ប្រជាពលរដ្ឋមានជម្លោះដីធ្លី ចំនួន៩គ្រួសារ ក្នុងចំណោម១១គ្រួសារ នៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទមសាគរ ខេត្តកោះកុង ចោទលោកអភិបាលស្រុកនេះ និងប្រធានសុរិយោដីស្រុក ថាបានឃុបឃិតគ្នាជាមួយឈ្មោះ ហេង ហ៊ុយ យកដីរបស់ពួកគាត់ដោយបំពាន។
ការចោទប្រកាន់នេះ ខណៈពួកគាត់បានឡើងមកដាក់ពាក្យបណ្ដឹងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃសុក្រនេះ។
តំណាងប្រជាពលរដ្ឋមានជម្លោះ លោក យ៉ន នៅ ប្រាប់VODថា ដីដែលឈ្មោះ ហេង ហ៊ុយ យកពីប្រជាពលរដ្ឋមានចំនួនជាង ៩ហិកតា ។ លោកបន្តថា ដីមានជម្លោះ គឺជាដីភូមិចាស់ ដែលប្រជាពលរដ្ឋរស់នៅតាំងពីយូរយាណាស់មកហើយ តែជម្លោះនេះកើតឡើងក្នុងខែកក្កដា ឆ្នាំ២០១២ ស្របពេលដែលមានក្រុមនិស្សិតស្ម័គ្រចិត្តចុះទៅវាស់វែងនៅក្នុងតំបន់នោះ។
ពលរដ្ឋមានជម្លោះម្នាក់ទៀត ដែលសុំមិនបញ្ជេញឈ្មោះ ឲ្យដឹងថា ការដែលឈ្មោះ ហេង ហ៊ុយ ហ៊ានយកដីរបស់ពលរដ្ឋទាំងបំពានដូចនេះ ដោយសារតែមានការត្រូវរូវគ្នារវាងលោកអភិបាលស្រុក និងប្រធានសុរិយោដីស្រុកបុទុមសាគរ។ លោកបន្តថា ប្រជាពលរដ្ឋ ធ្លាប់ដាក់ពាក្យបណ្ដឹងទៅថ្នាក់ស្រុក ថ្នាក់ខេត្ត រហូតមកដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយដល់ពលរដ្ឋឲ្យបានសមរម្យនោះទេ។
អភិបាលស្រុកបុទុមសាគរ លោក អន ភារៈ បដិសេធថា លោកមិនដែលបានឃុបឃិតយកដីប្រជាពលរដ្ឋទាំង១១គ្រួសារនោះទេ ដោយលោកធ្លាប់ហៅភាគីទាំងពីរចរចា ប៉ុន្តែពួកគេមិនព្រមចូលរួម។ លោកព្រមានថា ការចោទលើរូបលោកយ៉ាងដូចនេះ រូបលោក អាចនឹងដាក់ពាក្យបណ្ដឹងតបតវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានប្រសាសន៍ថា ការដោះស្រាយរបស់អាជ្ញាធរលើករណីជម្លោះដីធ្លីនៅស្រុកបុទុមសាគរនេះ ហាក់មានភាពលម្អៀង ដោយធ្វើការវាស់វែងដីទៅឲ្យឈ្មោះ ហេង ហ៊ុយ ខណៈការដោះស្រាយនៅមិនទាន់បញ្ចប់នៅឡើយ។ លោកបន្ថែមថា អាជ្ញាធរគួរតែទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយតាមដំណាក់កាល ៕
No comments:
Post a Comment
yes