រូបភាពពីអង្គការលីកាដូ
រូបភាពពីអង្គការលីកាដូ
ប្រជាពលរដ្ឋជិត៣០០នាក់ នៅព្រឹកថ្ងៃអង្គារនេះ មិនត្រូវបានអនុញ្ញាតឲ្យចូលទៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈសវនាការលើលោក វន់ ពៅ និងអ្នកទាំង២២ កំពុងចាប់ផ្តើម។
ពលរដ្ឋទាំងនោះ មានអ្នកតំណាងមកពីសហគមន៍បុរីកីឡា សហគមន៍បឹងកក់ ព្រះសង្ឃ និងក្រុមគ្រួសារជនជាប់ចោទ។ អ្នកសារព័ត៌មាន និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ក៏មានវត្តមាននៅទីនោះផងដែរ។នៅចុងខាងជើងនៃផ្លូវចូលតុលាការ នគរបាលប្រដាប់ដោយកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បានបិទផ្លូវ ដោយមិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលទៅក្បែរតុលាការ។
ចំណែកនៅក្នុងបន្ទប់សវនាការទី១ អ្នកតំណាងមកពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទិ្ធមនុស្ស (UNOHCHR) ក៏មានវត្តមាន។ សាក្សីខាងព្រះរាជអាជ្ញា២២នាក់ និងសាក្សីខាងជនជាប់ចោទ៦នាក់ អវត្តមាន។
អង្គការលីកាដូ ឲ្យដឹងថា នៅក្នុងបន្ទប់សវនាការទី២ ជនជាប់ចោទឈ្មោះ ជា សារ៉ាត់ ដែលជាអ្នករត់ម៉ូតូឌុប កំពុងផ្តល់សក្ខីកម្ម។ ចៅក្រមបានសួរទៅលោក ថាតើហេតុអ្វីបានជាលោកកាន់ដបសាំង ហើយលោកបានឆ្លើយតបទៅវិញថា ដើម្បីចាក់ម៉ូតូរបស់លោក។ លោកបាននិយាយថា លោកនៅពេលនោះកំពុងឈរមើលព្រឹត្តិការណ៍នោះ តែមិនបានចូលរួមនោះទេ។
នៅក្នុងបន្ទប់សវនាការទី៣ ចៅក្រមជាចុងក្រោយ មិនអនុញ្ញាតឲ្យមានការចាក់បញ្ចាំងវីដេអូដែលជាភ័ស្តុតាងនោះទេ ហើយបានបន្តនីតិវិធីទៅមុខរហូតដល់ការធ្វើសេចក្តីសន្និដ្នានចុងក្រោយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង២២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។
ក្នុងចំណោមជនជាប់ចោទទាំង ២៣នាក់ មានជនជាប់ចោទពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី ០៧ខែកុម្ភៈ។
ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment
yes