សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


សភានឹងប្រជុំធ្វើវិសោធនកម្ម ច្បាប់ប្រឆាំង
អំពើពុករលួយនៅខែមេសា

​ដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​ធ្វើ​វិសោធនកម្ម ឬ​កែប្រែ​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​នោះ​មាន​ប្រសិទ្ធភាព និង​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​សកម្មភាព​បាន ​ងាយ​ស្រួល​ជាង​មុន។

ដោយ កែវ និមល

ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​របស់​រដ្ឋ​សភា លោក ប៉ែន បញ្ញា បានមាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ខាង​មុខ​នេះ សភា​ជាតិ​នឹង​បើក​សម័យ​ប្រជុំ ហើយ​របៀបវារៈ​មួយ​ក្នុង​ចំណោម​របៀបវារៈ​ផ្សេងៗ​ទៀត​នៅ​ក្នុង​សម័យ​ប្រជុំ​ នោះ មាន​លើក​ឡើង​អំពី​ការធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ ប្រឆាំង​អំពើ​ពុករលួយ។

តាម​លោក ប៉ែន បញ្ញា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិសោធនកម្ម ឬការ​កែប្រែ​នោះ មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​១៦ ការ​បន្ថែម​មាត្រា ១០​ស្ទួន និង​ការ​លុប​ចោល​មាត្រា​៥៧ ហើយ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ទាំង​នោះ ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​មាន​ឯករាជ្យភាព​ពេញលេញ ​លើ​ថវិកា និង​មាន​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា។

​មាត្រា​៥៧ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចែង​ថា បន្ទាប់​ពី​ចូល​ជា​ធរមាន​នៃ​ច្បាប់​នេះ បទប្បញ្ញតិ្ត​ផ្សេង​ដែល​មាន​ចែង​នៅ​ក្នុង​ជំពូក​ទី​៦ នៃ​ច្បាប់​នេះ ត្រូវ​យក​មក​អនុវត្ត​ភ្លាម។ បទប្បញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​ជំពូក​ទី​៦ នៃ​ច្បាប់​នេះ មាន​អនុភាព​អនុវត្ត​ក្នុង​រយៈពេល ១២​ខែ ក្រោយ​ពេល​ដែល​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​អនុវត្ត​ទាំង​ស្រុង។ ជំពូក​ទី​៦ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ​មាន ១៨​មាត្រា រៀបរាប់​អំពី​បទ​ល្មើស​ពុករលួយ និង​ទោស។

​លោក ប៉ែន បញ្ញា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយសារ​វា​មាន​ចន្លោះ​ប្រហោង​ច្បាប់​រវាង​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល ឬ​ហៅ​ថា ច្បាប់​អ៊ុនតាក់ ជាមួយ​ក្រមព្រហ្មទណ្ឌ​ថ្មី​ដូច្នេះ គេ​ត្រូវ​លុប​ចោល​មាត្រា​៥៧ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ឲ្យ​គេ​អាច​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បានភ្លាមៗ ដោយ​មិន​ចាំបាច់​រង់ចាំ​ពេល ១២​ខែ​ក្រោយ​ពេល​ក្រមព្រហ្មទណ្ឌ​ត្រូវ​អនុវត្ត​ទាំង​ស្រុង​នោះ​ឡើយ។

​សូម​ជម្រាប​ថា ក្រមព្រហ្មទណ្ឌ​បាន​ចូល​ជា​ធរមាន​អនុវត្ត​ទាំង​ស្រុង​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ។

​នៅ​ក្នុង​សេចក្ដី​ថ្លែង​ហេតុ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ ច្បាប់ ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជ​រដ្ឋាភិបាល ផ្ញើ​ជូន​រដ្ឋ​សភា​ចុះ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ បាន​ពន្យល់​ថា ដោយសារ​ជំពូក​ទី​៦​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​រង់ចាំ​រយៈពេល ១២​ខែ​ទើប​មាន​អនុភាព​អនុវត្ត​ក្រោយ​ពេល​ដែល​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​ អនុវត្ត​ទាំង​ស្រុង​នោះ បាន​បង្កើត​ឲ្យ​មាន​ភាព​ចន្លោះ​ប្រហោង​ច្បាប់ ដោយ​ហេតុ​ថា មាត្រា​៦៧១ នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​អំពី​ការ​បាត់​អានុភាព​នៃ​ការ​អនុវត្ត​ច្បាប់​ ព្រហ្មទណ្ឌ​អន្តរកាល​ឆ្នាំ​១៩៩២។ បច្ច័យ​នៃ​ការ​រង់ចាំ​រយៈពេល ១២​ខែ នាំ​ឲ្យ​មាន​ផលវិបាក​យ៉ាង​ច្រើន​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ របស់​រាជរដ្ឋាភិបាល។ រី​ឯ​ការ​អប់រំ​ប្រឆាំងអំពើ​ពុករលួយ ក៏​បាន​អនុវត្ត​យូរ​មក​ហើយ​ដែរ ហេតុ​នេះ​ទើប​ការ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១០ បាន​សម្រេច​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ ប្រឆាំង​អំពើ​ពុករលួយ។

​ចំពោះ​មាត្រា​១៦ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ បាន​ចែង​ជាអាទិ​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​មាន​កញ្ចប់​ថវិកា​ដោយ​ឡែក​សម្រាប់​ដំណើរការ​ ដែល​ស្ថិត​នៅ​ក្នុង​កញ្ចប់​ថវិកា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។ ចំពោះ​គម្រោង​សុំ​វិសោធនកម្ម គឺ​សុំ​ឲ្យ​កញ្ចប់​ថវិកា​ដោយ​ឡែក​របស់​ស្ថាប័នប្រឆាំង​អំពើ​ពុករលួយ​ស្ថិត​ នៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ​វិញ។

​ចំពោះ​គម្រោង​ធ្វើ​វិសោធនកម្ម​មាត្រា​១០​វិញ គឺ​រៀបចំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ចុះ​ហត្ថលេខា ​លើ​ប្រកាស​ស្ដីពី​ការ​រៀបចំ​រចនា​សម្ព័ន្ធ​របស់​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ ចាប់​ពី​ថ្នាក់​ក្រោម​នាយកដ្ឋាន និង​ប្រកាស​តែងតាំង​មន្ត្រី​ក្របខ័ណ្ឌ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ ពី​ថ្នាក់​ក្រោម​ប្រធាន​នាយកដ្ឋាន​។

​លោក សុន ឆ័យ សមាជិក​សភា​មក​ពី​គណបក្ស សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​សេចក្ដី​ព្រាង​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​របស់​ច្បាប់​ ប្រឆាំង​អំពើ​ពុករលួយ​នេះ​ដែរ។ លោក​យល់​ថា វិសោធនកម្ម​នេះ​មិន​មាន​អ្វី​ប្លែក​ទេ ពីព្រោះ​ដើម្បី​ឲ្យ​ច្បាប់​នេះ​អនុវត្ត​មាន​ប្រសិទ្ធភាព​បាន ទាល់​តែ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​ទៀត​ផង​ដែរ ដូច​ជា​បញ្ហា​ថា ទោះ​បី​ជា​ថវិកា​នៅ​ក្នុង​កញ្ចប់​ថវិកា​ជាតិ ក៏​ការ​កំណត់​ចំនួន​ថវិកា​ឲ្យ​នោះ​នៅលើ​នាយករដ្ឋមន្ត្រី​ដដែល​ទេ។ ទី​២ ច្បាប់​នេះ​មិន​បាន​បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​មានសេចក្ដី​ក្លាហាន​ចូល​រួម ​ចំណែក​រាយការណ៍​ពី​ជន​ពុករលួយ​ឡើយ ពីព្រោះ​អាច​មាន​ទោស​ពី​បទ​បរិហារ​កេរ្តិ៍ ទី​៣ ការ​ត្រួត​ពិនិត្យ​មើល​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ គឺ​មាន​តែ​ប្រធាន​ក្រុម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​ម្នាក់​ប៉ុណ្ណោះ មាន​សិទ្ធិ​បើក​មើល​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ។

​លោកស្រី ម៉ម ស៊ីថា ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើ​ពុករលួយ ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា ការធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ វា​ជា​ការ​ល្អហើយ តែ​សំខាន់​តើ​វា​អនុវត្ត​មាន​ប្រសិទ្ធភាព ឬ​ទេ ក្រោយ​ពេល​វិសោធនកម្ម​នេះ?

​លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មាន​មន្ត្រី​រាជការ​ដែល​តែងតាំង​ដោយព្រះរាជ​ក្រឹត្យ និង​អនុក្រឹត្យ​ប្រមាណ ១០​ម៉ឺន​នាក់ ដែល​មាន​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ ហើយ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នេះ បាន​កំណត់​កាល​បរិច្ឆេទ​ចុងក្រោយ

ត្រឹម​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ​នេះ។ កន្លង​មក​មាន​អ្នក​ឧកញ៉ា​មួយ​ចំនួន​ដែល​មាន​តួនាទី​នៅ​ក្នុង​រដ្ឋាភិបាល​បាន ​សុំ​លាលែង​តំណែង​ពី​ក្នុង​រដ្ឋាភិបាល ដើម្បី​ចៀសវាង​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន៕

No comments:

Post a Comment

yes