ចៅក្រមជំនុំជម្រះនៅបន្ទប់សវនាការទីមួយ លើករណីជនជាប់ចោទ ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រយ៉ាកជីង បានប្រកាសសម្រាករយៈពេល ១០នាទី ដើម្បីជនជាប់ចោទសម្រួលអារម្មណ៍ ខណៈដែលចម្លើយរបស់ជនជាប់ចោទរូបនោះមានភាពច្របូកច្របល់។
សេចក្តីរាយការណ៍ពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅពេលដែលសវនាការ កំពុងសាកសួរជនជាប់ចោទទីពីរ ក្នុងចំណោមជនជាប់ចោទទាំង ១០នាក់ ទាក់ទងករណីហិង្សានៅមុខរោងចក្រយ៉ាកជីងនោះ នៅម៉ោង ១០:៥៥នាទីព្រឹកថ្ងៃអង្គារនេះ ចៅក្រមជំនុំជម្រះបានប្រកាសសម្រាក រយៈពេល ១០នាទី ដោយសារជនជាប់ចោទឈ្មោះ ឡន សាន អាយុ ២០ឆ្នាំ ដែលកំពុងសាកសួរនោះ ផ្តល់ចម្លើយច្របូកច្របល់ និងមិនយល់នូវសំណួររបស់ចៅក្រមស៊ើបសួរ។
សេចក្តីរាយការណ៍បន្តថា ការផ្អាកសវនាការនោះ ធ្វើឡើងបន្ទាប់ពី តំណាងអយ្យការព្យាយាមប្រៀបធៀបពីចម្លើយដែលជនជាប់ចោទបានឆ្លើយក្នុងដំណាក់ចំពោះមុខ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងចម្លើយដែលចៅក្រមស៊ើបសួរ នៅក្នុងអង្គសវនាការនាពេលនេះ ប៉ុន្តែជនជាប់ចោទ ពុំយល់នូវសំណួររបស់តំណាងអយ្យការ។
បើតាមចម្លើយជនជាប់ចោទឈ្មោះ ឡន សាន រូបគេមានមុខរបរនៅផ្ទះ ហើយនៅថ្ងៃកើតហេតុ ខ្លួនបានទៅសួរសុខទុក្ខបងស្រីដែលមានទីលំនៅនៅក្បែររោងចក្រយ៉ាកជីង។ ជនជាប់ចោទរូបនោះបន្តថា បងស្រីរបស់ខ្លួន ធ្វើការនៅរោងចក្រនោះ ប៉ុន្តែនៅថ្ងៃកើតហេតុបងស្រីរបស់ខ្លួនបានទៅមើលហេតុការណ៍ប៉ះទង្គិចរវាងកងកម្លាំងឆ័ត្រយោង៩១១ ជាមួយកម្មករដែលតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារនៅមុខរោងចក្រ ហើយខ្លួនក៏បានទៅហៅបងស្រីឲ្យត្រឡប់មកផ្ទះវិញ ពេលនោះក៏ត្រូវអាជ្ញាធរឃាត់ខ្លួនតែម្តង។
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទទាំង២៣នាក់ ដែលក្នុងនោះសវនាការចែកចេញជាពីរបន្ទប់ ដោយបន្ទប់សវនាការទីមួយ ជំនុំជម្រះលើករណីលោកវន់ ពៅ និងជនជាប់ចោទ ៩នាក់ទៀត ដែលចាប់ខ្លួននៅមុខរោងចក្រយ៉ាកជីង និងបន្ទប់សវនាការទីពីរ ជំនុំជម្រះលើករណីកម្មករ១៣នាក់ ដែលចាប់ខ្លួននៅផ្លូវវ៉េងស្រេង។
ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment
yes