អង្គការអន្តរជាតិចំនួនពីរ អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីពាក់ព័ន្ធ អន្តរាគមន៍ ករណីគំរាមសម្លាប់សកម្មជនដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក វ៉ាន់ សុផាត។
អង្គការទាំងពីរនេះ គឺសហព័ន្ធអន្តរជាតិការពារសិទ្ធិមនុស្ស (FIDH) និងអង្គការប្រឆាំងការធ្វើទារុណកម្មពិភ ពលោក (OMCT)។អង្គការទាំងពីរ បានដាក់លិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស តំណាងបេសកកម្មសហភាពអឺរ៉ុប និងតំណាងអង្គការសហប្រជាជាតិ។
សេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១០ ខែឧសភា ឲ្យដឹងថា មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ខ្លួន គឺ លោក វ៉ាន់ សុផាត កាលពីល្ងាចថ្ងៃសុក្រ ទី៩ ខែឧសភា បានរងការគំរាមសម្លាប់ ខណៈចូលបំពេញបេសកកម្មការងារនៅទីតាំងជម្លោះដីធ្លីមួយកន្លែង នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ CCHR ឲ្យដឹងថា នៅម៉ោងជាង៤ និង៥០នាទី អំឡុងពេលដែល លោក វ៉ាន់ សុផាត កំពុងថតរូប វីដេអូឯកសារ ករណីជម្លោះដីធ្លី របស់គ្រួសារលោក លី ស្រ៊ាខេង ក្នុងចំណោម៣គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន ឃុនសៀ នោះ ស្រាប់តែមានជនស៊ីវិល ៦នាក់ ដែលត្រូវបានគេស្គាល់ថា ជាសន្តិសុខរបស់ក្រុមហ៊ុននោះ មករុញច្រានលោកចេញ និងប្រើសម្តីគំរោះគំរើយមកលើរូបលោក។
សេចក្តីថ្លែងការណ៍របស់អង្គការទាំងពីរ ចេញផ្សាយកាលពីថ្ងៃទី១៣ខែឧសភា ឲ្យដឹងថា អង្គការអន្តរជាតិទាំងពីរ
បារម្ភពីការយាយី និងការគំរាមសម្លាប់ប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស។ អង្គការ ជំរុញឲ្យអាជ្ញាធរកម្ពុជា ធានាពីបញ្ហាសុវត្ថិភាពរាងកាយ និងស្មារតីរបស់សកម្មជនសិទ្ធិមនុស្ស និងចាត់វិធានការស៊ើបអង្កេតឲ្យមានប្រសិទ្ធិភាព និងមិនលម្អៀងលើករណីនេះ ដើម្បីនាំយកអ្នកគំរាមសម្លាប់មកទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្តីជូនដំណឹងរបស់CCHR គូសបញ្ជាក់ថា នៅពេលដែល វ៉ាន់ សុផាត ទៅដល់ទីនោះ គឺស្របពេលដែលសន្តិសុខក្រុមហ៊ុន ឃុន សៀ កំពុងរុះរើផ្ទះគ្រួសារមួយ ក្នុងចំណោមបីគ្រួសារនោះ និងបានគំរាមរូបលោកឲ្យចេញ ដោយពួកគេ មានកាន់នូវកាំបិត ពូថៅ និងញញួរ ថែមទាំងស្រែកជេរប្រមាថ និងគំរាមកាប់ក្បាលរបស់លោកផងដែរ មិនតែប៉ុណ្ណោះក្រុមសន្តិសុខរបស់ក្រុមហ៊ុន ឃុន សៀ បានថតរូបលោក និងស្លាកលេខឡានរបស់លោកទុកទៀតផង។
សេចក្តីជូនដំណឹង ឲ្យដឹងដែរថា កន្លងទៅ លោក វ៉ាន់ សុផាត មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានទៅកាន់តំបន់នោះ ជាមួយនឹងក្រុមការងារម្តងរួចមកហើយ ដើម្បីផលិតផលនូវវីដេអូឯកសារ ពាក់ព័ន្ធនឹងគ្រួសាររបស់លោក លី ស្រ៊ាខេង តែត្រូវបានសន្តិសុខក្រុមហ៊ុន ជាង១០នាក់ ព្យាយាមរំខាន ដោយពាក្យសម្តី និងថតរូបពួកគេទុក ផ្តោតសំខាន់លើលោក វ៉ាន់ សុផាត។
សូមរំលឹកថា ទំនាស់ដីធ្លីរវាងពលរដ្ឋ៣គ្រួសារ នៅតំបន់បឹងកក់១ជាមួយនឹងក្រុមហ៊ុន ឃុន សៀ កើតឡើងចាប់ពីខែមេសា ឆ្នាំ២០១៣ដោយពលរដ្ឋអះអាងថាក្រុមហ៊ុនមួយនេះបានព្យាយាមទិញយកដីពលរដ្ឋនៅទីនោះចំនួន៣គ្រួសារដោយឲ្យតម្លៃ១៥.០០០ដុល្លារក្នុងមួយគ្រួសារ។ ប៉ុន្តែប្រជាពលរដ្ឋ មិនព្រមលក់ហើយក្រោយមកក្រុមហ៊ុនក៏ព្យាយាមរកគ្រប់មធ្យោបាយដើម្បីរំខានដល់ពួកគាត់៕
No comments:
Post a Comment
yes