សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 9, 2014

លោករ៉ុងឈុនរំពឹង​ថា​អាមេរិក​និង​កាណាដា​អន្តរាគមន៍​រឿង​ការ​ប្រើ​ហិង្សា​លើ​កម្មករ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ក្នុង​សន្និសីទ​កាសែត​អំពី​
ជំហរ​របស់​សហរដ្ឋអាមេរិក និង​កាណាដា ជុំវិញ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ
 នៅ​ថ្ងៃ​៨ ឧសភា ឆ្នាំ​២០១៤

មេដឹកនាំ​សហជីព​កម្មករ​រំពឹង​ថា សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា​សហរដ្ឋអាមេរិក នឹង​លើក​យក​បញ្ហា​ដែល​កំពុង​កើត​មាន​ដ៏​ចម្រូងចម្រាស​ប្រឆាំង​កម្មករ ដាក់​ជូន​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុង​ការ​ពិចារណា​ដាក់​សម្ពាធ និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
​ក្ដី​រំពឹង​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ​នៅ​ពេល​នេះ នៅ​បន្ទាប់ពី​ក្រុម​សហជីព​បាន​ទាមទារ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រតិកម្ម​ប្រឆាំង​ការ​ប្រើ​ហិង្សា​លើ​កម្មករ​ដែល​ទាមទារ​ប្រាក់ខែ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ។
ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច​របស់​ក្រុម​សហជីព​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បន្ត​ជាប់​គាំង និង​កើត​មាន​អំពើ​ហិង្សា​ជា​ញឹកញាប់​ទៅ​លើ​អ្នក​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​សេរីភាព។
ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ទាំង​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធ​សភា សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា សន្យា​ថា នឹង​យក​សំណើ​របស់​សហជីព​ផ្នែក​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា ដាក់​ទៅ​រដ្ឋាភិបាល​ដើម្បី​ពិចារណា និង​ចាត់​វិធានការ​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន។

​លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ផង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ឧសភា ថា ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ទាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធ​សភា សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា នឹង​យក​សំណើ​របស់​សហជីព​ដែល​លើក​ពី​បញ្ហា​ហិង្សា​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំង​កម្មករ ដាក់​ទៅ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី អូបាម៉ា ដើម្បី​ចាត់​វិធានការ។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ជាង ១​ខែ នៅ​ទីស្នាក់ការ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៨ ឧសភា លោក រ៉ុង ឈុន មាន​ជំនឿ​ថា កិច្ច​អន្តរាគមន៍​លើក​នេះ នឹង​មិន​ឥតប្រយោជន៍​ឡើយ។ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​កាល​ពី​ថ្ងៃ​ទី​៦ ឧសភា ក្រោយ​ពេល​ចេញ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក និង​កាណាដា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា នោះ លោក​អះអាង​ថា ការ​សន្យា​នៅ​ពេល​នេះ​របស់​សមាជិក​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ប្រទេស​មហា​អំណាច​មាន​ភាព​ម៉ឺងម៉ាត់​ណាស់​ជុំវិញ​បញ្ហា​ប្រឆាំង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​ប្រឆាំង​កម្មករ​ដែល​ទាមទារ​ប្រាក់​ខែ​ដោយ​អហិង្សា​ដើម្បី​រស់​នោះ។
លោក រ៉ុង ឈុន៖ «សហរដ្ឋអាមេរិក​ក៏​បាន​លើក​សំណួរ​សួរ​ខ្ញុំ​ដែរ​ថា ចង់​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើ​ស្អី ហើយ​បើ​សហរដ្ឋអាមេរិក​ធ្វើ​វា​នឹង​ប៉ះពាល់ តើ​លោក​ដឹង​អត់​ថា​វា​នឹង​ប៉ះពាល់​ពី​ណា? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ដឹង​ប៉ះពាល់​មុន​គេ​គឺ​កម្មករ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​កម្មករ ទាំង​គ្រូបង្រៀន ទើប​តែ​នឹង​ប៉ះពាល់ អាមេរិក​ដាក់​ទណ្ឌកម្ម​ទេ។ បើ​សិន​អាមេរិក​ដាក់​ទណ្ឌកម្ម​មែន ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ គ្រូបង្រៀន កម្មករ​ប៉ះពាល់​ជាង ៣០​ឆ្នាំ​មក​ហើយ។ ផល​ប៉ះពាល់​ហ្នឹង​ដែល​មិន​ទាន់​បាន​ផ្ដល់​ដំណោះស្រាយ​ឲ្យ​ពួក​គាត់»
​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ យ៉ាង​ហោច​ណាស់​ក៏​មនុស្ស ៤​នាក់​បាន​ស្លាប់​ភ្លាមៗ ចំណែក​ជិត ៤០​នាក់​ទៀត (៣៧) រង​របួស​ធ្ងន់​និង​ស្រាល។ លើស​ពី​នេះ សកម្មជន​សិទ្ធិ​មនុស្ស មន្ត្រី​សហជីព និង​កម្មករ ២៣​នាក់ ត្រូវ​ជាប់​ពន្ធនាគារ ខណៈ​ពេល​ដែល​មនុស្ស​ម្នាក់​បាត់​ខ្លួន​នៅ​ឡើយ។
ឆ្លើយ​តប​បញ្ហា​នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ផង អះអាង​យ៉ាង​មុតមាំ​ថា រដ្ឋាភិបាល​ពុំ​ខ្វល់​សោះ​ឡើយ​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​លោក រ៉ុង ឈុន នៅ​ពេល​នេះ។ លោក​ចាត់​ទុក​ថា មក​ដល់​ពេល​នេះ​ទៅ​ហើយ លោក រ៉ុង ឈុន នៅ​តែ​ជា​មនុស្ស​មិន​ដឹង​អ្វី​សោះ។ លោក​អះអាង​ថា បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភពលោក រហូត​មក​ដល់​ពេល​នេះ​គេ​បាន​បោះ​បង់​ចោល​អស់​ទៅ​ហើយ​រឿង​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​នោះ។ ហេតុ​នេះ​ការ​លើក​ឡើង​របស់​លោក រ៉ុង ឈុន វា​គួរ​ឲ្យ​ខ្មាស និង​រឹតតែ​ហួស​សម័យកាល​ទៅ​ទៀត អ្វី​ដែល​គប្បី​និយាយ​នៅ​ពេល​នេះ គឺ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស​ប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន៖ «នេះ​ជា​បំណង​របស់​លោក រ៉ុង ឈុន។ បំណង​អំពី​ការ​ប្រឆាំង​កំហឹង និង​ការ​ឈ្នានីស​រាល់​អ្វី​ដែល​ជា​ផលប្រយោជន៍​របស់​កម្មករ ឬ​ប្រយោជន៍​ប្រជាពលរដ្ឋ។ យើង​ដឹង​ហើយ ពិភពលោក​គេ​បោះបង់​ចោល​អំពី​ការ​ដាក់​ទណ្ឌកម្ម មានតែ​លោក រ៉ុង ឈុន មួយ​ទេ ដែល​ទើប​ចេញ​ពី​ព្រៃ​មក។ លោក​នៅ​មាន​គំនិត​ដដែល»
​ចំណែក​លោក រ៉ុង ឈុន វិញ​ព្រមាន​ថា បើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​បរិវារ​របស់​ខ្លួន​នៅ​តែ​បន្ត​ប្រើ​ហិង្សា និង​បាញ់​បង្ក្រាប​ប្រឆាំង​កម្មករ សកម្មជន​សិទ្ធិ​មនុស្ស និង​គ្រូបង្រៀន​បន្ត​ទៀត។ លោក​បញ្ជាក់​ថា នោះ​ជីវិត​នយោបាយ​ចុង​ក្រោយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជិត​បញ្ចប់​ហើយ៕

No comments:

Post a Comment

yes