សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 8, 2014

រដ្ឋសភា​បដិសេធ​មិន​ស៊ើប​អង្កេត​រឿង​ពុក​រលួយ​និង​បក្ខពួក​និយម​ក្នុង​សភា

លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ 
ឃោសនាការ និង​ព័ត៌មាន ឬ​ហៅ​ថា គណៈកម្មការ​ទី​៥​រដ្ឋសភា ថ្លែង​នៅ​ក្នុង​សន្និ
សីទ​កាសែត​នា​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៤

រដ្ឋសភា ប្រកាស​មិន​ស៊ើប​អង្កេត​ករណី​អំពើ​ពុក​រលួយ និង​បក្ខពួក​គ្រួសារ​និយម​ពាក់ព័ន្ធ​នឹង​អគ្គលេខាធិការ​រង លោក មិត្ត ការ៉េន។ រដ្ឋសភា​បញ្ជាក់​ថា មូលហេតុ​ដែល​ស្ថាប័ន​កំពូល​នេះ​មិន​ស៊ើប​អង្កេត​នោះ ដោយសារ​តែ​កម្ពុជា ពុំ​មាន​ច្បាប់​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​គ្រួសារ​បម្រើ​នៅ​ស្ថាប័ន​តែ​មួយ។
មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បដិសេធ​ការ​ចោទ​ប្រកាន់​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ដែល​បាន​ចោទ​ប្រកាន់​អគ្គលេខាធិការ​រង​រដ្ឋសភា លោក មិត្ត ការ៉េន ពី​បទ​ពុក​រលួយ និង​បក្ខពួក​និយម ដោយ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ធ្វើ​ការងារ​ក្នុង​រដ្ឋសភា។ លោក ឈាង វុន អះអាង​ថា កម្ពុជា ពុំ​មាន​ច្បាប់​ហាម​ឃាត់​សាច់ញាតិ និង​ក្រុម​គ្រួសារ មិន​ឲ្យ​ធ្វើ​ការងារ​នៅ​កន្លែង​តែ​មួយ​ឡើយ។
លោក ឈាង វុន៖ «តាម​ពិត​ទៅ យើង​មិន​ចង់​ឲ្យ​មាន​ទេ ខ្លួន​ខ្ញុំ​ផ្ទាល់ ប៉ុន្តែ​វា​អត់​មាន​ច្បាប់​ហាម​ឃាត់​គ្រួសារ​មិន​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា។ អា​ហ្នឹង​ចាំ​ថ្ងៃ​ក្រោយ​ចាំ​យើង​គិត​ទៀត។ បើ​ច្បាប់​អត់​ទាន់​មាន​ផង យើង​ទៅ​ចោទ​គេ​ថា​ពុក​រលួយ គ្រាន់​តែ​គ្រួសារ​ធ្វើ​ការងារ​ជាមួយ​គ្នា​វា​ធ្ងន់ធ្ងរ»

លោក សុន ឆ័យ កាល​ពី​ខែ​តុលា បាន​ស្នើ​ឲ្យ​រដ្ឋសភា​ដក​តួនាទី លោក មិត្ត ការ៉េន និង​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ករណី​បង្កើត​ក្រុម​បណ្ដេញ​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ​នៅ​ក្នុង​រដ្ឋសភា ប៉ុន្តែ​រដ្ឋសភា​មិន​ទាន់​បាន​ចាត់​វិធានការ​លើ​បណ្ដឹង លោក សុន ឆ័យ នៅ​ឡើយ​ទេ​មក​ទល់​នឹង​ខែ​វិច្ឆិកា នេះ។
កាល​ពី​ខែ​តុលា លោក សុន ឆ័យ អះអាង​ថា លោក មិត្ត ការ៉េន មាន​កូនប្រសា និង​កូនស្រី​បង្កើត​បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ។ កូន​ប្រុស​បង្កើត និង​ក្មួយ ធ្វើ​ជា​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង និង​ប្រធាន​ការិយាល័យ​សវនកម្ម​ទី​២ ហើយ​ប្អូន​ថ្លៃ​ពីរ​នាក់ និង​កូនប្រសា​ម្នាក់​ផ្សេង​ទៀត មាន​តួនាទី​ជាន់​ខ្ពស់​ក្នុង​នាយកដ្ឋាន​បុគ្គលិក និង​គ្រប់គ្រង​ប្រាក់​បៀវត្ស​តំណាង​រាស្ត្រ។ ភស្តុតាង​នៃ​ការ​បង្កើត​បក្ខពួក និង​គ្រួសារ​និយម​ក្នុង​រដ្ឋសភា​នេះ បាន​បែក​ធ្លាយ​នៅ​ពេល​ដែល លោក សុន ឆ័យ សិក្សា​ទៅ​លើ​ការ​ចំណាយ និង​គម្រោង​ចំណាយ​ប្រចាំ​ឆ្នាំ។ ការ​សិក្សា​ក្នុង​គម្រោង​ចំណាយ​មួយ​បង្ហាញ​ថា រដ្ឋសភា​គ្រោង​ចំណាយ​លុយ​ប្រមាណ ៣​ម៉ឺន ៥​ពាន់​ដុល្លារ ដើម្បី​ទិញ​ម៉ាស៊ីន​ថត​ចម្លង​មួយ​គ្រឿង។
ចំពោះ​ការ​បដិសេធ​របស់​រដ្ឋសភា មិន​ស៊ើប​អង្កេត​ករណី​ពុក​រលួយ​ក្នុង​ស្ថាប័ន​កំពូល​នេះ លោក សុន ឆ័យ បញ្ជាក់​ថា លោក​សោកស្ដាយ​ចំពោះ​ការ​បដិសេធ​មិន​ស៊ើប​អង្កេត​នេះ។ លោក​ថា លោក​បាន​បំពេញ​ការងារ​ក្នុង​នាម​ជា​អនុប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​រួច​រាល់​ហើយ។ លោក​ទុក​ឲ្យ​ម្ចាស់​ឆ្នោត​ជា​អ្នក​វិនិច្ឆ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋសភា៖ «ការ​ឆ្លើយ​បែប​នេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿងឆ្ងល់ ធ្វើ​ឲ្យ​យើង​បាត់​បង់​ជំនឿ​ណា បាត់​បង់​ជំនឿ​ថា រដ្ឋសភា​នឹង​រៀបចំ​ខ្លួន​ឲ្យ​ស្អាតស្អំ ដើម្បី​ធ្វើ​ការងារ​បម្រើ​ប្រទេស​ជាតិ​បាន។ ការងារ​នេះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ដែរ ឃើញ​កំហុស​ហ្នឹង​ហើយ​ថា​អត់​កំហុស។ ខ្ញុំ​សូម​បញ្ជាក់ វា​មិន​រឿង​ច្បាប់​អ្វី​ទាំងអស់។ នេះ​ជា​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​មួយ»
ឆ្លើយ​តប​ទៅ​នឹង លោក ឈាង វុន វិញ លោក សុន ឆ័យ បញ្ជាក់​ថា រដ្ឋសភា​បាន​ប្រើប្រាស់​ថវិកា​ជាតិ ដូច្នោះ​រាល់​អំពើ​ពុក​រលួយ​នៅ​ក្នុង​រដ្ឋសភា វា​ប៉ះពាល់​ទៅ​ដល់​ថវិកា​ជាតិ។
របាយការណ៍​ចំណាយ​ឆ្នាំ​២០១៤ និង​គ្រោង​ចំណាយ​ឆ្នាំ​២០១៥ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​បង្ហាញ​ថា សភា​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ២៩​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤ ហើយ​គ្រោង​ចំណាយ​ជាង ៤៣​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។
ចំពោះ​គម្រោង​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ទិញ​សម្ភារៈ​ក្នុង​រដ្ឋសភា​នោះ លោក ឈាង វុន អះអាង​ថា ការ​ចំណាយ​ប្រមាណ ៤​ម៉ឺន​ដុល្លារ ទិញ​ម៉ាស៊ីន​បោះពុម្ព​មួយ​គ្រឿង​នោះ មិន​មែន​ជា​ការ​ចម្លែក​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា ដោយសារ​តែ​ការ​ផ្សះផ្សា​នយោបាយ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋសភា​មាន​បុគ្គលិក​គ្មាន​សមត្ថភាព​ជាច្រើន ដែល​ទាមទារ​ឲ្យ​រដ្ឋសភា​ធ្វើ​កំណែ​ទម្រង់។
លោក ឈាង វុន ក៏​ចោទ លោក សុន ឆ័យ ទៅ​វិញ​ថា លោក​បាន​រំលោភ​កិច្ច​ព្រមព្រៀង​ឈប់​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។
នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ធ្លាប់​បញ្ជាក់​ថា ការ​តែង​តាំង​ក្រុម​គ្រួសារ​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​នេះ ជា​ជម្លោះ​ផល​ប្រយោជន៍ បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ ហើយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មិន​អាច​ទទួល​យក​ទម្លាប់​នេះ​បាន​ឡើយ។ លោក​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​បន្ទាន់៕

No comments:

Post a Comment

yes