ជនជាតិវៀតណាម ទាំងពីរនាក់នេះបានចូលមកកាប់ឈើនៅដីខ្មែរ ចំណុចប៉ុស្តិ៍នគរបាល
ការពារព្រំដែនច្រកអូរថ្មដា ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (adhoc) អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតករណីមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ ដែលសង្ស័យថាឃុបឃិតជាមួយជនជាតិវៀតណាម ក្នុងករណីបទល្មើសព្រៃឈើ។
ការសង្ស័យនោះ កើតមាននៅពេលមន្ត្រីប៉ូលិស បានវត្ថុតាងដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ពលរដ្ឋវៀតណាម ដែលឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរកាលពីចុងសប្ដាហ៍មុន។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ រឹបអូសបានម៉ូតូ ៣គ្រឿងរបស់ពលរដ្ឋវៀតណាម ចូលមកដឹកជញ្ជូនឈើក្នុងដីខ្មែរ ក៏ប៉ុន្តែសមត្ថកិច្ចប៉ូលិស មិនបានកសាងសំណុំរឿងបញ្ជូនទៅមន្ត្រីជំនាញទេ បែរជាប្រគល់ម៉ូតូទៅឲ្យពលរដ្ឋវៀតណាម ទាំងនោះវិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ចាត់ទុកទង្វើរបស់សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ ថាជាការឃុបឃិតបង្កឲ្យពលរដ្ឋវៀតណាម ចូលមកកាប់ឈើក្នុងដីខ្មែរ។ លោកបន្តថា ច្រើនឆ្នាំកន្លងទៅ សហគមន៍បានខិតខំចូលរួមទប់ស្កាត់បទល្មើសព្រៃឈើឆ្លងដែន ដែលបង្កឡើងដោយពលរដ្ឋវៀតណាម ច្រើនករណី។ ដូច្នេះ ការរកឃើញម៉ូតូកែច្នៃដឹកឈើរបស់ពលរដ្ឋវៀតណាម ជាភស្តុតាងថ្មីបង្ហាញថា ពលរដ្ឋវៀតណាម នៅតែលួចចូលកាប់ឈើក្នុងដីខ្មែរបន្តទៀត។
លោក ឆាយ ធី៖ «ចំណុចនេះហើយដែលធ្វើឲ្យវៀតណាម ងាយនឹងឆ្លងដែនមកលួចកាប់ឈើខុសច្បាប់ ហើយមិនត្រឹមមកដោយរបៀបស្លូតត្រង់ទេ គឺមានទាំងកាំបិត មានទាំងអាវុធ ជាដើម មានភាពមិនប្រក្រតីដែរ យើងអាចថាការដោះលែងនេះ គឺជាការរួមគ្នាឃុបឃិតឲ្យធ្វើអាជីវកម្មឈើខុសច្បាប់ក៏ថាបាន»។
ប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើភូមិឡំ រាយការណ៍ថា សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍បានប្រទះឃើញម៉ូតូកែច្នៃសម្រាប់ដឹកជញ្ជូនឈើរបស់ពលរដ្ឋវៀតណាម ៣គ្រឿង នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីប៉ុស្តិ៍ការពារព្រំដែនអូរថ្មដា ចំណុចអូរប្រែស ក៏ប៉ុន្តែប៉ូលិសមិនបានឃាត់ខ្លួនពលរដ្ឋវៀតណាម ជាម្ចាស់ម៉ូតូបានម្នាក់ណាឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីប៉ូលិសប៉ុស្តិ៍ឃុំប៉ក់ញ៉ៃ លោក ពូយ ច្រូត សុំបញ្ជាក់ពីបញ្ហានេះបានទេ ក៏ប៉ុន្តែអធិការនគរបាលប៉ូលិសស្រុកអូរយ៉ាដាវស្តីទី លោក ងយ ដន ទទួលស្គាល់ថា ប៉ូលិសប៉ុស្តិ៍ និងសហគមន៍ ចុះល្បាតក្នុងព្រៃ ហើយប្រទះឃើញម៉ូតូបីគ្រឿងនោះមែន ក៏ប៉ុន្តែដោយសារមិនឃើញមានវត្ថុតាងអ្វីផ្សេងក្រៅពីម៉ូតូ ទើបមន្ត្រីប៉ូលិសប៉ុស្តិ៍ស្នើសុំសម្រុះសម្រួល ប្រគល់ទៅឲ្យជនជាតិវៀតណាម ជាម្ចាស់ម៉ូតូនោះវិញ។ លោកបន្តថា មិនបានដឹងថាតើការសម្រុះសម្រួលនោះ សមត្ថកិច្ច និងសហគមន៍ផាកពិន័យពលរដ្ឋវៀតណាម ទាំងនោះយ៉ាងណានោះទេ ពីព្រោះបញ្ហានេះជាកំហុសតូចតាច។ ហេតុនេះ ស្នងការប៉ូលិសអនុញ្ញាតឲ្យសមត្ថកិច្ចមូលដ្ឋាន សម្របសម្រួលដោះស្រាយបញ្ហានេះជាមួយពលរដ្ឋវៀតណាម ទាំងនោះ៖ «ម៉ូតូចូលមកតាមច្រកប៉ុស្តិ៍អូរតាង ហើយចូលមកក្នុងទឹកដីយើង។ រឿងដឹកឈើយើងអត់បានឃើញដឹក បានបីគ្រឿង ប៉ុន្តែសហគមន៍គាត់សុំដោះស្រាយជាមួយភាគីខាងវៀតណាម ប៉ុន្តែខាងវៀតណាម ហ្នឹង មេប៉ុស្តិ៍គេមកដោះស្រាយ មេប៉ុស្តិ៍អូរតាង ហើយបើសិនមានឈើ យើងនឹងប្រគល់ឲ្យរដ្ឋបាលព្រៃឈើហ្នឹងហើយ។ បើសិនចាប់បានទាំងវៀតណាម ទាំងស្អីមក យើងត្រូវធ្វើសំណុំរឿងមកស្នងការ ស្នងការចាត់ចែងតាមនីតិវិធី»។
ផ្ទុយពីការអះអាងនេះ សមាជិកសហគមន៍ភូមិឡំ លោក រម៉ាស ស្វាន់ បដិសេធថា សហគមន៍មិនពាក់ព័ន្ធករណីរឹបអូស និងសម្របសម្រួលបញ្ហានេះទេ។ លោកថា ប្រសិនសហគមន៍ចាប់បានវត្ថុតាងទាក់ទិនបទល្មើសព្រៃឈើនេះ សហគមន៍នឹងប្រគល់ជូនមន្ត្រីជំនាញព្រៃឈើ ដើម្បីកសាងសំណុំរឿងទៅតុលាការ ពីព្រោះមិនមែនជាលើកទី១ទេដែលពលរដ្ឋវៀតណាម ចូលកាប់ឈើក្នុងដីខ្មែរ៖ «ពួកខ្ញុំចុះទៅដែរអត់ជួប យួន គេចុះមក ហើយប៉ូលិសគេទៅយួន គេជួបតែប៉ូលិសហ្នឹង គណៈកម្មការសហគមន៍អត់ដឹងផង បើសហគមន៍ចាប់យួន អត់មកដោះស្រាយបានទេ»។
កាលពីចុងឆ្នាំ២០១២ សហគមន៍ភូមិឡំ បានឃាត់ខ្លួនពលរដ្ឋវៀតណាម ៩នាក់ រថយន្តដឹកឈើ ១គ្រឿង ត្រាក់ទ័រ ២គ្រឿង ម៉ាស៊ីនកាត់ឈើ ៤គ្រឿង និងឈើមូលជាច្រើនដើម ដែលពលរដ្ឋវៀតណាម ឆ្លងចូលអាររំលំឈើក្នុងដីខ្មែរ ហើយដឹកជញ្ជូនចូលទឹកដីវៀតណាម។ ដោយឡែកកាលពីថ្ងៃទី៦ ខែវិច្ឆិកា សមត្ថកិច្ចប៉ូលិសស្រុកអណ្ដូងមាស និងសហគមន៍ភូមិកែត បានរកឃើញកន្លែងកាប់ឈើមួយកន្លែងនៅជាប់ប៉ុស្តិ៍ការពារព្រំដែនអូរសេដ្ឋី ខណៈពលរដ្ឋវៀតណាម ៨នាក់ មានម៉ាស៊ីនកាត់ឈើ ៦គ្រឿង និងអាវុធច្នៃមួយដើម ចូលមកកាប់ឈើនាំចូលទៅប្រទេសវៀតណាម៕
No comments:
Post a Comment
yes