ដោយ៖យ៉ន
លីណេត
ប្រជាពលរដ្ឋចំនួន២៥៣គ្រួសារ មកពីភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំក្សាន្ត
ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែមករានេះ បានលើកគ្នាមកតវ៉ាដាក់ញត្តិ នៅក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរាគមន៏
ករណីប្រធានអាជ្ញាធរជាតិព្រះវិហារ ឃុបឃិតគា្ន ជាមួយអាជ្ញាធរខេត្ត យកគ្រឿងចក្រ ឈូសឆាយ
រុះរើ និងវាយកំទេចផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ ព្រមទាំងបណ្ដេញពួកគាត់ចេញពីភូមិ
។
ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលឡើងមកតវ៉ា អ្នកស្រី
សាត ញេប បានអោយដឹងថា អាជ្ញាធរបានឃុបឃិតគ្នា នាំកងកម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រទៅឈូសឆាយផ្ទះសម្បែងរបស់ពួកគាត់
ដោយឲ្យពួកគាត់ទៅនៅកន្លែងថ្មី ប៉ុន្តែលោកស្រីថា តំបន់ដែលអាជ្ញាធរឲ្យពួកគាត់ទៅរស់នៅ
ជាតំបន់មិនអាចរស់នៅបាន សម្បូរទៅដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងៗ មួយវិញទៀតតំបន់នោះក៏គ្មានប្រភពទឹក
គ្មានភ្លើង ទៀតផង ។
អ្នកស្រីបន្តថា ភូមិស្វាយជ្រំ ជាកន្លែងដែលពួកគាត់រស់នៅតាំងពីឆ្នាំ២០០៩មក
និងបានធ្វើស្រែចម្ការដើម្បីបង្ករបង្កើតផល តែពេលនេះពួកគាត់ត្រូវប្រឈមនិងការបណ្ដេញចេញ
។ សម្លេង
តំណាងប្រជាពលរដ្ឋ២៥៣គ្រួសារ ម្នាក់ទៀតក៏បានអោយដឹងផងដែរថា រឿងហេតុដែលបណ្ដាលឲ្យមានការបណ្ដេញពួកគាត់ចេញពីភូមិ
ដើមឡើយបង្ករឡើងដោយអនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក សួស យ៉ារ៉ា ដែលបច្ចុប្បន្នជាតំណាងរាស្រ្តខេត្តព្រះវិហារ
របស់គណបក្សប្រជាជនកម្ពុជា ដែលមកសុំដីប្រជាពលរដ្ឋតាមបណ្ដាយផ្លូវជាតិប្រវែង៥០០ម៉ែត្រ
ជម្រៅចូលក្នុង៥០០ម៉ែត្រ ដែលជាកន្លែងប្រជាពលរដ្ឋរស់នៅ សម្រាប់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
តែប្រជាពលរដ្ឋមិនព្រម ជាហេតុធ្វើឲ្យលោក សួស យ៉ារ៉ា រៀបចំគម្រោងបំភ័ន្តភ្នែកថ្នាក់ដឹកនាំ
ដើម្បីបំផ្លាញភូមិស្វាយជ្រំ ដោយបណ្ដេញប្រជាពលរដ្ឋចេញពីភូមិ និងធ្វើរបាយការណ៍ឃុបឃិតគ្នា
ភូតភរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថាប្រជាពលរដ្ឋស្ម័គ្រចិត្តស្នើអាជ្ញាធរ
ឲ្យរុះរើផ្ទះសំបែង ចាកចេញពីភូមិ ដោយមានការភ័យខ្លាចសង្គ្រាមប៉ះទង្គិចគ្នាជាមួយទាហានសៀម
។
លោកបន្តថា ប្រជាពលរដ្ឋទាំង២៥៣គ្រួសារ ស្នើឲ្យរដ្ឋាភិបាល
បញ្ជូនក្រុមការងារពិសេស ដែលមានមនសិការ វិជ្ជាជីវៈត្រឹមត្រូវ ដើម្បីចុះទៅពិនិត្យ ពីការលំបាកពិតប្រាកដ
របស់ប្រជាពលរដ្ឋដែលរស់នៅភូមិស្វាយជ្រំ ។
គួរបញ្ជាក់ថា ភូមិស្វាយជ្រំ គឺជាភូមិចាស់ជំនាន់ដើម ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៦២
រីឯទំនាស់ដីធ្លីនេះ បានកើតឡើងក្នុងអំឡុងពីខែធ្នូ ឆ្នាំ២០១១ រហូតមកទល់និងពេលនេះ នៅតែមិនមានដំណោះស្រាយណាមួយសមរម្យជូនពួកគាត់នៅឡើយទេ
៕
No comments:
Post a Comment
yes