សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

វេទិកា​សាធារណៈ​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ត្រូវ​អាជ្ញាធរ​រារាំង

ព្រៃ​ឡង់​រង​ការ​បំផ្លិច​បំផ្លាញគ្មាន​ឈប់ឈរ​ដោយក្រុម​ហ៊ុន​ប្រើ​គ្រឿងចក្រធុនធ្ងន់​

 ក្រុម​បណ្តាញ​សហគមន៍​ព្រៃឡង់​ជាង ៣០០ នាក់​មក​ពី​ខេត្ត​ចំនួន ៤ មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​នឹង​អាជ្ញាធរ ខេត្ត​ព្រះវិហារ ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​រៀបចំ​វេទិកា​សាធារណៈ​ស្តីពី​កិច្ច​សហការ​រួម​គ្នា​ក្នុង​ការ​ការពារ​និង​គ្រប់​គ្រង​ព្រៃឡង់ ក្នុង ស្រុក​ជ័យសែន តាម​ការ​គ្រោង​ទុក កាល​ពី​ព្រឹក​ថ្ងៃ​ពុធ។
លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា អាជ្ញាធរ​ខេត្ត-ស្រុក​ហាម​មិន​ឲ្យ​បើក​វេទិកា​សាធារណៈ​តាម​គម្រោង​នោះ​ទេ ដោយ​ឲ្យ​លើក​ទៅ​ពេល​ក្រោយ​ដែល​ខាង​អាជ្ញាធរ​ស្រុក​ជា​អ្នក​រៀបចំ​ទៅ​វិញ។
លោក សុខហេង បន្ត​ថា៖ «សហគមន៍​ចោទ​សួរ​អំពី​បទល្មើស​ជាច្រើន​នៅ​ក្នុង​ព្រៃឡង់ ប៉ុន្តែ​ត្រូវ​លោក​អភិបាល​ស្រុក​តប​ថា ហួស​ពី​សមត្ថភាព​របស់​លោក​ក្នុង​ការ​ឆ្លើយ ដោយ​លោក​សូម​លើក​ទៅ​ឆ្លើយ​នៅ​ពេល​ក្រោយ​វិញ​ដែល​មិន​ដឹង​ពេល​ណា​ច្បាស់​លាស់»។
លោក សុខហេង បញ្ជាក់​ថា បណ្តាញ​សហគមន៍​ព្រៃឡង់​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង រួច​ហើយ​ក៏​បាន​បំបែក​គ្នា​ទៅ​កាន់​លំនៅឋាន​រៀងៗ​ខ្លួន​វិញ។
តាម​លោក សុខហេង ឲ្យ​ដឹង​ពី​មូល​ហេតុ​ដែល​អាជ្ញាធរ​ហាម​ប្រាម​ថា ដោយ​សារ​តែ​អ្នក​ចូល​រួម​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ ដែល​លោក​បដិសេធ​ពី​ការ​លើក​យក​លេស​នេះ ហើយ​ថា សហគមន៍ គឺ​ចង់​បាន​តែ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​តែ​ប៉ុណ្ណោះ»។

លោក ហឿន សុភាព បណ្តាញ​សហគមន៍​ព្រៃឡង់​មក​ពី ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ដែរ​ថា លោក​សោក​ស្តាយ ដោយ​សារ​លោក​ប្រមូល​យក​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មក​បង្ហាញ​អាជ្ញាធរ តែ​ត្រូវ​ខក​ខាន​ទៅ​វិញ។ លោក​និយាយ​ថា៖ «ខ្ញុំ​យក​ឯកសារ​និង​ភ័ស្តុតាង​ជាច្រើន​ដែល​ប្រមូល​បាន​ពេល​ចុះ​ល្បាត ព្រៃឡង់ ក្នុង ខេត្ត​កំពង់ធំ មក​បង្ហាញ​អាជ្ញាធរ​តែ​ត្រូវ​ខក​ខាន​គួរ​ឲ្យ​សោក​ស្តាយ»។
លោក​អភិបាល ស្រុក​ជ័យសែន លោក ថោង សាឃឿន មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ។
តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​ស្តី​ពី​វេទិកា​សាធារណៈ​នេះ​គឺ​មាន​គោល​បំណង​ដើម្បី​ជជែក និង​បង្ហាញ​ជា​សាធារណៈ​ពី​មូល​ហេតុ​នៃ​បទ​ល្មើស​ព្រៃ​ឈើ​ហើយ​និង​ជំរុញ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ពី​មន្រ្តី​ពាក់​ព័ន្ធ និង​អាជ្ញាធរ​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់ ព្រៃឡង់ និង​ពិភាក្សា​ពី​កិច្ច​សហការ និង​ការ​គ្រប់​គ្រង​ព្រៃឡង់​រួម​គ្នា រវាង​រដ្ឋាភិបាល និង​បណ្តាញ​សហគមន៍។
កន្លង​មក​លោក ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ព្រមាន​ដល់​បុគ្គល​ឬ​មន្រ្តី​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​កាប់​ឈើ​ដោយ​ការ​ដក​តួនាទី និង​ដាក់​ទោស​ទណ្ឌ​ផង​មិន​ថា ថ្នាក់​ប៉ុន​ណា​ទេ ប៉ុន្តែ ចំណាត់​ការ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​ឡើយ។
លោក ស្វាយ ភឿន បណ្តាញ​សហគមន៍​ព្រៃឡង់​មក​ពី ខេត្ត​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា ក្នុង ឆ្នាំ​២០១៣ និង​ប៉ុន្មាន​ខែ​ក្នុង​ដើម ឆ្នាំ​២០១៤ នេះ​បណ្តាញ​សហគមន៍​ព្រៃឡង់​ក្នុង​ខេត្ត ប្រមូល​បាន​ម៉ាស៊ីន​អារ​ឈើ​ចំនួន ១៤ គ្រឿង ដែល​លោក​គ្រោង​នឹង​ធ្វើ​ការ​ដុត​បំផ្លាញ​ចោល​នៅ​ក្នុង​វេទិកា​សាធារណៈ​ក្នុង​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ ដោយ​អាជ្ញាធរ​រារាំង​ក៏​ត្រូវ​បាន​ខក​ខាន​ទៅ​វិញ៕

No comments:

Post a Comment

yes