ចៅក្រម និងព្រះរាជអាជ្ញា។សេចក្តីព្រាងច្បាប់ អនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានតែងតាំងដោយស្វ័យប្រវត្តិ ដោយមិនឆ្លងកាត់ការបោះឆ្នោតដោយស្ថាប័នមួយឯករាជ្យ។
កាលពីថ្ងៃសុក្រ សង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៣៤ នៅថ្ងៃសុក្រនេះអំពាវនាវឲ្យរដ្ឋសភា ពន្យារការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនបី ទាក់ទងនឹងប្រព័ន្ធតុលាការ ដែលសភាគ្រោងនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ។
អង្គការទាំងនោះ មានដូចជាគណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា គណៈកម្មការអ្នកច្បាប់អន្តរជាតិ(ICJ) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW)ជាដើម។សេចក្តីថ្លែងការណ៍រួម ចេញថ្ងៃទី១៦ ខែឧសភា បានធ្វើការអំពាវនាវឲ្យរដ្ឋសភា ធ្វើការពិគ្រោះយោបល់ឲ្យបានទូលាយជាសាធាណៈ ដើម្បីទទួលយកមតិយោបល់ និង អនុសាសន៍ល្អៗ ជាមុនសិនពីអង្គការសង្គមស៊ីវិល និងដៃគូដែលពាក់ព័ន្ធ មុននឹងធ្វើការអនុម័តសេចក្តីព្រាងច្បាប់ទាំងបីនេះ។ សេចក្តីថ្លែងការណ៍បន្តថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ និងមិនអាចធានាការបែងចែកអំណាចធំៗទាំងបី ដូចជាអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បដិសេធអត្ថាធិប្បាយលើបញ្ហានេះ ដោយរុញទៅមន្ត្រីផ្សេង។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់សង្គមស៊ីវិលមួយចំនួន ដែលទាមទារការត្រួតពិនិត្យសេចក្តីព្រាងច្បាប់ របស់រាជរដ្ឋាភិបាល ដោយលោកចាត់ទុកថា នេះផ្ទុយពីរដ្ឋធម្មនុញ្ញ និងមិនមែនជាកិច្ចការរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានស្តាប់ច្រើនហើយពីប្រជាពលរដ្ឋ ហើយបញ្ញត្តិច្បាប់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺមិនមានការអនុញ្ញាតឲ្យគណៈរដ្ឋមន្ត្រី ប្រគល់សេចក្តីព្រាងច្បាប់ទៅនរណាម្នាក់ គឺមានតែអ្នកព្រាងច្បាប់ បញ្ជូនទៅគណៈរដ្ឋមន្ត្រី និងទៅរដ្ឋសភា ដើម្បីអនុម័ត។ លោកបញ្ជាក់ថា គណៈរដ្ឋមន្ត្រី មិនមានកន្លែងទៅសុំយោបល់សង្គមស៊ីវិល ហើយសង្គមស៊ីវិល កុំអាលទាមទារសិទ្ធិហួសពេល និងសុំឲ្យមានការអៀនខ្មាស និងកុំទាមទារកិច្ចការរបស់គេមកធ្វើ៕
No comments:
Post a Comment
yes